(ស្វាយរៀង)៖ លោក ជា បូរ៉ា រដ្ឋលេខាធិកាក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បានប្រាប់ប្រជាពលរដ្ឋ នៅមូលដ្ឋាននេះថា ក្រុមការងារនៅតែបន្តព្យាយាមដោះស្រាយបញ្ហានានា ជូនឱ្យអស់លទ្ធភាព ទោះបញ្ហាធំឬតូចក៏ដោយ គ្រាន់តែបញ្ហាខ្លះត្រូវចំណាយពេលយូរ ក្នុងការដោះស្រាយប៉ុណ្ណោះ។
នេះជាសារដែលត្រូវបានថ្លែង ក្នុងកិច្ចប្រជុំបូកសរុបការងារថ្នាក់ជាតិ ចុះមូលដ្ឋាននៅស្រុកកំពង់រោទិ៍ ប្រចាំត្រីមាសទី៣ និងទិសដៅអនុវត្តបន្តឆ្នាំ២០១៩ នាថ្ងៃទី៣០ ខែតុលា។
លោក ជា បូរ៉ា បានឱ្យដឹងថា តាមរយៈរបាយការណ៍របស់លេខាធិការដ្ឋាន នៃក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកកំពង់រោទិ៍ លោកបានកត់សម្គាល់ថា ក្នុងវេទិកាទាំងនោះ មានប្រជាពលរដ្ឋបានចូលរួមយ៉ាងកុះករ និងបានរាយការណ៍ លើកសំណួរ និងសំណូមពរជាច្រើន ដែលធ្វើឲ្យក្រុមការងារ បានយល់កាន់តែច្បាស់ ពីសភាពការណ៍ជាក់ស្តែងនៅតាមមូលដ្ឋាន ហើយក្រុមការងារ អាជ្ញាធរមូលដ្ឋាន និងអង្គភាពពាក់ព័ន្ធបានសហការគ្នាបកស្រាយ និងឆ្លើយទៅនឹងសំណួរជាច្រើន របស់ប្រជាពលរដ្ឋ ដែលធ្វើឲ្យពួកគាត់កាន់តែយល់ច្បាស់ ពីគោលនយោបាយរបស់រាជរដ្ឋាភិបាល និងកាន់តែមានទំនុកចិត្តលើយើងថែមទៀត។
ទន្ទឹមនឹងនេះ តែនៅមានសំណូមពរមួយចំនួន ដែលក្រុមការងារមិនអាចដោះស្រាយ បានក្នុងរយៈពេលខ្លីនៅឡើយ ដែលទាមទារឲ្យបន្តលើកឡើង ទៅផ្នែកពាក់ព័ន្ធផ្សេងទៀត ហើយមានសំណូមពរខ្លះ ដែលមានទំហំធំពេកតម្រូវ ឲ្យមានថវិកាច្រើន និងបញ្ហាមួយចំនួនដែលពាក់ព័ន្ធនឹងច្បាប់ ឬពាក់ព័ន្ធនឹងប្រព័ន្ធតុលាការជាដើម ទើបធ្វើឱ្យក្រុមការងារពុំទាន់ មានលទ្ធភាពដោះស្រាយបាននៅឡើយ។
ទោះជាយ៉ាងនេះក្តី ក្រុមការងារនៅតែបន្តព្យាយាមដោះស្រាយ ឱ្យអស់លទ្ធភាព ដោយអនុវត្តតាមសេចក្តីណែនាំ របស់រាជរដ្ឋាភិបាល ក្នុងការចុះមូលដ្ឋានជាប់ជាប្រចាំ ក៏ដូចជាការរៀបចំវេទិកាសាធារណៈឱ្យបានទៀងទាត់។
លោកថា ដើម្បីបន្តការតាមដានការអនុវត្ត យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលអាណត្តិទី៦ នៃរដ្ឋសភា ក្រុមការងារត្រូវប្រឹងប្រែងរួមគ្នា បំពេញកិច្ចការសំខាន់ៗមួយចំនួន៖
* ត្រូវបង្កើនភាពជឿជាក់ កក់ក្តៅ និងជិតស្និទ្ធជាមួយប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន តាមរយៈការចុះជួបផ្ទាល់ ការរៀបចំវេទិកាសាធារណៈ និងការធ្វើអំពើល្អរបស់អាជ្ញាធរ មន្រ្តី និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់ថ្នាក់។
* ត្រូវពង្រឹងការងារដោយសាមគ្គីភាពឲ្យបានស្អិតល្មួតក្នុងក្រុម ដោយពិភាក្សាគ្នាជាសមូហភាព ដើម្បីរួមគ្នាដោះស្រាយបញ្ហា និងសំណូមពរដែលប្រជាពលរដ្ឋលើកឡើង ផ្អែកលើច្បាប់ និងតថភាពជាក់ស្តែង។ ក្នុងករណីមិនអាចដោះស្រាយបានត្រូវរាយការណ៍មកថ្នាក់លើ។
* ត្រូវប្រកាន់នូវឥរិយាបថសុភាពរាបសា ទន់ភ្លន់ រួសរាយរាក់ទាក់ ចេះគោរពស្រឡាញ់ប្រជាជន ជៀសវាងដាច់ខាតនូវការប្រព្រឹត្តទង្វើ មិនត្រឹមត្រូវ វាយឫក និយាយស្តីខ្វះសុជីវធម៌ និងប្រព្រឹត្តអំពើដែលបំពានដល់សិទ្ធិ និងផលប្រយោជន៍របស់មន្ត្រីមូលដ្ឋាន និងប្រជាជន។
* ត្រូវបន្តអនុវត្តឲ្យជោគជ័យនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ពិសេសយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដោយប្រកាន់នូវទិសស្លោក «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»។
* ត្រូវជួបប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយប្រជាជននៅមូលដ្ឋាន ដោយក្តាប់ឲ្យបានច្បាស់រាល់សំណូមពរ ឫសគល់នៃបញ្ហា និងការលំបាករបស់ប្រជាជនទូទៅ និងរិះរកគ្រប់មធ្យោបាយជួយសម្រួល និងដោះស្រាយឲ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព ដើម្បីផ្តល់ភាពកក់ក្តៅ និងការជឿរជាក់លើរាជរដ្ឋាភិបាល។
* ត្រូវតាមដានស្តាប់ប្រសាសន៍ សុន្ទរកថារបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ ឆ្លើយបំភ្លឺដល់ប្រជាពលរដ្ឋ និងធ្វើប្រតិកម្មរហ័សវាយបកភ្លាមៗ រាល់ឧបាយកលញុះញង់ បោកបញ្ឆោតរបស់ក្រុមប្រឆាំង។
* ត្រូវផ្សព្វផ្សាយអំពីសមិទ្ធផល និងស្នាដៃរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ ជាពិសេសថ្នាក់ដឹកនាំកំពូលៗ រួមមាន៖ សម្តេចនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីនានាក្នុងវិស័យនយោបាយ ការទូត ទំនាក់ទំនងអន្តរជាតិ សេដ្ឋកិច្ច សង្គមកិច្ច និងការងារកំណែទម្រង់របស់រាជរដ្ឋាភិបាល ព្រមទាំងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។
* ត្រូវបង្កើនចំណេះ ផ្នែកបច្ចេកវិទ្យាព័ត៌មាន IT ជាពិសេសត្រូវចេះប្រើមធ្យោបាយបណ្តាញសង្គមដោយប្រុងប្រយ័ត្ន និងដោយការត្រិះរិះពិចារណា ដោយសារបច្ចុប្បន្ននេះការប្រើប្រាស់ទំនាក់ទំនងតាម Facebook, Line, Whats App និង Telegram ជាដើម ដែលសុទ្ធសឹងជាមធ្យោបាយទំនាក់ទំនងកំពុងពេញនិយម និងឆាប់រហ័ស។ ជាមួយគ្នានេះ ត្រូវជួយចែករំលែកសកម្មភាពរបស់ក្រុមការងារថ្នាក់ជាតិ ក៏ដូចជាសកម្មភាពរបស់សម្តេចតេជោតាម Facebook ឱ្យបានច្រើនបំផុតដូចដែលអាចធ្វើបាន និងត្រូវតបជា Comment ទៅពន្យល់ពួកជ្រុលនិយម ដែលតែងតែវាយប្រហាររាជរដ្ឋាភិបាលឱ្យបានទាន់ពេល។
* ត្រូវខិតខំអនុវត្តតួនាទីភារកិច្ចប្រកដោយស្មារតីទទួលខុសត្រូវខ្ពស់ និងត្រូវចូលរួមចំណែកទប់ស្កាត់សកម្មភាពល្មើសច្បាប់របស់ក្រុមប្រឆាំង និងត្រូវរួមគ្នាថែរក្សាការពារសុខសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍ និងការរស់នៅដ៏សុខសាន្តរបស់ប្រជាពលរដ្ឋ។
* ត្រូវបង្កើនការចុះបំពេញការងារ នៅមូលដ្ឋាន និងរៀបចំវេទិកាសាធារណៈ ដើម្បីផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋ ប្រមូលព័ត៌មាន ដោះស្រាយបញ្ហាប្រឈម និងធ្វើការផ្សព្វផ្សាយ អបរំប្រជាពលរដ្ឋឱ្យយល់ដឹងពីឧបាយកលដ៏ពិសពុល និងគ្រោះថ្នាក់របស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួកពិសេស គឺឧបាយកលបោកបញ្ឆោត ប្រជាពលរដ្ឋឱ្យទៅចូលរួមអនុវត្តផែនការ ការធ្វើរដ្ឋប្រហារដែល ជាសកម្មភាពល្មើសនឹងច្បាប់ ពិសេសត្រូវធ្វើការផ្សព្វផ្សាយ ដល់មន្រ្តីរាជការក្រោមឱវាទគ្រប់រូប ឱ្យបានយល់ជ្រួតជ្រាបអំពីផែនការ និងសកម្មភាពខុសច្បាប់របស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួក។
* ក្រុមការងារនីមួយៗត្រូវរៀបចំផែនការ សកម្មភាពការងារនៅតាមឃុំរបស់ខ្លួន ពិសេសយកចិត្តទុកដាក់ ដល់រៀបចំវេទិកាសាធារណៈឱ្យបានយ៉ាងតិច១ខែម្តង ហើយសម្រាប់ឃុំដែលមានបញ្ហាប្រឈម ត្រូវរៀបចំវេទិកាសាធារណៈ ទៅតាមស្ថានភាពជាក់ស្តែង អាចលើសពី១ខែម្តង ដើម្បីក្តាប់យោបល់ និងសំណូមពររបស់ប្រជាពលរដ្ឋ ហើយធ្វើរបាយការណ៍ ជូនក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកកំពង់រោទិ៍។
* ក្រុមការងារតាមឃុំនីមួយៗ ក្រោយពីបានរៀបចំវេទិកាសាធារណៈរួចហើយ ត្រូវធ្វើរបាយការណ៍មកប្រធានក្រុមការងារថ្នាក់ស្រុក រៀងរាល់សប្តាហ៍ទី៣នៃខែនីមួយៗ ដើម្បីក្រុមការងារស្រុកធ្វើ របាយការណ៍ជូនប្រធានក្រុមការងារថ្នាក់ខេត្ត៕