(កំពត)៖ កម្លាំងនគរបាលទូទាំងខេត្ដកំពត នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំថា ត្រូវតែការពារជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលកើតចេញពីការបោះឆ្នោត មិនឲ្យក្រុមឧទ្ទាមក្រៅច្បាប់មកបំផ្លាញបានឡើយ។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ក្នុងឱកាសចុះត្រួតពិនិត្យកងកម្លាំង បានអះអាងថា បដិវត្តពណ៍ បានបំផ្លាញសុខសន្តិភាពប្រទេសផ្សេងៗ ជាច្រើនមកហើយ ដូច្នេះនៅកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលស្របច្បាប់ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាននោះ មិនចាញ់បោកកលល្បិចរបស់ជនណាឡើយ ហើយបើមានក្តិបបដិវត្តពណ៍មួយដាច់ខាតត្រូវតែកម្ទេចមួយ។
លោកឧត្តមសេនីយ៍ស្នងការ បានសង្កត់ធ្ងន់ថា ទម្រាំមានសន្តិភាពដូចសព្វថ្ងៃនេះ ប្រមុខរាជរដ្ឋាភិបាល បានយកសាច់ស្រស់ឈាមស្រស់ទៅប្តូរ ដែលជាតម្លៃមិនអាចកាត់ថ្លៃបាន ដូច្នេះបើមានអ្វីក៏ដោយ ដែលបង្កលាចលអ្វីក៏ដោយឲ្យតែបណ្តាលឲ្យប៉ះពាល់ដល់សន្តិភាព រំខានដល់សេចក្តីសុខ សុវត្ថិភាពរបស់ប្រជាពលរដ្ឋ រស់នៅ គឺយើងទាំងអស់គ្នាជាកងកម្លាំងប្រដាប់អាវុធត្រូវតែបង្ក្រាប កម្ទេចចោលជាដាច់ខាត។
គួរជម្រាបថា ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បាននាំការសួរសុខទុក្ខពីសំណាក់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជំរុញឲ្យកងកម្លាំងនគរបាលត្រូវខិតខំយកចិត្តទុកដាក់ ក្នុងបុព្វហេតុការពារជាតិមាតុភូមិ៕