(បន្ទាយមានជ័យ)៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ អ្នកតំណាងរាស្រ្ត នៅល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ បានទទួលជួបសំណេះសំណាលជាមួយអតីតថ្នាក់ដឹកនាំមូលដ្ឋាន និងអតីតសកម្មជន គណបក្សសង្រ្គោះជាតិ ដែលចេញមុខប្រកាសមិនគាំទ្រ ផែនការរបស់ទណ្ឌិត សម រង្សី។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានសម្តែងនូវការស្វាគមន៍ យ៉ាងកក់ក្តៅដល់អស់លោកទាំងអស់ និងថ្លែងអំណរគុណដល់បងប្អូន ក្នុងនាមជាមហាគ្រួសារអ្នកបន្ទាយមានជ័យ ដែលមានការភ្ញាក់រលឹកទាន់ពេលវេលា ដើរលើផ្លូវត្រូវ មិនទៅចូលរួមជាមួយក្រុមឧទ្ទាមក្រៅច្បាប់បំផ្លាញជាតិ ហើយត្រឡប់មកចូលរួមកសាងមូលដ្ឋាន យើងឲ្យរីកចម្រើនជាមួយគ្នា។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងបន្តថា សុខសន្តិភាព គឺទុនវិនិយោគមួយដ៏ធំសម្រាប់ប្រជាពលរដ្ឋយើងគ្រប់រូប មានសន្តិភាពមានការរីកចម្រើន និងមានអ្វីៗទាំងអស់ តែបើគ្មានសន្តិភាព កុំនិយាយឲ្យសោះពីការរីកចម្រើន និងភាពសុខសាន្ត គឺនាំមកតែភាពសោកសៅបែកបាក់ កូនៗគ្មានឱកាសបានទៅរៀនសូត្រ បាត់បង់អនាគត។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ក៏បានផ្តាំផ្ញើដល់បងប្អូនទាំងអស់គ្នា ខិតខំបង្កបង្កើនផល និងឆ្លៀតចាប់យកផលផ្លែផ្កានៃសន្តិភាព ដើម្បីអនាគតយើងកូនចៅយើង កុំទៅប្រព្រឹត្តនូវអ្វីផ្ទុយពីច្បាប់ នូវឲ្យមានទោស នាំទុក្ខដល់គ្រួសារ និងបំផ្លាញប្រទេសជាតិ។
ជាការឆ្លើយតប ទៅនឹងទឹកចិត្តដ៏មហាទិគុណរបស់ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បងប្អូនអតីតថ្នាក់ដឹកនាំមូលដ្ឋាន និងអតីតសកម្មជន គណបក្សសង្គ្រោះជាតិ ក្នុងខេត្តបន្ទាយមានជ័យ បានប្តេជ្ញាមិនគាំទ្រដល់ទណ្ឌិត សម រង្ស៊ី ជាដាច់ខាត ព្រោះទណ្ឌិតរូបនេះ កំពុងតែរត់គេចពីសំណាញ់ច្បាប់របស់កម្ពុជា ហើយកម្ពុជាមានសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំយើង គឺគ្រប់គ្រាន់នាំកម្ពុជាទៅមុខបាន៕