(ភ្នំពេញ)៖ លោក គ្រីស្ទាន បែកហ្គឺ (Christian Berger) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំនៅកម្ពុជា បានអះអាងថា ក្នុងបេសកកម្មការទូតរបស់លោកនៅកម្ពុជានេះ នឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងអាល្លឺម៉ង់ ឱ្យកាន់តែរឹងមាំឡើងនៅគ្រប់វិស័យ មានវិស័យអប់រំ សុខាភិបាល និងអភិបាលកិច្ចជាដើម។
ការអះអាងបែបនេះរបស់ លោកឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានធ្វើឡើងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោកត្រូវបាន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការ នៅវិមានរដ្ឋសភា។
ឯកអគ្គរដ្ឋទូត បានកត់សម្គាល់ថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការកម្ពុជា អាល្លឺម៉ង់ បានកំពុងដំណើរការល្អ ដោយនៅក្នុងនោះ ប្រទេសទំាងពីរ បានធ្វើការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមក ជាបន្តបន្ទាប់។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានស្វាគមន៍បេសកកម្មការទូតរបស់លោក គ្រីស្ទាន បែកហ្គឺ នៅកម្ពុជា។ សម្តេចបានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជា សូមគាំទ្រ និងសន្យាធ្វើកិច្ចសហប្រតិបត្តិការឱ្យបានពេញលេញ ដើម្បីបេសកកម្មការទូតរបស់លោកនៅកម្ពុជា ទទួលបានជោគជ័យ។
សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា អាល្លឺម៉ង់ជាប្រទេសមួយ នៅក្នុងចំណោមប្រទេសសមាជិកសហភាពអឺរ៉ុប ដែលបាននំាចូលទំនិញពីកម្ពុជា ច្រើនជាងគេ ក្នុងចំណោមប្រទេសសមាជិកសហភាពអឺរ៉ុប ហើយអាល្លឺម៉ង់ជាប្រទេស ដែលបានផ្តល់ជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់កម្ពុជា លើគំរោងការអភិវឌ្ឍន៍នានា ជាង៧០គម្រោងកន្លងមកនេះ។
សូមជម្រាបថា កម្ពុជានិងសហព័ន្ធអាល្លឺម៉ង់ មានទំនាក់ទំនងការទូតជាមួយគ្នា តាំងពីចុងឆ្នាំ១៩៦៧ ហើយទំនាក់ទំនងដ៏ល្អនេះ ត្រូវបានបន្តលើកកម្ពស់កាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ៕