(ភ្នំពេញ)៖ លោក យ៉ាណូស អាឌ័រ (Janos Ader) ប្រធានាធិបតីនៃសាធារណរដ្ឋហុងគ្រី និងភរិយា ព្រមទាំងគណៈប្រតិភូ បានចាកចេញពីកម្ពុជាហើយ នៅម៉ោង៧៖៣៥នាទីយប់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះ បន្ទាប់ពីបំពេញទស្សនកិច្ច៤ថ្ងៃ។
ប្រធានាធិបតីនៃសាធារណរដ្ឋហុងគ្រី និងភរិយា បានអញ្ជើញមកដល់កម្ពុជាហើយ នៅយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់៣០ ខែតុលា ឆ្នាំ២០១៩ តាមការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជា។
ក្នុងដំណើរទស្សនកិច្ចលើកនេះ លោកប្រធានាធិបតី បានចូលគាល់ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង និងជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នា ចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ព្រមទាំងមានជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ។
ទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងមកកាន់កម្ពុជារបស់លោក យ៉ាណូស អាឌ័រ មកកាន់កម្ពុជា បានក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងទំនាក់ទំនងទ្វេភាគីកម្ពុជា-ហុងគ្រី ហើយនឹងរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងសាមគ្គីភាព ក៏ដូចជាបង្កើនវិសាលភាពនិងជម្រៅនៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ៕