(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំពិភាក្សា ដោយមានការចូលរួមពីអភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត បានសម្រេចយកថ្ងៃទី០៩ ខែវិច្ឆិកា ប្រារព្ធទិវារបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវារកំណើតកងយោធពលខេមរភូមិន្ទខួបលើកទី៦៦ និងថ្ងៃទី១១ ខែវិច្ឆិកា ប្រារព្ធពិធីបណ្តែតប្រទីប ជួបជុំបងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត។
បន្ទាប់ពីបែងចែកភារកិច្ចរៀងៗខ្លួន តាមជំនាញរួចមក ថ្លែងក្នុងកិច្ចប្រជុំនោះ លោក ជាម ច័ន្ទសោភ័ណ បានជំរុញឲ្យមន្ត្រីទាំងអស់ អនុវត្តតាមភារកិច្ចរៀងៗខ្លួនឲ្យបានល្អប្រសើរ សំដៅធ្វើយ៉ាងណាដំណើររប្រារព្ធពិធីដ៏វិសេសវិសាលទាំង២នេះ ប្រព្រឹត្តិដោយរលូន និងជោគជ័យតាមការគ្រោងទុក សំដៅធ្វើយ៉ាងឲ្យបងប្អូនប្រជាពលរដ្ឋបានជួបជុំសប្បាយរីករាយ ក្រោមម្លប់សន្តិភាព ដែលមានពាសពេញផ្ទៃប្រទេស ដែលសម្តេចតេជោ ហ៊ុន សែន ខិតខំប្រឹងប្រែងយកមកជូនបងប្អូនប្រជាពលរដ្ឋ ដូចដែលបានឃើញស្រាប់ ជាការរុញច្រានឲ្យកើតមានឡើង នូវព្រឹត្តិការរីករាយជួបជុំគ្នាបែបនេះ ជាបន្តបន្ទាប់។
លោកអភិបាលខេត្តក៏បានក្រើនរំលឹក និងជំរុញដល់កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ រួមមជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក សហការគ្នា ធ្វើយ៉ាងណាការពារសុខសុវត្ថិភាពពលរដ្ឋ ក្នុងពិធីទាំង២ខាងលើនេះឲ្យបានល្អ ជាពិសេសទប់ស្កាត់ និងឃាត់ខ្លួនឲ្យខានតែបាន រាល់ជនអគតិទាំងអស់ដែលមានគំនិត និងសកម្មភាព រួមជាមួយអ្នកទោសជនក្បត់ជាតិ សម រង្ស៊ី បង្កមានឲ្យមានការចលាចល លើទឹកដីខេត្តត្បូងឃ្មុំនោះឡើយ។
សូមបញ្ជាក់ថា ពិធីបុណ្យទាំង២ ដែលរដ្ឋបាលខេត្តនឹងរៀបចំឡើងឲយ៉ាងអធិកអធម សប្បាយជួបជុំប្រជាពលរដ្ឋនោះគឺ
១៖ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវារកំណើតកងយោធពលខេមរភូមិន្ទខួបៀលើកទី៦៦ (១៩៥៣-២០១៩) ដែលនឹងធ្វើឡើងនៅបរិវេណរដ្ឋបាលសាលាខេត្ត នាថ្ងៃទី០៩ ខែវិច្ឆិកា ដោយមានអ្នកចូលរួមដោយថ្នាក់ដឹកនាំ មន្ត្រីរាជការជុំវិញខេត្ត កងកម្លាំងប្រដាច់អាវុធ អង្គការនានា វិស័យឯកជន សិស្សានុសិស្ស និស្សិត និងប្រជាពលរដ្ឋជាង២ពាន់នាក់ ក្នុងនោះក៍បានរៀបចំឲ្យមានការហូបអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ រីករាយជុំគ្នាផងដែរ។
២៖ ពិធីបុណ្យបណ្ដែតប្រទីប ដែលប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅមាត់ទន្លេសិប្បនិម្មិត បរិវេណរដ្ឋបាលសាលាខេត្តត្បូងឃ្មុំ ដោយក្នុងនោះនាពេលរាត្រីមានការបាញ់កាំជ្រួច ការប្រគុំតន្ត្រី រាំលេងកំសាន្តជួបជុំបងប្អូនប្រជាពលរដ្ឋ ដោយលោកបណ្ឌិតបានអំពាវនាវដល់ ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ:ទូទាំងខេត្តទាំងអស់ អញ្ជើញចូលរួមនាថ្ងៃនោះឲ្យបានច្រើនកុះករផងដែរ៕