(ភ្នំពេញ)៖ ដើម្បីសម្រេចឲ្យបានការនាំចេញស្រូវអង្ករឲ្យបាន១លានតោនតាមផែនការ សហព័ន្ធស្រូវអង្ករកម្ពុជា ត្រូវការថវិកាប្រមាណជា២០០លានដុល្លារបន្ថែម ដោយថវិកាទាំងនោះបានមកពីជំនួយរបស់រាជរដ្ឋាភិបាល និងស្ថាប័នឥណទានឯកជន ក្នុងអត្រាការប្រាក់សមរម្យ។ នេះបើតាមការបញ្ជាក់របស់លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា។
លោក សុង សារ៉ន ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះថា ការនាំចេញអង្ករនៅបរិមាណបច្ចុប្បន្ននេះ (ជាង៦០ម៉ឺនតោន) ទទួលចំណូលប្រហែលជាង៤០០លានដុល្លារ ហើយសហព័ន្ធចង់សម្រេចឲ្យបានការនាំចេញឲ្យបានចំណូល៨០០-១០០០លានដុល្លារ ក្នុងរយៈពេល៣ឆ្នាំខាងមុខនេះ។ ក្នុងនោះថវិកា២០០លានដុល្លារ ដែលត្រូវការ គឺពឹងផ្អែកលើធនាគារជាដៃគូរ ពិសេសធនាគារអភិវឌ្ឍន៍ជនបទ និងរាជរដ្ឋាភិបាល។
លោកបន្ដថា ដើម្បីសម្រេចផែនការនេះ សហព័ន្ធស្រូវអង្ករត្រូវការថវិកា២០០លានដុល្លារ ដើម្បីប្រមូលទិញស្រូវពីកសិករ នៅពេលដែលប្រមូលផល។
លោកបញ្ជាក់ដូច្នេះថា «ការស្នើសុំ២០០លានដុល្លារនេះ ផ្ដោតសំខាន់លើការទិញស្រូវពីកសិករ និងដើម្បីជៀសវាងការពឹងពាក់ទាំងស្រុង លើប្រទេសវៀតណាម ដែលតែងតែប្រមូលទិញស្រូវ ពេលកសិករប្រមូលផល និងជាកត្តាមួយធ្វើឲ្យស្រូវចុះថោក»។
លោក សុង សារ៉ន ក៏បានឲ្យដឹងថា យើងបានកំណត់យកនូវគោលដៅចំនួន២ ជាគោលដៅអតិភាព សំរាប់វិស័យស្រូវអង្ករកម្ពុជា។ ដោយគោលដៅទី១៖ ស្វែងរកយន្តការដែលអាចពង្រីកទីផ្សារ ជាពិសេសការនាំចេញឲ្យបាន១លានតោន ក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០២២តទៅ ហើយមាននិរន្តភាពកំណើន ស្របតាមគោលនយោបាយជាតិ ស្រូវអង្ករ ២០១៨ -២០៣០ និងទី២៖ ស្វែងរយកយន្តការ និងយុទ្ធសាស្ត្រដែលធ្វើសហគមន៍ អ្នករកស៊ីផ្នែកស្រូវអង្ករកម្ពុជា មានប្រាក់ចំណេញសមស្រប និងមាននិរន្តភាពប្រតិបត្តិការ៕