(វៀតណាម)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោកកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឧត្តមសេនីយ៍ឯកបម្រុង ឡេ ជៀម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យការពារជាតិរវាងប្រទេសទាំងពីរ។

ការដឹកនាំនាំគណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោកកម្ពុជា របស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើឡើងនាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារ នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម និងបន្ទាប់ពីកិច្ចប្រជុំប្តូរវេនប្រចាំឆ្នាំស្តីពី កិច្ចសហប្រតិបត្តិការលើការងារគ្រប់គ្រង និងការការពារព្រំដែន ឆ្នាំ២០១៩-២០២០។

ក្នុងជំនួបនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជម្រាបជូន អនុរដ្ឋមន្ត្រីក្រសួងការពារ ប្រទេសវៀតណាម អំពីលទ្ធផលប្រកបដោយផ្លែផ្កា នៃកិច្ចប្រជុំសហប្រតិបត្តិការប្រចាំឆ្នាំលើការងារគ្រប់គ្រង និងការការពារព្រំដែនរវាងកងទ័ព នៃប្រទេសទាំងពីរ និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងក្រសួងការពារប្រទេសវៀតណាម ចំពោះការជំរុញគាំទ្រទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អនេះ និងបានស្នើឱ្យមានគាំទ្របន្ថែមទៀត លើវិស័យហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស។

ជាការឆ្លើយតប ឧត្តមសេនីយ៍ឯកបម្រុង ឡេ ជៀម បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះជោគជ័យនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិល្អ រវាងកងទ័ពនៃប្រទេសទាំងពីរ ជាពិសេសរវាងបញ្ជាការ ដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេសវៀតណាម និងបានបញ្ជាក់អំពីការបន្តជួយលើការហ្វឹកហ្វឺនបណ្តុះបណ្តាល ធនធានមនុស្ស ព្រមទាំងបន្តជំរុញពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិក្នុងវិស័យការពារជាតិរវាងប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរឡើងថែមទៀត៕