(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះ បានអញ្ជើញបិទ គម្រោងពង្រឹងសមត្ថភាព ការត្រួតពិនិត្យគ្រឿងញៀននៅកម្ពុជា ឆ្នាំ២០១៩ ក្រោយពីបានដាក់ស្នើសុំទៅរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ក្រោមថវិកាជំនួយ ODA (Oversea Development Assistant) តាមរយៈការិយាល័យអគ្គរដ្ឋអាជ្ញានៃសាធារណរដ្ឋកូរ៉េ ក្នុងឆ្នាំ២០១៨ ហើយបានទទួលការអនុម័ត និងអនុវត្តគម្រោងក្នុងឆ្នាំ២០១៩នេះ។

លោកនាយឧត្តមសេនីយ៍បានបញ្ចាក់ថា ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជា បានដាក់ឲ្យអនុវត្តនូវផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១, លើកទី២, និងលើកទី៣ កន្លងមកសមត្ថកិច្ចរបស់កម្ពុជា បានសម្រេចបាននូវសមិទ្ធផលយ៉ាងច្រើន ក្នុងការអនុវត្តសកម្មភាពជាយុទ្ធសាស្ត្រពហុវិស័យ សំដៅកាត់បន្ថយតម្រូវ និងបង្រួមទីផ្សារគ្រឿងញៀននៅកម្ពុជា តាមរយៈការលើកកម្ពស់ប្រសិទ្ធភាពអនុវត្តច្បាប់, ការលើកកម្ពស់ការផ្សព្វផ្សាយ អប់រំ និងការព្យាបាល និងស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀនផងដែរ។

លោកបានបញ្ជាក់ថា «គម្រោងនេះ បានកើតឡើងពីការខិតខំរបស់យើងទាំងអស់គ្នា ពិសេសមន្ត្រីអនុវត្តគ្រឿងញៀនកម្ពុជា ដែលបានខិតខំយ៉ាងសកម្មភាពទាំងការង្ក្រាប ក្រុមឧក្រិដ្ឋជនក្នុងស្រុក និងក្រុមឧក្រិដ្ឋជនអន្តរជាតិ ក្នុងនោះសមត្ថកិច្ចកម្ពុជាក៏បានចាប់ និងបញ្ជូនខ្លួនឧក្រិដ្ឋជនសញ្ជាតិកូរ៉េពាក់ព័ន្ធ និងការចាត់ចែងបទល្មើសគ្រឿងញៀន បានចំនួន១២នាក់ឲ្យទៅអនុវត្តទោស តាមច្បាប់នៅសាធារណរដ្ឋកូរ៉េ ចាប់តាំងពីឆ្នាំ២០១៦កន្លងមក ដោយការអនុវត្តតាមនិវេទន៍ក្រហម (Red Note/Warrant) ដែលបានស្នើសុំពីភាគីកូរ៉េ»

លោកបានបន្តថា «ទោះជាគម្រោងបានបញ្ចប់ តាមខ្លឹមសារដែលបានព្រមព្រៀងគ្នាក៏ដោយ ក៏សកម្មភាពរបស់យើងនៅតែបន្ត ពិសេសលើការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសយើងទាំងពីរកម្ពុជា និងសាធារណរដ្ឋកូរ៉េ, រវាងស្ថាប័នយើងទាំងពីរ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការិយាល័យអគ្គរដ្ឋអាជ្ញានៃសាធារណរដ្ឋកូរ៉េ កាន់តែរឹងមាំឈានទៅសម្រេចនូវគោលដៅថ្មីៗបន្ថែមទៀត នៅពេលអនាគត»

លោកបានធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ដែលបានខិតខំធ្វើកិច្ចការរួមគ្នា លើបេសកកម្មប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិសេសរួមចំណែកក្នុងការងារកាត់បន្ថយការផ្គត់ផ្គង់គ្រឿងញៀនទាំងនៅកម្ពុជា និងនៅសាធារណរដ្ឋកូរ៉េ។

លោកក៏មានជំនឿជាក់ និងសង្ឃឹមយ៉ាងមុតមាំថា សាធារណរដ្ឋកូរ៉េតាមរយៈការិយាល័យអគ្គរដ្ឋអាជ្ញា នឹងបន្តជួយដល់អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បន្ថែមទៀតនៅពេលខាងមុខផងដែរ។

សូមបញ្ជាក់ផងដែរថា គម្រោង ODA ឆ្នាំ២០១៩នេះ បានសម្រេចផ្តល់ជូនអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺជាការឆ្លើយតបទៅតាមសំណូមពរ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងជួបកង្វះខាតផ្នែកធនធាន លើសកម្មភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិសេសក្នុងពេលដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងតែបង្កើនសកម្មភាព ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយការអនុវត្តនូវផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងខុសច្បាប់ លើកទី៤ផងដែរ៕