(កណ្ដាល)៖ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង (CDX) សហការជាមួយគណៈកម្មការមូលបត្រកម្ពុជា និងរដ្ឋបាលខេត្តកណ្ដាល បានរៀបចំសិក្ខាសាលាមួយនៅខេត្តកណ្ដាល ដែលសិក្ខាសាលាជាគោលដៅ ទី៧ នៃសិក្ខាសាលាតាមបណ្ដាខេត្តឆ្នាំ២០១៩។

សិក្ខាសាលានេះរៀបចំឡើងក្រោមប្រធានបទ «អ្វីជាការជួញដូរឧបករណ៍និស្សន្ទ៖ ការត្រៀមខ្លួន ការវិនិយោគ និងការយល់ដឹងពាក់ព័ន្ធ?» សិក្ខាសាលានេះមានគោលបំណង ចែករំលែកចំណេះដឹង, ជំនាញ បទពិសោធន៍, បទប្បញ្ញាត្តិ និងឱកាសវិនិយោគ ដល់សាធារណៈជននៅទូទាំងកម្ពុជា។

ឧបករណ៍និស្សន្ទ គឺសំដៅដល់កិច្ចសន្យាលើគម្លាតថ្លៃ នៃឧបករណ៍ហិរញ្ញវត្ថុដើម ដែលចេញពីមូលបត្រកម្មសិទ្ធ មូលបត្របំណុល សន្ទស្សន៍លោហៈធាតុមានតម្លៃ ប្រេងឆៅ ឧស្មន័ធម្មជាតិ កសិផល រូបិយវត្ថុ រួមទំាងគ ម្រោង ការ ពារថ្លៃដើម ជាដើមនិងដែលត្រូវបានជួញដូរក្នុងទីផ្សារ។ ឧបករណ៍នស្សន្ទទំាងនេះ គឺជាឧបករណ៍ហិរញ្ញវត្ថុដែលជាប្រភេទមួយនៃមូលបត្រ។

សិក្ខាសាលានេះរៀបចំឡើងក្រោមការចូលរួមពីលោក សុខ ដារ៉ា អគ្គនាយករងនៃ គណៈកម្មការមូលបត្រកម្ពុជា និងលោក នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាលផងដែរ។

លោក នូវប៉េង ច័ន្ទតារា បានលើកឡើងពីសក្ដានុពលនៃខេត្តកណ្ដាល និងបង្ហាញពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍគ្រប់វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ច ដែលស្ដែងឱ្យឃើញ តាមរយៈការធ្វើកំណែទម្រង់សេដ្ឋកិច្ច ដែលជួយឲ្យកម្ពុជាបាននឹងកំពុង មានកំណើនសេដ្ឋកិច្ចនៅក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ។

តាមរយៈសិក្ខាសាលានេះលោក នូវប៉េង ច័ន្ទតារា ក៏រំពឹងថា សិក្ខាកាមនឹងទទួលបានចំណេះដឹង ផ្នែកហិរញ្ញវត្ថុបន្ថែម ជាពិសេសលើទីផ្សារឧបករណ៍និស្សន្ទ។

លោក សុខ ដារ៉ា បានបង្ហាញពីស្ថានភាពបច្ចុប្បន្ននៃ ទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា ក៏ដូចជាគោលជំហរ របស់គណៈកម្មការមូលបត្រកម្ពុជា ក្នុងការពង្រីកការអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទបន្ថែមទៀត។ លោកបានលើកទឹកចិត្តឱ្យវិនិយោគិនបង្កើនចំណេះដឹង និងត្រៀមខ្លួនរួចរាល់ សម្រាប់ការវិនិយោគ លើឧបករណ៍និស្សន្ទ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

លោកបានថ្លែងឲ្យដឹងថា «ទីផ្សារឧបករណ៍និស្សន្ទ ផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតឱកាសការងារ សម្រាប់និស្សិតដែលបានបញ្ចប់ការសិក្សាពី សាកលវិទ្យាល័យ ការបង្កើតឱកាសរកប្រាក់ចំណូលពី ការវិនិយោគ, ការផ្លាស់ប្តូរទម្លាប់ពី ការសន្សំមកជាការវិនិយោគ, ការបង្កើតជម្រើសថ្មីនៃ ការវិនិយោគ ការបង្វែរការវិនិយោគពី ក្រៅស្រុកមកក្នុងស្រុក និងការបង្កើនចំណូលជូនរដ្ឋតាមរយៈការបង់ពន្ធជាដើម»

លោក Lawrence Kook អភិបាលនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង បានបង្ហាញពីក្ដីរំពឹងខ្ពស់ របស់លើសិក្ខាសាលាតាមបណ្ដាខេត្ត និងជឿជាក់ថា នឹងផ្ដល់អត្ថប្រយោជន៍ច្រើន ដល់វិនិយោគិនដែលវិនិយោគលើ ផលិតផលឧបករណ៍និស្សន្ទទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែង។

លោក Lawrence Kook ក៏បានប្ដេជ្ញាអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា ឱ្យកាន់តែមានភាពល្អប្រសើរ និងមានការទទួលស្គាល់នៅទូទាំងពិភពលោក។ លោក Lawrence ថា «មុនបំណាច់ឆ្នាំ២០១៩នេះ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង និងគណៈកម្មការមូលបត្រកម្ពុជា ធ្វើដំណើរនិងផ្ដល់ចំណេះជំនាញវិនិយោគ ដល់សាធារណៈជននៅគ្រប់ខេត្តក្រុងទាំងអស់នៃប្រទេសកម្ពុជា។ ទាំងនេះជាប្រវត្តិសាស្រ្តគួរឱ្យ ចាប់អារម្មណ៍នៅកម្ពុជា ព្រមទាំងបន្តផ្សព្វផ្សាយអំពីប្រទេសកម្ពុជា និងទាក់ទាញវិនិយោគិនបរទេសកម្ពុជា»

លោកបានបញ្ជាក់ថា គិតមកដល់បច្ចុប្បន្ននេះក្រុមហ៊ុន CDX និងគណៈកម្មការមូលបត្រកម្ពុជា បានសហការជាមួយរដ្ឋបាលខេត្ត ក្នុងការរៀបចំសិក្ខាសាលាតាមបណ្ដាខេត្ត ក្នុងខេត្តចំនួន១២រួចមកហើយ រួមមាន៖ ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តតាកែវ ខេត្តកំពត ខេត្តកែប ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន និងខេត្តកណ្ដាលនេះតែម្ដង។

លោកបន្ថែមថា នៅលើឆាកអន្តរជាតិវិញក្រុមហ៊ុន CDX ធ្លាប់បានចូលរួមពិព័រណ៍ និងព្រឹត្តិការណ៍ហិរញ្ញវត្ថុធំៗដូចជា៖ ពិព័រណ៍ iFX Expo ឆ្នាំ២០១៨ នៅប្រទេសសាយប្រឺស, ពិព័រណ៍ London Summit ឆ្នាំ២០១៨នៅចក្រភពអង់គ្លេស និងពិព័រណ៍ iFX Expo Aisa ២០១៩នៅទីក្រុងហុងកុង។

សូមជម្រាបថា ក្រុមហ៊ុន CDX មានដៃគូសហការអន្តរជាតិជាច្រើននៅអូស្រ្តាលី សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ប្រទេសឥណ្ឌូនេស៊ី ប្រទេសមីយ៉ាន់ម៉ា ទីក្រុងហុងកុង និងទីក្រុងឌូបៃជាដើម។
សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកក្រុមហ៊ុនតាមរយៈគេហទំព័រ www.cdx.com.kh  ឬទំព័រហ្វេសប៊ុក Cambodian Derivatives Exchange ឬទូរស័ព្ទមកលេខ ០២៣ ២២ ៧៧ ៧៧៕