(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងប្រកាស ស្តីពី «ការគ្រប់គ្រងអាជីវកម្ម អភិវឌ្ឍអចលនវត្ថុ» ជាមួយស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុនអភិវឌ្ឍលំនៅឋាន និងក្រុមហ៊ុនប្រកបអាជីវកម្មពុះដីឡូត៍ ក្រោមអធិបតីភាពរបស់ លោកស្រី ងួន សុខា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោកស្រី ងួន សុខា បានបញ្ជាក់ថា នេះជាលើកទី៣ ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើការកែសម្រួល សេចក្តីព្រាងប្រកាសនេះ ដើម្បីឱ្យស្របតាមការវិវត្ត នៃកំណើនសេដ្ឋកិច្ច និងទីផ្សារអចលនវត្ថុនៅកម្ពុជា។ ការកែសម្រួលនូវបទប្បញ្ញត្តិបែបនេះ មិនមែនមានតែនៅប្រទេសកម្ពុជាយើងនោះទេ ប្រទេសផ្សេងៗទៀត ក៏មានការកែសម្រួលបែបនេះដែរ ដើម្បីធានានិរន្តរភាពនៃសេដ្ឋកិច្ច នយោបាយ និងសង្គម។

លោកស្រីបន្តថា ស្របពេលជាមួយគ្នានេះ យើងពិនិត្យឃើញថា អាជីវកម្មពុះដីឡូត៍លក់ ក៏មានសកម្មភាពរីកចម្រើនហួសពីការស្មាន។ ការរីកលូតលាស់យ៉ាងឆាប់រហ័សបែបនេះ ចៀសមិនផុតពីការបង្កើតឱ្យមាន ការឆកល្វែងក្នុងការគ្រប់គ្រង ការបង្កនូវហានិភ័យ និងបង្កើតឱ្យមានអំពើកេងចំណេញ (ការឆបោក) នៅក្នុងអាជីវកម្មនោះទេ។ ដូច្នេះទើបរាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំ និងកែសម្រួលបទប្បញ្ញត្តិ នៃការគ្រប់គ្រងវិស័យអចលនវត្ថុនេះម្តងហើយម្តងទៀត សំដៅធ្វើយ៉ាងណាពង្រឹង នូវការគ្រប់គ្រងតាម រយៈការធ្វើប្រតិភូកម្ម នូវយន្តការគ្រប់គ្រងមួយចំនួន ជូនដល់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត ដើម្បីជួយគ្រប់គ្រង និងត្រួតពិនិត្យលើបណ្តាលអាជីវកម្ម អភិវឌ្ឍអចលនវត្ថុខ្នាតតូចមួយចំនួន ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

គួរបញ្ជាក់ផងដែរថា កន្លងមកក្រសួង បានធ្វើប្រតិភូកម្មលើការគ្រប់គ្រងអាជីវកម្មទទួលបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ជូនដល់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានី-ខេត្ត ដែលជាសេនាធិការឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអ្នកគ្រប់គ្រងរាល់អាជីវកម្មខ្នាតតូច។ ការអនុវត្តនូវយន្តការបែបនេះ គឺដើម្បីពង្រឹងការគ្រប់គ្រង ឱ្យដល់មូលដ្ឋានថ្នាក់ក្រោមជាតិ និងដើម្បីផ្តល់ឱកាស ឱ្យអ្នកប្រកបអាជីវកម្មខ្នាតតូច បានទទួលសេវានៅជិតខ្លួន ដោយមិនចាំបាច់ចំណាយពេលវេលា ធ្វើដំណើរឆ្ងាយមកក្រសួង។

ឆ្លៀតក្នុងឱកាសនេះផងដែរ លោកស្រី ងួន សុខា ក៏បានស្នើឱ្យអង្គសិក្ខាសាលាទាំងមូល យកចិត្តទុកដាក់ និងចូលរួមផ្តល់នូវធាតុចូលបន្ថែម ធ្វើយ៉ាងណាឱ្យសេចក្តីព្រាងប្រកាសថ្មីនេះ អាចអនុវត្តបានប្រកបដោយប្រសិទ្ធ និងតម្លាភាព នាពេលខាងមុខ៕