(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានអំពាវនាវដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលរួមទស្សនាកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០-១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ។
តាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា ព្រឹត្តិការណ៍បុណ្យប្រពៃណីនេះជាឱកាសដ៏ល្អ ដើម្បីឲ្យទេសចរជាតិ-អន្តរជាតិបានស្វែងយល់កាន់តែច្បាស់អំពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរ ដែលមានតាំងពីបុរាណកាលមក ពិសេសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលជាពិធីដ៏មានប្រជាប្រិយបំផុត សម្រាប់ប្រជាពលរដ្ឋកម្ពុជា។
ជាមួយគ្នានេះ ក្រសួងទេសចរណ៍នឹងរៀបចំវេទិកាដោយឡែក ស្ថិតនៅខាងជើងវេទិកាកិត្តិយសមុខព្រះបរមរាជវាំង សម្រាប់ជូនទេសចរបរទេសបានចូលរួមទស្សនាការប្រណាំងទូក ក្នុងគោលបំណងបង្កើនសកម្មភាពផ្សព្វផ្សាយទេសចរណ៍ «កម្ពុជា៖ រាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ» និងចលនាប្រលងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» ឲ្យកាន់តែទូលំទូលាយថែមទៀត។
វេទិកាដោយឡែកនេះ មានរៀបចំបដិសណ្ឋារកិច្ចជូនភ្ញៀវទេសចរពីសំណាក់មន្ត្រីនាយកដ្ឋានជំរុញទេសចរណ៍ក្នុងស្រុក និងអប់រំការយល់ដឹងជាសាធារណៈ ដែលផ្តល់សេវាបម្រើភេសជ្ជៈ មានការបកប្រែប្រដេញជាភាសាអង់គ្លេស បារាំង និងចិន ដោយមានឧបករណ៍ស្ដាប់សំឡេងចែកជូនភ្ញៀវសម្រាប់ស្តាប់ មានបំពាក់ទូរទស្សន៍សម្រាប់ជូនភ្ញៀវទស្សនាការផ្សាយផ្ទាល់ ពីទូរទស្សន៍ជាតិកម្ពុជានូវសកម្មភាពនៃការប្រណាំងទូក និងការផ្សាយវីដេអូបង្ហាញពីតំបន់ទេសចរណ៍ផ្សេងៗ៕