(ភ្នំពេញ)៖ បុណ្យកឋិនទានសាមគ្គីដែលផ្តួចផ្តើមឡើង ដោយគណៈអភិបាលរាជធានីភ្នំពេញ ក្រុមប្រឹក្សារាជធានីភ្នំពេញ មន្ត្រីរាជការអាជ្ញាធរដែនដី និងមន្ទីរអង្គភាពជុំវិញ រាជធានីភ្នំពេញ ប្រមូលបានបច្ច័យចំនួន ១០ម៉ឺនដុល្លារ ដើម្បីវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា អស់កាលត្រីមាសក្នុងពុទ្ធសីមាវត្តចំនួន២ នោះគឺវត្តព្រះបារមីវង្គតបូរីកបិលភ័ស្ថ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងវត្តវិមានតេជះ (ហៅវត្តស្រះចក) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ដឹកនាំអង្គកឋិនទាននេះដង្ហែរមកវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមាវត្តព្រះបារមីវង្គតបូរីកបិលភ័ស្ថ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ចំណែកលោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានី ជាអ្នកដឹកនាំអង្គកឋិនទានដង្ហែរមកវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមាវត្តវិមានតេជះ(ហៅវត្តស្រះចក)ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
គួរបញ្ជាក់ថា បច្ច័យចំនួន ១០ម៉ឺនដុល្លារនេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រគេនដល់ដែលគង់នៅវត្តព្រះបារមីវង្គតបូរីកបិលភ័ស្ថ ចំនួន ៥ម៉ឹនដុល្លារ និងប្រគេនដល់ព្រះសង្ឃនៅវត្តស្រះចក ចំនួន៥ ម៉ឺនដុល្លារដូចគ្នា៕