(ព្រះវិហារ)៖ ប្រធានការិយាល័យដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព នៃមន្ទីរបរិស្ថាន ខេត្តព្រះវិហារ លោក វុន ធឿន ត្រូវបានរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ ចុះហត្ថលេខផ្ទេរភារកិច្ចដោយបង្ខំឲ្យមកបំរើការងារនៅក្រសួងបរិស្ថានវិញ។

យោងសេចក្តីសម្រេចរបស់លោក សាយ សំអាល់ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះ លោក វុន ធឿន អត្តលេខ១៧១០៥០០០៤៤ ប្រធានការិយាល័យដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព នៃមន្ទីរបរិស្ថាន ខេត្តព្រះវិហារ ត្រូវដាក់វិន័យក្រោមរូបភាពផ្លាស់ដោយបង្ខំឲ្យមកបម្រើការងារនៅទីស្តីការក្រសួងបរិស្ថានវិញ។

ទាក់ទងនិងការដាក់វិន័យ លោក វុន ធឿន, លោក អៀ សុខា ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា ចំពោះកំហុសឆ្គងលោក វុន ធឿន យ៉ាងណានោះលោកមិនបានដឹងទេ ព្រោះមួយរយៈកន្លងមកនេះ លោករវល់រៀនសូត្រ ហើយបានផ្ទេរភារកិច្ចឲ្យអនុប្រធានមន្ទីរបរិស្ថានខេត្តមួយរូបជាប្រធានមន្ទីរស្តីទី។

ប៉ុន្តែមន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋមួយចំនួន បានសំដែងការគាំទ្រចំពោះចំណាត់ការរបស់លោក សាយ សំអាល់ ដែលបានសម្រេចដកលោក វុន ធឿន ចេញពីតួនាទី។ ពួកគាត់ថា លោក វុន ធឿន អនុវត្តន៍ភារកិច្ចកន្លងមក មិនមានតម្លាភាពទៅតាមច្បាប់នោះទេ ហើយក៏មានរឿងអាស្រូវជាច្រើនផងដែរ៕