(ភ្នំពេញ)៖ ប្រធានវេទិកាសម្ព័ន្ធសង្គមស៉ីវិល លោក កឹមរ័ត្ន វិសិដ្ឋ បានលើកឡើងថា អង្គការសង្គមស៉ីវិល ក៏មិនខុសពីវិស័យ ឯកជននោះដែរ ពោលគឺជាអ្នកបំពេញបន្ថែមនូវអ្វីដែលរាជរដ្ឋាភិបាលខ្វះខាត ក្នុងការអភិវឌ្ឍសង្គមជាតិ ប៉ុន្ដែភារកិច្ច និងតួនាទីរបស់អង្គការសង្គមស៉ីវិល ក៏ស្ថិតក្រោមការកំណត់ដោយច្បាប់ដូចគ្នាផងដែរ។
ការលើកឡើងរបស់លោក កឹមរ័ត្ន វិសិដ្ឋ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះ ក្នុងឱកាសដឹកនាំ រៀបចំវេទិកាសន្ទនារវាង វេទិកាសម្ព័ន្ធសង្គមស៉ីវិល ជាមួយអង្គភាព សមាគម សហជីព និងសហគមន៍ នៅក្នុងរាជធានីភ្នំពេញ ក្រោមប្រធានបទ «ការពង្រឹងកិច្ចសហការ រវាងអង្គការសង្គមស៉ីវិល និងរាជធានីភ្នំពេញ សម្ដៅសម្រេចបានករ្បខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា»។
លោក កឹម រ័ត្ន វិសិដ្ឋ បានថ្លែងយ៉ាងដូច្នេះថា «នៅក្នុងការអភិវឌ្ឍសង្គមជាមួយ គឺត្រូវមានការចូលរួមសំខាន់ពីគ្រប់ដៃគូ ពីគ្រប់តួអង្គ គឺមានរដ្ឋាភិបាល មានវិស័យ ឯកជន និងសង្គមស៉ីវិល ដូច្នេះយើងទាំងអស់គ្នាមានភារកិច្ចសហការគ្នា ដើម្បីសម្រេចបាននៅការអភិវឌ្ឍសង្គមជាតិ ប្រកបដោយប្រសិទ្ធភាព។ អង្គការសង្គមស៉ីវិល ត្រូវចូលរួមបំពេញបន្ថែម ដល់កិច្ចការទាំងឡាយ ក្នុងការអភិវឌ្ឍជាមួយរាជរដ្ឋាភិបាល។ តួនាទី និងភារកិច្ចរបស់អង្គការសង្គមស៉ីវិល គឺមានកំណត់ច្បាស់លាស់នៅក្នុងច្បាប់ស្ដីពីអង្គការមិនមែនរដ្ឋាភិបាល និងសមាគម ដែលដាក់ឲ្យប្រើប្រាស់នៅឆ្នាំ២០១៥»។
ឆ្លងតាមការធ្វើវេទិកាដែលធ្វើឡើង២៤លើករួចមកហើយ នៅតាមបណ្ដាខេត្ត និងនៅរាជធានីភ្នំពេញ លោកបានកត់សម្គាល់ឃើញថា អង្គការសង្គមស៉ីវិល អង្គការមិនមែនរដ្ឋាភិបាល សមាគម សហគមន៍ និងសហជីព មានឱកាសដើម្បីស្ដាប់ និងយល់ដឹងនូវប្រធានបទសំខាន់ និងមានលើកឡើងនូវសំណួរ និងសំណូមពរជាច្រើន ដែលមានបញ្ហាប្រឈម ឬក៏កង្វល់នូវក្នុងការអនុវត្តការងារ។
ប្រធានវេទិកាសម្ព័ន្ធសង្គមស៉ីវិល បានអះអាងទៀតថា ជាក់ស្ដែងនៅក្នុងវេទិកានេះ បានបើកឱកាសឲ្យអង្គការសង្គមស៉ីវិល សហជីព សមាគម សហគមន៍ ដើម្បីចូលរួមមតិដោយគ្មានការរឹតត្បិតអ្វីនោះឡើយ ដែលទាំងអស់នេះជាផ្លែផ្កាសំខាន់ដែលរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន មានចក្ខុវិស័យក្នុងការពង្រឹងភាពជាដៃគូរវាងអង្គការសង្គមស៉ីវិល ជាមួយរាជរដ្ឋាភិបាល។
លោកបានវាយតម្លៃទៀតថា កាលដែលវេទិកាសម្ព័ន្ធសង្គមស៉ីវិល រៀបចំកិច្ចពិភាក្សា និងពិគ្រោះគ្នាកាន់តែញឹកញាប់នោះ នឹងស្ដាប់បាននូវបញ្ហាប្រឈម នឹងអាចចូលរួមដោះស្រាយបញ្ហាកាន់ល្អប្រសើរផងដែរ ជាមួយអង្គការក្រៅរដ្ឋាភិបាលដែលកំពុងដំណើរការនៅក្នុងប្រទេសកម្ពុជា។ លោកបន្ថែមថា អង្គការសង្គមស៉ីវិល សហជីព ទាំងអស់អាចបំពេញតួនាទីរបស់ខ្លួន បានយ៉ាងរលូននូវអ្វីដែលច្បាប់បានកំណត់ ដោយគ្មានការរឹតត្បិតអ្វីឡើយ។
គួរជម្រាបថា វេទិកាសម្ព័ន្ធសង្គមស៉ីវិល ហៅកាត់ថា វ.ស.ស. ត្រូវបានបង្កើតតាមរយៈអនុក្រឹត្យលេខ១២៨ អនក្រ.បក ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ ក្នុងគោលបំណងប្រមូលផ្តុំទស្សនៈ និងមតិយោបល់ពីសំណាក់បញ្ញវន្ត ក្រុមស្រាវជ្រាវ បណ្ឌិតសភាចារ្យ និងសង្គមស៉ីវិល តាមរយៈការពិភាក្សា និងការស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រ។ លទ្ធផលនៃកិច្ចពិភាក្សា និងការស្រាវជ្រាវ នឹងត្រូវបានយកមកប្រើប្រាស់ជាធាតុចូលសម្រាប់ការរៀបចំសំណើ គោលនយោបាយថ្មីៗ ដែលបម្រើឲ្យផលប្រយោជន៍សាធារណៈ តាមគោលការណ៍ស្ម័គ្រចិត្ត៕