(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ ចន្ទ រដ្ឋា មេបញ្ជាការរង យោធភូមិភាគទី៥ ទទួលបន្ទក់ការងារព្រំដែន បានដឹកនាំក្រុមការងារអញ្ជើញ ចុះត្រួតពិនិត្យកម្លាំងដែលឈរជើងនៅតាមខ្សែបន្ទាប់ព្រំដែនក្នុងទិសទី១ ម៉ាឡៃ ប៉ោយប៉ែត និងបន្តចុះត្រួតពិនិត្យកម្លាំង ដែលឈរជើងនៅតាមខ្សែបន្ទាប់ព្រំដែន ក្នុងទិសទី២ ច្រកភ្នំដី នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីក្តាប់ឱ្យបាននូវសភាពការណ៍នានា។
ពិធីចុះចុះត្រួតពិនិត្យកម្លាំងដែលឈរជើងនៅតាមខ្សែរបន្ទាប់ព្រំដែន ទាំងពីរទិសនេះ បានធ្វើឡើងនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់បញ្ជាការឈរជើងនៅតាមបន្ទាត់ព្រំដែន តាមគោលដៅនីមួយៗ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងកងកម្លាំងយ៉ាងច្រើនផងដែរ។
បើតាមមន្ត្រីនៃយោធភូមិភាគីទី៥ មួយរូប បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឱ្យដឹងថា ការអញ្ជើញចុះត្រួតពិនិត្យកម្លាំងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃនេះ របស់ថ្នាក់ដឹកនាំយោធភូមិភាគីទី៥ គឺសង្កេតឃើញថា មិនមានបាតុភាពណាមួយប្រែប្រួលនៅតាមខ្សែបន្ទាត់ព្រំដែននោះទេ គឺមានសភាពការណ៍ល្អប្រសើរជាធម្មតា ដោយប្រជាពលរដ្ឋកម្ពុជា បានចេញចូលទៅក្នុងប្រទេសថៃរកស៊ីជាធម្មតា ផងដែរ។
មន្ត្រីយោធារូបនេះ បានបន្តថា មិនតែប៉ុណ្ណោះកងកម្លាំងទាំងបីប្រភេទ រួមមាន៖ កម្លាំងនគរបាល កម្លាំងការពារព្រំដែន និងកម្លាំងទាហាន ប៉េអឹម បានត្រៀមខ្លួនរួចជាស្រេចក្នុងការអនុវត្តនូវបទបញ្ជារបស់ថ្នាក់លើ ដើម្បីរងចាំអនុវត្តដីការចាប់ខ្លួន ក្រុមជនក្បត់ជាតិទាំងណាឡាយណា ចូលមកកម្ពុជា ដែលដឹកនាំដោយទណ្ឌិត សម រង្ស៊ី ដែលមានចេតនាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងមានចង់រំលាយរបបរាជានិយម។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាល ស្ថាប័ន និងក្រសួងមានសមត្ថកិច្ច កំពុងមានចំណាត់ការលើ សមាជិកក្រុមឧទ្ទាមដែលដឹកនាំដោយ លោក សម រង្ស៉ី ដែលរៀបចំផែនការផ្តួលរំលំរាជរដ្ឋាភិបាល នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ដោយក្នុងនោះ បានចាប់ខ្លួនជនពាក់ព័ន្ធជាបន្តបន្ទាប់។ ប៉ុន្តែទោះជាយ៉ាងនេះក្តីសម្រាប់អ្នកដែលសារភាព ក៏ត្រូវបានរួចផុតពីទោសផងដែរ៕