(ភ្នំពេញ)៖ លោក ហ្សង់ ហ្វ្រង់ស័រតាន់ ប្រធានគ្រប់គ្រងការផ្សាយជាខេមរភាសារបស់វិទ្យាបារាំងអន្តរជាតិ បានសម្តែងការហួសចិត្តចំពោះជនក្បត់ជាតិ សម រង្ស៉ី ដែលបានចោទវិទ្យុបារាំងអន្តរជាតិថា មានភាពលំអៀងទៅរករាជរដ្ឋាភិបាល។

ទន្ទឹមនឹងការហួសចិត្តហើយនោះ លោក ហ្សង់ ហ្វ្រង់ស័រតាន់ ក៏បានប្រើសម្តីស្តីបន្ទោសឱ្យជនក្បត់ជាតិ សម រង្ស៉ី នេះផងដែរ ដោយប្រើន័យធៀបថា «ជាងមិនកើត ទៅបន្ទោសដែក»។ ពាក្យមួយឃ្លានេះ ប្រហែលជាលោក ហ្សង់ ហ្វ្រង់ស័រតាន់ ចង់ស្តីឱ្យជនក្បត់ជាតិនេះ គ្មានសមត្ថភាពឆ្លើយនឹងសំណួររបស់អ្នកព័ត៌មានខ្លួនឯង បែរជាទៅបន្ទោស ឬទម្លាក់កំហុសឱ្យគេថា មានភាពលំអៀង ឬបម្រើរាជរដ្ឋាភិបាលកម្ពុជា ទៅវិញ។

សូមបញ្ជាក់ថា ការហួសចិត្តនិងការប្រើពាក្យពេចន៍ស្តីបន្ទោសរបស់លោក ហ្សង់ ហ្វ្រង់ស័រតាន់ ទៅកាន់ជនក្បត់ជាតិ សម រង្ស៉ី បានធ្វើឡើងបន្ទាប់ពីជនក្បត់ជាតិរូបនេះ បានវាយប្រហារ និងចោទប្រកាន់វិទ្យុបារាំងអន្តរជាតិផ្សាយជាខេមរភាសាថា មានភាពលំអៀងទៅរករាជរដ្ឋាភិបាល ឬសម្តេចតេជោ ហ៊ុន សែន។

ការចោទប្រកាន់របស់ជនក្បត់ជាតិរូបនេះ បានកើតមានឡើងបន្ទាប់ពីត្រូវបានលោក គួច គន្ធារ៉ា អ្នកព័ត៌មានចាស់វស្សាប្រចាំនៅស្ថានីយវិទ្យុបារាំងក្នុងទីក្រុងប៉ារីស ក្នុងកម្មវិធីផ្សាយកាលពីថ្ងៃទី២៩ ខែតុលា កន្លងទៅនេះ បានឈ្លេចសួរជាច្រើនពាក់ព័ន្ធគម្រោងវិលចូលប្រទេសវិញរបស់ជនក្បត់ជាតិរូបនេះនាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ។

ការសួរប្រដេញពីសំណួរមួយ ទៅកាន់សំណួរលើគម្រោងវិលចូលស្រុកនេះ ធ្វើឱ្យជនក្បត់ជាតិ សម រង្ស៉ី ឆ្លើយមិនរួច រហូតចោទអ្នកព័ត៌មានវិទ្យុបារាំង គ្មានវិជ្ជាជីវៈថែមទៀតផង។

តាមរយៈបទសម្ភាសន៍ជាមួយវិទ្យុបារាំងនេះ ជនក្បត់ជាតិ សម រង្ស៉ី បានរងភាពអាម៉ាស់ជាខ្លាំង ដ្បិតមិនអាចឆ្លើយឱ្យបានច្បាស់លាស់ចំពោះគម្រោងវិលត្រឡប់ចូលស្រុករបស់ខ្លួន ក៏ដូចជាការប្រមាថទៅលើព្រះចេស្តាព្រះមហាក្សត្រខ្មែរជាដើមនោះ។

សូមរំលឹកថា ការប៉ះទង្គិចពាក្យសម្តីរវាងជនក្បត់ជាតិ សម រង្ស៉ី ជាមួយថ្នាក់ដឹកនាំការផ្សាយវិទ្យុបារាំងជាខេមរភាសានាពេលនេះមិនមែនជាលើកទីមួយនោះឡើយ។ នាពេលកន្លងទៅជនក្បត់ជាតិ សម រង្ស៉ី ធ្លាប់បានប៉ះសម្តីជាមួយថ្នាក់ដឹកនាំវិទ្យុបារាំងផ្សាយជាខេមរភាសាផងដែរ នៅពេលវិទ្យុអព្យាក្រិត្យមួយនេះ ព្យាយាមធ្វើតាមវិជ្ជាជីវៈ ដោយមិនសម្របតាមអ្វីដែលខ្លួនចង់បាននោះ៕