(កណ្ដាល)៖ លោកបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល ជំរុញដល់មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ត្រូវផ្សព្វផ្សាយណែនាំ ដល់ប្រជាជនទាំងអស់ កុំចូលរួមជាមួយក្រុមឧទ្ទាមក្រៅច្បាប់ ដែលប្រើប្រាស់ឧបាយកលគ្រប់រូបភាព ក្នុងបំណងវិលត្រឡប់ចូលស្រុក ដើម្បីប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងរំខានភាពសុខសាន្តរបស់ប្រជាជន នៅថ្ងៃទី០៩ ខែវិច្ឆិកាខាងមុខនេះ។
លោកអភិបាលខេត្ត បានថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសភាពសភាពការណ៍ថ្មីៗនៅកម្ពុជា ជូនដល់មន្ត្រីរាជការ អជ្ញាធរមូលដ្ឋាន និងកងកម្លាំងមានសមត្ថកិច្ច ជាង៥០០នាក់ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះ។
លោកអភិបាលខេត្ត បានណែនាំដល់កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវតែយកចិត្តទុកដាក់ និងគោរពតាមអនុសាសន៍ណែនាំរបស់ថ្នាក់ដឹកនាំ ដែលបានដាក់ឲ្យអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ លើមូលដ្ឋាននៃការរក្សាការពារសុខ សន្តិភាព ស្ថិរភាព និងសុវត្ថិភាពក្នុងសង្គម ការពង្រឹងកិច្ចដំណើរការ នៃលទ្ធិប្រជាធិបតេយ្យ ហើយមន្រ្តីទាំងអស់ត្រូវចូលរួម ជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសនានានៅតាមមូលដ្ឋាន សម្ដៅរួមគ្នាថែរក្សាសុខ សុវត្ថិភាពនៅតាមមូលដ្ឋានភូមិ ឃុំរៀងៗខ្លួន។
លោក ម៉ៅ ភិរុណ បានបញ្ជាក់ថា ការចូលរួមរបស់ប្រជាពលរដ្ឋទាំងអស់គ្នា ក្នុងការថែរក្សាការពារសុខ សន្តិភាព ស្ថិរភាពសណ្តាប់ធ្នាប់ និងការអភិវឌ្ឍសង្គម គឺបានបង្ហាញអំពីស្មារតី ស្នេហាជាតិយ៉ាងពិតប្រាកដ ដែលជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ សម្រាប់កសាង និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែសម្បូរសប្បាយជាបន្តទៀត។
ក្នុងជំនួបនេះដែរ លោក នួន ផា ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បានជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវបន្តចូលរួមទប់ស្កាត់ បដិវត្តពណ៌ដែលកើតចេញពី ក្រុមឧទ្ទាមក្រៅច្បាប់ ដែលមានបំណងប៉ុនប៉ងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
ពិសេសកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំអនុវត្តតួនាទី ភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីចូលរួមអនុវត្តនូវកម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណសំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ឲ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលជោគជ័យថែមទៀត៕