(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបំពាក់ប្រព័ន្ធទាញយកថាមពលមកប្រើប្រាស់ឡើងវិញ ឬហៅថា Energy Recovery System ក្នុងសង្វាក់ផលិតកម្មស្រាបៀរកម្ពុជា ដើម្បីស្រូបទាញយកថាមពល ដែលបានពីការផលិតស្រាបៀរ យកមកប្រើប្រាស់ឡើងវិញ ក៏ដូចជាកាត់បន្ថយផ្សែងបំពុល ទៅកាន់បរិយាកាសផងដែរ។

ប្រព័ន្ធនេះដំណើរការដោយស្វ័យប្រវត្តិ ត្រូវបានផ្គត់ផ្គង់ដោយក្រុមហ៊ុន Krones របស់ប្រទេសអាល្លឺម៉ង់ ដែលជាក្រុមហ៊ុនផលិតម៉ាស៊ីនផលិតស្រាបៀរឈានមុខគេ នៅក្នុងពិភពលោក។ លើសពីនេះ ប្រព័ន្ធទាញយកថាមពលមកប្រើប្រាស់ឡើងវិញ បានជួយកាត់បន្ថយចំហាយចេញពីឡកម្ដៅដែលបានប្រើ សម្រាប់ផលិតស្រាបៀរ និងបានចូលរួមកាត់បន្ថយផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ ដោយការទប់ថាមពលកម្តៅ មិនឲ្យភាយទៅក្នុងបរិយាកាស។

គួរបញ្ជាក់ថា សីតុណ្ហភាពកម្ដៅ ដែលបានមកពីប្រព័ន្ធទាញយកថាមពលមកប្រើប្រាស់ឡើងវិញ អាចយកមកកម្ដៅទឹករងូរបានយ៉ាងល្អ ដែលផ្ដល់ភាពងាយស្រួលទ្វេរដង ក្នុងការស្ងោរស្រាបៀរ និងចំនេញពេល វេលាសម្រាប់ការផលិតស្រាបៀរផងដែរ។

មុខងារដ៏ពិសេសរបស់ប្រព័ន្ធទាញយកថាមពល មកប្រើប្រាស់ឡើងវិញនេះ មានតួនាទីទាញយកចំហាយកម្ដៅពីប្រភព ចំហាយធំពីរគឺ ការស្ងោរទឹករងូរ និងការបញ្ចុះសីតុណ្ហភាពទឹករងូរ តាមរយៈការបំលែងកម្តៅយក មករក្សាទុកក្នុងធុងកម្ដៅ ឬ Energy Storage Tank ដែលអាចរក្សាកម្តៅរហូតដល់ ៩៨អង្សារសេ សម្រាប់យកមកប្រើប្រាស់ ជាមួយម៉ាស៊ីនដទៃទៀត ដូចជាឆ្នាំងស្ងោរអង្ករ ឆ្នាំងស្ងោរស្រូវសាលី ហើយកម្តៅដែលរក្សាទុកនេះ ថែមទាំងអាចប្រើសម្រាប់បង្កើនកម្ដៅទឹករងូរ ដែលត្រូវការសីតុណ្ហភាពតិចជាង៩៨អង្សារសេ៕