(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩នេះ ប្រទេសកម្ពុជា បានបើកសម្ពោធមជ្ឈមណ្ឌលសម្របសម្រួលសុវត្ថិភាពទន្លេមេគង្គ (SMCC) ដែលប្រទេសទាំង៦ នៅក្នុងមហាអនុតំបន់ ទន្លេមេគង្គ បានឯកភាពគ្នាក្នុងការពង្រឹង និងពង្រីកប្រសិទ្ធភាព ការងារត្រួតពិនិត្យគ្រឿងញៀនឆ្លងកាត់ព្រំដែន តាមរយៈកិច្ចសហប្រតិបត្តិ ផ្លាស់ប្តូរព័ត៌មាន រវាងមន្រ្តីអនុវត្តច្បាប់ជួរមុខ ដែលមកប្រចាំការនៅក្នុងមជ្ឈមណ្ឌល SMCC។
ពិធីនេះបានធ្វើឡើងក្រោមវត្តមាន នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ប្រធានប្រតិភូនៃប្រទេសសមាជិក SMCC ដែលមកពីប្រទេសទាំង៥ ក្នុងមហាអនុតំបន់ទន្លេមេគង្គ (ចិន ឡាវ សហភាពមីយ៉ាន់ម៉ា ថៃ និងវៀតណាម) រួមទាំងប្រទេសកម្ពុជា ដែលជាប្រទេសម្ចាស់ផ្ទះ ដែលប្រព្រឹត្តធ្វើឡើង នៅទីស្តីការក្រសួងមហាផ្ទៃ។
នៅក្នុងឱកាសបើកសម្ពោធមជ្ឈមណ្ឌលសម្របសម្រួលសុវត្ថិភាពនេះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា កម្ពុជាពិតជា មានកិត្តិយសដែលបានទទួល ធ្វើជាម្ចាស់ផ្ទះនៃមជ្ឈមណ្ឌល SMCC ក្នុងអំឡុងពេលបីខែ ចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ បន្ទាប់ពីបណ្តាប្រទេសជា សមាជិកទាំង៦ ប្រទេសបានទទួលធ្វើ ជាម្ចាស់ផ្ទះរៀបចំ និងជាពិសេស កម្ពុជាបានទទួល រៀបចំធ្វើជាម្ចាស់ផ្ទះបន្ទាប់ពីមជ្ឈមណ្ឌល SMCCនេះ ត្រូវបានបញ្ចប់ នៅអំឡុងខែមេសា ឆ្នាំ២០១៩ ដោយប្រទេសថៃ។
ឆ្លៀតឱកាសនេះនាយឧត្តមសេនីយ៍ បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅដល់ គណៈកម្មការជាតិត្រួតពិនិត្យគ្រឿង ញៀនប្រទេសចិន (NNCC) គណៈកម្មការជាតិត្រួតពិនិត្យគ្រឿងញៀន ប្រទេសឡាវ (LCDC) គណៈកម្មាធិការកណ្តាលសម្រាប់ការត្រួតពិនិត្យការប្រើបំពានគ្រឿងញៀន សហភាពមីយ៉ានម៉ា (CCDAC) ការិយាល័យនៃក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀន ប្រទេសថៃ (ONCB) និងការិយាល័យអចិន្ត្រៃយ៍ស្ដីពីគ្រឿងញៀន និងឧក្រិដ្ឋកម្មប្រទេស វៀតណាម (SODC) ដែលបានចាត់បញ្ជូនមន្ត្រីជំនាញ ឱ្យមកប្រចាំការនៅមជ្ឈមណ្ឌល SMCC នៅទីក្រុងភ្នំពេញ ហើយសង្ឃឹមថា មន្ត្រីប្រចាំការទាំងអស់គ្នានឹងមានភាពរីករាយក្នុងការបំពេញភារកិច្ច និងផ្លាស់ប្តូរសភាពការណ៍គ្រឿងញៀន បានទាន់ពេលវេលាហើយ ការស្នាក់នៅប្រទេសកម្ពុជា ប្រកបដោយផាសុខភាព។
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបន្តថា ប្រតិបត្តិការសុវត្តិភាពទន្លេមេគង្គ ត្រូវបានអនុវត្តជាបន្តបន្ទាប់ជាមួយនឹង ការអភិវឌ្ឍន៍ឥតឈប់ឈរក្រោម កិច្ចខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការរួមគ្នា របស់ប្រទេសជាសមាជិកទាំង៦ ចាប់តាំងពីការបង្កើតឡើងក្នុងតំណាក់កាលទី១ នាឆ្នាំ២០១៣ ពេលនោះមានចំនួន៤ប្រទេស (ចិន ឡាវ សហភាពមីយ៉ាន់ម៉ា និងថៃ) និងតំណាក់កាលទី២ ឆ្នាំ២០១៦ រហូតមកទល់បច្ចុប្បន្នមានចំនួន៦ប្រទេស (ចិន ឡាវសហភាពមីយ៉ាន់ម៉ា ថៃ កម្ពុជា និងវៀតណាម)។ សម្រាប់គោលដៅប្រតិបត្តិការគម្រោង (SMCC) បានធ្វើការបែងចែកទៅតាមគោលដៅប្រតិបត្តិការ រួមមាន៖
*ទី១៖ ប្រទេសកម្ពុជា៖ ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ (តំបន់ប្រតិបត្តិការទី៨), ខេត្តតាកែវ (តំបន់ប្រតិបត្តិការទី១១)
*ទី២៖ ប្រទេសចិន៖ ខេត្តយូណាន
*ទី៣៖ ប្រទេសឡាវ នៅតាមបណ្តាខេត្តជាប់ព្រំដែន
*ទី៤៖ សហភាពមីយ៉ាន់ម៉ា៖ រដ្ឋសាន ខេត្តមីយ៉ាវឌី ក្នុងរដ្ឋការយ័ន
*ទី៥៖ ប្រទេសថៃ នៅតាមបណ្តាខេត្តជាប់ព្រំដែនភាគខាងជើង និងឥសាន្ត
*ទី៦៖ ប្រទេសវៀតណាម នៅខេត្តជាប់ព្រំដែនជាមួយប្រទេសជិតខាង។
នាយឧត្តមសេនីយ៍ ជឿជាក់ថា យើងកំពុងធ្វើដំណើររួមគ្នាលើទិសដៅមួយដ៏ត្រឹមត្រូវ ក្នុងការចាប់ផ្តើមអនុវត្តយុទ្ធសាស្ត្រស្តីពី ការទប់ស្កាត់ ការដាំដុះ និងការផលិតគ្រឿងញៀន នៅតំបន់ត្រីកោណមាស តាមរយៈយុទ្ធសាស្រ្តកាត់បន្ថយសមត្ថភាពផលិតគ្រឿងញៀន នៅក្នុងតំបន់ត្រីកោណមាស ដែលក្នុងនោះវិធានការដ៏សំខាន់ របស់យើង គឺការទប់ស្កាត់ការជួញ ដូរខុសច្បាប់នូវសារធាតុគីមីផ្សំពីប្រភពនានាទៅកាន់តំបន់ត្រីកោណមាស។ ដូចដែលយើងទាំងអស់គ្នា បានជ្រាបស្រាប់ហើយថា ដោយសារបញ្ហាគ្រឿងញៀន នៅក្នុងតំបន់ត្រីកោណមាស បានធ្វើឱ្យប៉ះពាល់ ដល់បណ្តាប្រទេសជាច្រើន នៅក្នុងតំបន់ និងក្រៅតំបន់។ បញ្ហាគ្រឿងញៀន នៅក្នុងតំបន់ត្រីកោណមាស បានផ្សារភ្ជាប់យ៉ាងជិតស្និទទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ច ការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមរបស់ប្រទេសជាច្រើនដែលគ្រឿងញៀនកំពុងតែគម្រាមកំហែង៕