(ភ្នំពេញ)៖ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩នេះ បានរៀបចំកិច្ចប្រជុំប្រកាសសមាសភាពថ្មី របស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខ អាកាសចរស៊ីវិល (គ.ជ.ស.អ) ក្នុងគោលបំណង ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការគ្រប់គ្រងសន្តិសុខអាកាសចរស៊ីវិលនៃកម្ពុជា ពិសេសពង្រឹងប្រសិទ្ធភាពការងារ ចំពោះការវិលត្រឡប់របស់ក្រុមឧទ្ទាមក្បត់ជាតិ សម រង្ស៊ី។
កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងជាអនុប្រធានប្រចាំការ តំណាងលោកកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការ គណៈរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិ សន្តិសុខ អាកាសចរស៊ីវិល និងមានការចូលរួមពីនាយកដ្ឋានជំនាញពាក់ព័ន្ធ។
គួរបញ្ជាក់ផងដែរថា លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខ អាកាសចរស៊ីវិល (គ.ជ.ស.អ) បានចាប់ដំណើរការ តាំងពីឆ្នាំ២០១៤មកម្ល៉េះ។
លទ្ធផលអង្គប្រជុំបានសម្រេច ក្រោយពីការប្រកាសសមាសភាពថ្មី និងបញ្ហាមួយចំនួន ដែលលើកឡើងរបស់សមាជិកអង្គប្រជុំ និងការផ្តល់អនុសាសន៍ណែនាំ របស់លោកបណ្ឌិតរដ្ឋមន្ត្រី ដូចខាងក្រោម៖
* ជំរុញ SCA ឲ្យពង្រឹងលើផ្នែកសន្តិសុខ ក្នុងការចេញ-ចូលបរិវេណព្រលានយន្តហោះ ហើយពន្លឿនការសាងសង់បន្ថែមស្ថានីយ៍អ្នកដំណើរ និងផ្លូវរត់ ឲ្យបានធំទូលាយជាងបច្ចុប្បន្ននេះ ដើម្បីទទួលការចុះចត ការហោះហើររបស់យន្តហោះនានាទាំងជាតិ និងអន្តរជាតិ និងទទួលភ្ញៀវទេសចរបានច្រើន។
* ត្រូវឲ្យមានការសហប្រតិបត្តិការគ្នា រវាងកងពលតូចថ្មើរជើងលេខ៧០ នគរបាលអន្តោប្រវេសន៍ និងផ្នែកពាក់ព័ន្ធដ៏ទៃទៀត ឲ្យបានល្អប្រសើរ ធ្វើយ៉ាងណាការពារឲ្យបាននូវសុខសុវត្ថិភាព ចំពោះអ្នកដំណើរគ្រប់ប្រភេទ។
* ត្រូវធ្វើបញ្ជីបច្ចុប្បន្នភាព បទបញ្ជាផ្ទៃក្នុង ដោយត្រូវបែងចែកតួនាទីភារកិច្ច ឲ្យបានច្បាស់លាស់ និងផែនការសកម្មភាព បន្ថែមលើការងារចាស់ ឲ្យមានប្រសិទ្ធភាពខ្ពស់៕