(ភ្នំពេញ)៖ គណៈអភិបាលរាជធានីភ្នំពេញ ក្រុមប្រឹក្សារាជធានីភ្នំពេញ មន្ត្រីរាជការអាជ្ញាធរដែនដី មន្ទីរអង្គភាព ជុំវិញរាជធានីភ្នំពេញ បានផ្តើមធ្វើអង្គកឋិនទានសាមគ្គី ដង្ហែរទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមាវត្តចំនួន២ គឺវត្តព្រះបារមីវង្គតបូរីកបិលភ័ស្ថ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ និងវត្តវិមានតេជះ (ហៅវត្តស្រះចក) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយមានការចូលរួមពី លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សា និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ព្រមទាំងមន្ដ្រីរាជការ។
នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ក្នុងបរិវេណសាលាក្រុងភ្នំពេញ មានការជួបជុំពុទ្ធបរិសទ័ប្រារព្ធពិធីក្រុងពាលី និងនមៈសិកាព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត និងសម្តែងធម៌ទេសនា និងមានការចូលចាប់មគ្គផលតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន និងដើម្បីឧទ្ទិសកុសល ផលបុណ្យជូនដល់វិញ្ញាណក្ខន្ធបុព្វការីជនមានមាតា បិតា ញាតិការទាំង៧សណ្តាន និងឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធវីរយុទ្ធជន វីរយុទ្ធនារី ដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ។
ពិធីបុណ្យកឋិនទាន បានប្រតិស្ថានតាំងពីជាង២៥០០ឆ្នាំមុននា សម័យកាលដែលព្រះពុទ្ធអង្គព្រះសម្មាសម្ពុធ្ធបរមគ្រូគង់នៅ និងបានព្រះរាជទានអនុញ្ញាត ឲ្យពុទ្ធបរិសទ័ប្រារព្ធពិធីនេះឡើង ដើម្បីនាំយកចីវរទានដែលមានអង្គសំខាន់៣ គឺស្បង់ចីវរ និងសង្ឃដី ទៅវេរប្រគេនព្រះភិក្ខុសង្ឃ ដែលគង់ចាំព្រះវស្សា អស់កាលត្រីមាស ក្នុងពុទ្ធសីមាតាមទីអារាមនានា។
ប្រជាពុទ្ធបរិសទ្ធគ្រប់មជ្ឈដ្ឋានគ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា អនុមោទនាដោយសទ្ធាជ្រះថ្លាដ៏បរិសុទ្ធ បានចាប់ផ្តើមប្រារព្ធពិធីបុណ្យកឋិនទាន តាមពុទ្ធានុញ្ជាតិដោយសប្បាយរីករាយ និងប្រកបដោយមោទនៈភាព ជ្រះថ្លាចំពោះសិទ្ធិសេរីភាពពេញលេញនៅក្នុងជំនឿសាសនា ក៏ដូចជានៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃនាសម័យតេជោ ដែលពោរពេញដោយសុខសន្តិភាព ស្ថេរភាព និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស លើគ្រប់វិស័យ៕