(ភ្នំពេញ)៖ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា ឆ្នាំ២០១៩ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការងទី១ កាកបាទក្រហមកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូមូលនិធិកាកបាទក្រហមរដ្ឋធានីប៉េកាំង ដឹកនាំដោយលោកស្រី ហ្សាវ ជីង លីង អគ្គនាយិកាមូលនិធិកាកបាទក្រហមរដ្នធានីប៉េកាំង។
ការអញ្ជើញមកទស្សនកិច្ចលើកដំបូងនៅកម្ពុជានេះ ដើម្បីសិក្សាស្វែងយល់ពីលទ្ធភាពក្នុងកិច្ចសហប្រតិបត្តិការជាមួយកាកបាទក្រហមកម្ពុជា។
ក្នុងឱកាសជួបពិភាក្សានោះ លោកស្រីអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខចំពោះគណៈប្រតិភូ ព្រមទាំងបានរំលឹកពីទំនាក់ទំនងរវាងកាកបាទក្រហមកម្ពុជា និងកាកបាទក្រហមចិន ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០០១មក។
លោកស្រីបានរំលឹកថា កាលពីឆ្នាំ២០០២ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញទៅទស្សនកិច្ចនៅកាកបាទក្រហមរដ្ឋធានីប៉េកាំង ដែលពេលនោះសមាគមន៍ជាតិទាំង២ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយគ្នាផងដែរ។
កន្លងមក កាកបាទក្រហមកម្ពុជា ក៏មានទំនាក់ទំនង កិច្ចសហប្រតិបត្តិការជាមួយ សាខាកាកបាទក្រហម នៃតំបន់ស្វយ័តក្វាងស៊ី នៃប្រទេសចិន ហើយដែល កិច្ចសហប្រតិបត្តិការនេះ បាននិងកំពុងអនុវត្តនៅតាមបណ្តាសាខាកាកបាកបាទក្រហមកម្ពុជា ខេត្តមួយចំនួន នៅក្នុងប្រទេស។
ដោយឡែក តាមរយៈដំណើរទស្សនកិច្ចរបស់ប្រតិភូនាពេលនេះ លោកជំទាវអគ្គលេខាធិការងទី១សង្ឃឹមថា កិច្ចសហការរវាងសមាគមជាតិទាំងពីរ នឹងកាន់តែរឹងមាំ និងរីកចម្រើន។
លោកស្រី ក៏បានជម្រាបជូនផងដែរ ពីសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលក្រៅពីការជួយសង្គ្រោះបន្ទាន់ដល់ជនរងគ្រោះដោយគ្រោះធម្មជាតិ និងឧប្បទ្ទវហេតុផ្សេងៗនោះ ក៏មានជនងាយរងគ្រោះបំផុតដូចជា ចាស់ជរាគ្មានទីពឹង ជនពិការ កុមារកំព្រា អ្នករស់នៅជាមួយមេរោគអេដស៍ និងស្ត្រីមេម៉ាយកូនច្រើន ដែលត្រូវបានកាកបាទក្រហមកម្ពុជា ផ្តោតការយកចិត្តទុកដាក់ ជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅទៀតផង។ ដោយឡែក លើការងារលើកកម្ពស់សុខភាពមាតានិងទារកវិញ កាកបាទក្រហមកម្ពុជា បានឧបត្ថម្ភថវិកា ១លានដុល្លារជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១២រៀងមក ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។
លោកស្រីអគ្គលេខាធិការងទី១ បានបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងកម្ពុជា ជាកិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយដែលកាកបាទក្រហមកម្ពុជា ក៏នឹងក្លាយជាដៃគូយុទ្ធសាស្ត្រលើវិស័យមនុស្សធម៌ ជាមួយកាកបាទក្រហមចិនផងដែរ។
លោកស្រី ហ្សាវ ជីងលីង បានសម្តែងក្តីរីករាយចំពោះដំណើរទស្សនកិច្ចជាលើកដំបូងរបស់លោកស្រី និងប្រតិភូ មកកាន់ប្រទេសកម្ពុជា ហើយសង្ឃឹមថា តាមរយៈការពិភាក្សាគ្នាក្នុងថ្ងៃនេះ និងអាចជំរុញឱ្យកិច្ចសហប្រតិបត្តិការរវាងសមាគមជាតិនៃប្រទេសទាំង២កាន់តែរឹងមាំ និងរីកចំរើនថែមទៀត។
លោកស្រី មានប្រសាសន៍ទៀតថា មូលនិធិកាកបាទក្រហមប៉េកាំង បានបង្កើតនៅឆ្នាំ២០០៨ បន្ទាប់ពីមានគ្រោះរញ្ជួយដីនៅខេត្តស៊ីឈាន់។
ក្នុងរយៈពេលជាង១០ឆ្នាំចុងក្រោយនេះ មូលនិធិកាកបាទក្រហមប៉េកាំង បានស្វែងរកមូលនិធិបានយ៉ាងច្រើនក្នុងការជួយដល់ជនរងគ្រោះ ហើយក្រៅពីការជួយសង្គ្រោះ មូលនិធិក៏បានធ្វើការទៅលើផ្នែកអប់រំ ផ្នែកព្យាបាល និងផ្នែកបរិស្ថានផងដែរ។
លោកស្រីបានបញ្ជាក់ទៀតថា គោលបំណងនៃ ទស្សនកិច្ចនៅកម្ពុជានាពេលនេះ គឺចង់ដឹងថា តើមូលនិធិកាកបាទក្រហមប៉េកាំង អាចជួយអ្វីខ្លះដល់កាកបាទក្រហមកម្ពុជា។
ក្រោយពីទទួលបានព័ត៌មានពីគ្នាទៅវិញទៅមក នៅក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរសង្ឃឹមថានឹងអាចឈានទៅសម្រេចចេញជាគម្រោងកិច្ចសហប្រតិបត្តិការណាមួយក្នុងដំណើរទស្សនកិច្ចជាលើកទី២របស់លោកស្រី និងប្រតិភូមូលនិធិកាកបាទក្រហមប៉េកាំងនៅកម្ពុជានាពេលខាងមុខ៕