(សៀមរាប)៖ លោក យ៉ាណូស អាឌ័រ (Janos Ader) ប្រធានាធិបតីនៃសាធារណរដ្ឋហុងគ្រី និងភរិយា និងប្រតិភូនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ បន្ទាប់ពីបានទស្សនាព្រះអាទិត្យរះ នៅលើប្រាសាទអង្គរវត្តមក បានអញ្ជើញទស្សនាប្រាសាទបន្ទាយស្រី ប្រាសាទព្រះគោ សារៈមន្ទីរជាតិ និងសិប្បកម្មអាទីសង់អង្គរ។
បើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៣០ ខែតុលានេះ តាមរយៈទស្សនាតំបន់គោលដៅទេសចរណ៍ខេត្តសៀមរាប លោកប្រធានាធិបតី និងភរិយា បានសម្តែងការកោតសរសើរភាពដ៏អស្ចារ្យ នៃតំបន់ទេសចរណ៍ខេត្តសៀមរាប-អង្គរ និងសន្យាជំរុញការផ្សព្វផ្សាយតំបន់ទេសចរណ៍នេះ ដល់ភ្ញៀវទេសចរជនជាតិហុងគ្រី មកទស្សនាខេត្តសៀមរាបកាន់តែច្រើនបន្ថែមទៀត។
គួរជម្រាបថា ប្រាសាទព្រះគោ ជាប្រាសាទមួយស្ថិតក្នុងក្រុមប្រាសាទរលួស ហើយដែលប្រទេសហុងគ្រី ធ្លាប់បានជួយជួសជុលកាលក្នុង ទសវត្សន៍ទី៩០។
ប្រធានាធិបតីនៃសាធារណរដ្ឋហុងគ្រី និងភរិយា បានអញ្ជើញមកដល់កម្ពុជាហើយ នៅយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ ៣០ ខែតុលា ឆ្នាំ២០១៩ តាមការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជា។
លោក យ៉ាណូស អាឌ័រ (Janos Ader) ប្រធានាធិបតីនៃសាធារណរដ្ឋហុងគ្រី និងភរិយា នឹងចាកចេញពីកម្ពុជានៅម៉ោងជាង៨៖៤៥នាទីយប់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះ៕