(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានជំរុញឲ្យលោកគ្រូ-អ្នកគ្រូ ត្រូវរួមគ្នាបន្តដើរតួជាបុគ្គលគំរូ ជាឪពុកម្តាយជាមគ្គុទេសក៍ អ្នកស្រាវជ្រាវជាទីប្រឹក្សា និងជាអ្នកនាំមកនូវគំនិតច្នៃប្រឌិត តាមរយៈការខិតខំប្រឹងប្រែង អភិវឌ្ឍសមត្ថភាពខ្លួនជាប្រចាំ ដើម្បីយកចំណេះដឹងថ្មីៗ មកបង្ហាត់បង្រៀនសិស្ស ឲ្យមានចំណេះដឹងទូលំទូលាយអភិវឌ្ឍខ្លួន ទៅជាពលរដ្ឋសកល និងជាអ្នកបន្តវេនសម្រាប់ថ្ងៃអនាគត។
ការជំរុញបែបនេះ របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងសារលិខិតអបអរសាទរ ក្នុងឱកាសការបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៩-២០២០ ដែលចូលមកដល់នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩នេះ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «លោកគ្រូ-អ្នកគ្រូ ត្រូវរួមគ្នាបន្តដើរតួជាបុគ្គលគំរូ ជាឪពុកម្តាយ ជាមគ្គុទេសក៍ អ្នកស្រាវជ្រាវជាទីប្រឹក្សា និងជាអ្នកនាំមកនូវគំនិតច្នៃប្រឌិត តាមរយៈការខិតខំប្រឹងប្រែង អភិវឌ្ឍសមត្ថភាពខ្លួនជាប្រចាំ ទាំងផ្នែកចំណេះដឹង និងវិធីសាស្ត្របង្រៀន រួមទាំងបច្ចេកវិទ្យាព័ត៌មាន ភាសាបរទេស ការសិក្សាស្រាវជ្រាវ ដើម្បីយកចំណេះដឹងថ្មីៗ មកបង្ហាត់បង្រៀនសិស្ស ឲ្យមានចំណេះដឹងទូលំទូលាយ អភិវឌ្ឍខ្លួនទៅជាពលរដ្ឋសកល និងជាអ្នកបន្តវេនសម្រាប់ថ្ងៃអនាគត។ ជាមួយគ្នានេះ គ្រប់ប្រព័ន្ធអប់រំត្រូវរួមគ្នាអនុវត្ត ប្រកបដោយប្រសិទ្ធភាព នៃភាពជាអ្នកដឹកនាំគ្រប់គ្រង របស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់»។
ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រាប់ដល់ក្មួយៗជាសិស្សានុសិស្ស និងយុវជនយុវនារីទាំងអស់ ត្រូវខិតខំរៀនសូត្រឲ្យបានខ្ជាប់ខ្លួន ត្រូវចូលរួមឲ្យបានគ្រប់សកម្មភាព ដើម្បីគាំទ្រដំណើរការអភិវឌ្ឍសាលារៀន និងសង្គមជាតិយើង ។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «ក្មួយៗសិស្សានុសិស្ស ទាំងអស់ត្រូវចងចាំថា បើយើងស្រឡាញ់ខ្លួនយើង ស្រឡាញ់ឪពុកម្តាយ និងស្រឡាញ់អនាគតរុងរឿង ក្មួយៗត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន ត្រូវចេះណែនាំមិត្តភក្តិ អំពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន ព្រមទាំងត្រូវចៀសវាង ឲ្យបាននូវការប្រព្រឹត្តអំពើអបាយមុខផ្សេងៗ។ ក្មួយៗត្រូវប្រតិបត្តិច្បាប់ចរាចរណ៍ ឲ្យបានខ្ជាប់ខ្លួន ត្រូវចេះយោគយល់ និងអធ្យាស្រ័យគ្នា ក្នុងពេលធ្វើដំណើរ ដើម្បីធានាបាននូវសុវត្ថិភាពផ្ទាល់ខ្លួនផង និងអ្នកដទៃផង ក៏ដូចជារក្សាបាននូវសេចក្តីថ្លៃថ្នូរ ដល់សង្គមជាតិយើង»។
សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់គ្រឹះស្ថានសិក្សាគ្រប់កម្រិត រួមទាំងទីវត្តអារាម ត្រូវផ្តល់លទ្ធភាព ក្នុងការអប់រំពេញលេញ និងមានគុណភាព តាមរយៈការបង្កើនការផ្សព្វផ្សាយ ការធ្វើយុទ្ធនាការប្រមូលកុមារចូលរៀន។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «គ្រឹះស្ថានសិក្សាគ្រប់កម្រិត រួមទាំងទីវត្តអារាម ត្រូវផ្តល់លទ្ធភាព ក្នុងការអប់រំពេញលេញ និងមានគុណភាព តាមរយៈការបង្កើនការផ្សព្វផ្សាយ ការធ្វើយុទ្ធនាការប្រមូល កុមារចូលរៀន និងត្រៀមលក្ខណៈតាមគ្រប់រូបភាព ដូចជាអាកាសធាតុក្តៅហួតហែង ទឹកជំនន់ ខ្យល់កន្ត្រាក់ -ល-»។
សម្ដេចតេជោបន្ដទៀតថា គ្រឹះស្ថានសិក្សា ត្រូវធានារយៈពេលនៃការៀន និងបង្រៀន ឲ្យបានពេញលេញស្រប តាមកម្មវិធីសិក្សាដែលបានកំណត់។ គ្រឹះស្ថានសិក្សា ត្រូវខិតខំពង្រីកសក្តានុពលរបស់ខ្លួន ដើម្បីឲ្យក្លាយទៅជាសាលាកុមារ មេត្រីកម្រិតអភិវឌ្ឍ និងប្រែក្លាយខ្លួនទៅជាសាលារៀនជំនាន់ថ្មី សម្រាប់បង្កើតធនធានមនុស្ស មានជំនាញខ្ពស់លើមុខវិជ្ជាវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។
ទន្ទឹមគ្នានោះ នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានជំរុញឲ្យក្រសួងអប់រំ យុវជន និងកីឡា និងស្ថាប័នពាក់ព័ន្ធ ត្រូវរួមគ្នាពិនិត្យឡើងវិញ នូវគោលនយោបាយ ក្របខណ្ឌបទដ្ឋាន និងយន្តការចាំបាច់ ដើម្បីដឹកនាំ គ្រប់គ្រង និងអនុវត្តឲ្យមានប្រសិទ្ធភាព និងធានាបាន នូវការអប់រំប្រកបដោយគុណភាព និងបរិយាប័ន្នសម្រាប់សិស្សានុសិស្សគ្រប់រូប ស្របតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។
សម្ដេចតេជោ ហ៊ុន សែន ក៏បានជំរុញបង្កើនប្រសិទ្ធភាព ក្នុងការប្រើប្រាស់ហិរញ្ញប្បទាន សម្រាប់គ្រឹះស្ថានសិក្សា ការពង្រាយគ្រូបង្រៀន ឲ្យបានដល់គ្រប់សាលារៀន និងការបន្តអភិវឌ្ឍសមត្ថភាពនាយកសាលា និងគ្រូបង្រៀន នៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាល និងគ្រឹះស្ថានសិក្សា ជាពិសេសការពង្រឹង ការងារអធិការកិច្ច និងយន្តការពិនិត្យកែលម្អជាប្រចាំផងដែរ៕