(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំមហាសន្និបាតលើកទី៣ របស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ខេត្តកំពង់ធំ ក្រោមអធិបតីភាព លោក ចាន់ តារា អភិបាលរងខេត្តកំពង់ធំ ដោយមានការចូលរួមពីក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំសង្កាត់ ប្រមាណជាង៣០០នាក់ ដោយមានការឧបត្ថម្ភគាំទ្រពីសហភាពអឺរ៉ុប សហការជាមួយរដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩។
លោក គៀង សេងគី ប្រធានក្រុមប្រឹក្សាសមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកំពង់ធំ បានធ្វើរបាយការណ៍សង្ខេប រយៈពេល៥ឆ្នាំ និងបានលើកឡើង ពីគោលបំណង ក្នុងមហាសន្និបាត គឺទី១៖ ការពង្រឹងស្ថាប័ន, ទី២៖ ចីរភាពហិរញ្ញវត្ថុ, ទី៣៖ អភិវឌ្ឍន៍សមត្ថភាព សមាជិកក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន, ទី៤៖ ការតស៊ូមតិដើម្បីផលប្រយោជន៍សមាជិក, ទី៥៖ ការផ្ដល់សេវាបន្ថែម ដល់ក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាព, ទី៦៖ ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ដោយយកចិត្តទុកដាក់លើការប្រែប្រួលអាកាសធាតុ និងទី៧៖ ការលើកកម្ពស់ស្ត្រីក្នុងវិស័យនយោបាយ នៅមូលដ្ឋាននិងបរិយាប័នសង្គម។
ជាមួយគ្នានេះដែរ លោកក៏បានលើកឡើងទៀតថា ការលើកកម្ពស់ស្ថាប័ន និងការប្រតិបត្តិការរបស់សមាគមក្រុមប្រឹក្សាមូលដ្ឋាន ដើម្បីធានានូវការពេញចិត្ត របស់សមាជិកក្រុមប្រឹក្សានៅមូលដ្ឋាន ក្នុងការបំពេញមុខងារ និងការទទួលខុសត្រូវ ក៏ដូចជាការធ្វើឲ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋាន មានសេចក្តីពេញចិត្ត ចំពោះការបំពេញការងាររបស់អាជ្ញាធរមូលដ្ឋាន និងក្រុមប្រឹក្សា ក្នុងការផ្ដល់សេវាសាធារណៈកាន់តែរហ័ស មានប្រសិទ្ធភាព និងកាន់តែគួរឲ្យទុកចិត្ត នឹងឆ្លើយតបចំពោះតម្រូវការរបស់ពួកគាត់។
ជាមួយគ្នានោះ លោក ចាន់ តារា បានវាយតម្លៃខ្ពស់ ចំពោះមហាសន្និបាតក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន អាណតិ្តទី៣ ដោយផ្អែកទៅលើការកែទម្រង់ការអភិវឌ្ឍ តាមបែប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដើម្បីបង្កើតឡើងនូវវប្បធម៌ប្រជាធិតេយ្យនៅមូលដ្ឋាន ដោយមានការចូលរួមពីប្រជាពលរដ្ឋ ការលើកកម្ពស់ គុណភាពសេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ដែលឆ្លើយតបនឹងតម្រូវការ ជាក់ស្តែងរបស់ប្រជាពលរដ្ឋ សម្ដៅលើកស្ទួយគុណភាព នៃជីវិតរបស់ប្រជាពលរដ្ឋ និងចូលរួមកាត់បន្ថយភាពក្រីក្រដោយប្រសិទ្ធភាព។
លោកបានបន្តថា នៅក្នុងអាណត្តិទី៥ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានបន្តផ្តល់អាទិភាព ដល់ការអនុវត្តកំណែទម្រង់នេះ កាន់តែស៊ីជម្រៅដោយផ្តោតលើ កិច្ចការសំខាន់ៗចំនួន៥រួមមាន៖ ទី១៖ ពង្រឹងការគ្រប់គ្រងកិច្ចដំណើរការកំណែទម្រង់, ទី២៖ ពង្រឹងគណនេយ្យភាព តាមបែបប្រជាធិបតេយ្យ, ទី៣៖ ពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្ស, ទី៤៖ ពង្រឹងការផ្តល់សេវាសាធារណៈ និងផ្ទេរមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងទី៥៖ ពង្រឹងវិមជ្ឈការហិរញ្ញវត្ថុ។
ជាការពិតណាស់ រដ្ឋបាលខេត្តកំពង់ធំ ទទួលស្គាល់ និងគាំទ្រការបង្កើតសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកំពង់ធំ ជាតួអង្គសំខាន់គាំទ្រដល់ ការអនុវត្តគោលនយោបាយកំណែទម្រង់ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា និងការកសាងសមត្ថភាព ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ នៅក្នុងខេត្តកំពង់ធំ ដើម្បីក្លាយជាស្ថាប័នតំណាងពិតប្រាកដរបស់ពលរដ្ឋ និងឆ្លើយតបចំពោះសេចក្តីត្រូវការនានា របស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព។
ចុងក្រោយ លោកបានផ្តាំផ្ញើដល់អង្គមហាសន្និបាត ត្រូវសាមគ្គីគ្នារវាងថ្នាក់ដឹកនាំសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកំពង់ធំ ដោយនាំមកនូវសមិទ្ធផលជាច្រើន ជូនដល់សមាជិក ស្របគោលបំណង និងទិសដៅរបស់សមាគម ក្នុងការលើកកម្ពស់ឋានៈ និងសមត្ថភាពរបស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់៕