(ភ្នំពេញ)៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ ដឹកនាំការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស) បានដឹកកិច្ចប្រជុំ គណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងមានការចូលរួមពីសំណាក់លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខា ប្រតិភូរាជរដ្ឋាភិបាល អគ្គលេខាធិការ អគ្គាធិការ អគ្គនាយក ព្រមទាំងសហការី និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
កិច្ចប្រជុំនេះ ផ្តោតសំខាន់លើការត្រួតពិនិត្យតាមដានវឌ្ឍនភាព នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣ ប្រចាំត្រីមាសទី៣ ឆ្នាំ២០១៩។ កិច្ចប្រជុំនេះ បានរៀបចំធ្វើឡើង នៅទីស្តីការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩។
តាមរយៈរបាយការណ៍បូកសរុប, ក្នុងត្រីមាសទី៣ ឆ្នាំ២០១៩នេះ, គ្រប់ផ្នែកនៃផែនការសកម្មភាពរួម នៃការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បន្តមានវឌ្ឍនភាពល្អ និងវិជ្ជមាន។ ជាទូទៅ, ការប្រមូលចំណូល និងការអនុវត្តចំណាយ នៅបន្តមានសុខភាពល្អធៀបនឹងឆ្នាំមុនៗ និងនៅរក្សាបាននិន្នាការល្អប្រសើរ ទៅតាមការគ្រោងទុក ។
ក្នុងរយៈពេល៩ខែនេះ, រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលចំណូលថវិការដ្ឋសរុប ស្មើនឹង ៩០ភាគរយ ធៀបនឹងច្បាប់ថវិកាឆ្នាំ ២០១៩ ដែលទិន្នផលចំណូលនេះ បានពីការប្រមូលដោយពន្ធគយ និងរដ្ឋាករ ប្រមាណ ៤៩ភាគរយ, ពន្ធដារប្រមាណ៣២ភាគរយ, ចំណូលមិនមែនសារពើពន្ធ ប្រមាណ១២ភាគរយ និង ចំណូលផ្សេងៗ ប្រមាណ៦ភាគរយ។ រីឯការអនុវត្តចំណាយស្ថិតក្នុងស្ថានភាពដែលអាចគ្រប់គ្រងបាន។ សម្រាប់ការអនុវត្ត សកម្មភាពនៃការងារកែទម្រង់, ទាំងក្របខណ្ឌនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រប-ខណ្ឌក្រសួង-ស្ថាប័ន, កំំពុងបន្តមានវឌ្ឍនភាពល្អប្រសើរ ដែលត្រូវបានរំពឹងទុកថាអាចសម្រេចបានគោលដៅប្រចាំឆ្នាំ។
លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានណែនាំអំពីកិច្ចការគន្លឹះៗ មួយចំនួនទៀត ត្រូវបន្តពង្រឹងក្នុងអនុវត្ត កសាង និងរៀបចំបញ្ចប់ រួមមានជាអាទ៍ ការរៀបចំបញ្ចប់លិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ នឹងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ, ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ, ផែនការសកម្មភាពលម្អិត សម្រាប់អនុវត្តយុទ្ធសាស្ត្រគន្លឹះៗនានា ដូចជា យុទ្ធសាស្ត្រកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ ឆ្នាំ២០១៩-២០២៥, យុទ្ធសាស្ត្រកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ ២០១៩-២០២៥, យុទ្ធសាស្ត្រកៀរគរចំណូល ២០១៩-២០២៣, និងអនុក្រឹត្យស្តីពីការគ្រប់គ្រងគម្រោងវិនិយោគសាធារណៈ ជាដើម ។
ទន្ទឹមគ្នានេះ លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍ណែនាំបន្ថែម លើការពង្រឹងសមត្ថភាពមន្ត្រី ត្រូវគិតគូររៀបចំឲ្យបានគ្រប់ជ្រុងជ្រោយ ប្រកបដោយគុណភាព និងបំពាក់ជំនាញ ឲ្យកាន់ តែច្បាស់ សម្រាប់ធនធាន ទៅតាមតួនាទីនិងភារកិច្ច ដែលកិច្ចការនេះ គឺជាកត្តាសំខាន់ និងត្រូវយកចិត្តទុកដាក់បន្ថែម ជាមួយនឹងក្របខណ្ឌបណ្តុះបណ្តាល ជាក់លាក់ផ្សារភ្ជាប់ជាមួយនឹងវិញ្ញាបនបត្រ ដែលទទួលស្គាល់ លើជំនាញនីមួយៗ និងបន្តខិតខំប្រឹងប្រែង ដោយយកចិត្តទុកដាក់របស់អគ្គនាយកដ្ឋានពាក់ព័ន្ធ ក្នុងការអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងផ្តល់ទិសដៅអនុវត្តចំពោះការងារស្នូលមួយចំនួន ព្រមទាំងជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការឱ្យបន្តកិច្ចខិតខំប្រឹងប្រែងប្រកដោយការទទួលខុសត្រូវខ្ពស់៕