(ត្បូងឃ្មុំ)៖ លោកឧត្តមសេនីយ៍ឯក គឹម រស្មី អគ្គលេខាធិការរងក្រសួងការពារជាតិ ទទួលបន្ទុកការងារមជ្ឈមណ្ឌលបណ្តុះបណ្តាលការងាររដ្ឋបាល នៃកងយោធពលខេមរភូមិន្ទ តំណាងនាយឧត្តមសេនីយ៍ សំ វណ្ណថន អគ្គលេខាធិការក្រសួងការពារជាតិ ដឹកនាំសិក្ខាកាមវគ្គបណ្តុះបណ្តាលការងាររដ្ឋបាល និងឋានលេខា (វគ្គពិសេស) ឆ្នាំ២០១៩ និងនាយទាហាន ក្នុងអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ ជាង៣០០នាក់ ទៅធ្វើទស្សនកិច្ចសិក្សា នៅតំបន់ប្រវត្តិសាស្រ្ត។
តំបន់ប្រវត្តិសាស្ដ្រ ដែលលោកឧត្តមសេនីយ៍ឯក គឹម រស្មី ដឹកនាំសិក្ខាកាមទៅនោះ គឺកន្លែងដែលសម្តេចតេជោ ហ៊ុន សែន ចេញដំណើរតស៊ូឆ្ពោះទៅរក ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត រំដោះប្រទេសជាតិនាឆ្នាំ១៩៧៩ ទស្សនកិច្ចសិក្សាចាប់ផ្តើមចេញពីភូមិសាស្រ្ត ភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងបន្តចូលតំបន់ប្រវត្តិសាស្រ្តមួយចំនួនទៀត ក្នុងទឹកដីខេត្តប៊ិញភឿក នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ដំណើរទស្សនកិច្ចនៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩នេះ ដោយអនុវត្តតាមផែនការងារហ្វឹកហ្វឺន អប់រំចិត្តសាស្ដ្រ ក្នុងកងយោធពលខេមរភូមិន្ទ ស្របតាមសភាពការណ៍នយោបាយបច្ចុប្បន្ន និងអនុវត្តនូវបទបញ្ជាដឹកនាំរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងក្រសួងការពារជាតិ។
លោកឧត្តមសេនីយ៍ឯក គឹម រស្មី បានថ្លែងទៅកាន់សិក្ខាកាម និងនាយទាហាន ក្នុងដំណើរទស្សនកិច្ចសិក្សានេះថា ការចាកចេញពីមាតុភូមិរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំ១៩៧៧ គឺជាបេសកកម្មប្តូរជីវិតដើម្បីជាតិ ហើយវីរភាពរបស់សម្តេចតេជោ ត្រូវបានកត់ត្រាទុក្ខប្រវត្តិសាស្រ្ត សម្រាប់កម្ពុជាគ្រប់ជំនាន់។ ប្រជាពលរដ្ឋខ្មែរគ្រប់រូប ពិតជាមិនអាចបំភ្លេចនូវគុណសម្បត្តិដ៏ធំធេង មិនអាចកាត់ថ្លៃបានរបស់សម្តេចតេជោឡើយ ដូច្នេះយើងទាំងអស់គ្នា ទោះតម្លៃណាក៏ដោយ ដាច់ខាតការពាឲ្យបាននូវសន្តិភាពដែលរកបានដោយកម្រនេះ។
លោកបានគូសបញ្ជាក់ថា ទស្សនកិច្ចសិក្សានេះ ពិតជាផ្តល់នូវសារប្រយោជន៍យ៉ាងសំខាន់ ដល់ការងារអប់រំចិត្តសាស្រ្ត ដល់កងយោធពលខេមរភូមិន្ទ ដើម្បីធានាបាននូវស្មារតីដាច់ខាតក្នុងការការពារជាតិ សាសនា ព្រះមហាក្សត្រ និងខិតខំបន្តថែរក្សាការពារ ចំណងមិត្តភាពកម្ពុជា-វៀតណាម ឲ្យកាន់តែល្អប្រសើរ ធានាបាននូវសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍសម្រាប់ប្រទេសទាំងពីរ ពិសេសការងារសន្តិសុខ នៅតាមតំបន់ព្រំដែន នៃប្រទេសទាំងពីរ វៀតណាម-កម្ពុជា សម្ដៅប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់អភិវឌ្ឍន៍ ការសំរួលពាណិជ្ជកម្មឆ្លងដែន ទេសចរណ៍ អប់រំ កីឡា និងសុខាភិបាល នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម។
ប្រតិភូទស្សនកិច្ចសិក្សាខាងលើ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីកងទ័ព និងអាជ្ញាធរ នៃសាធារណរដ្ឋសង្គមវៀតណាម៕