(កណ្តាល)៖ លោកបណ្ឌិត ដួង ហេង ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំដើមឬស តំណាងនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំង១៤ភូមិ នៅក្នុងឃុំដើមឬស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កុំចាញ់បោកការញុះញង់របស់ទណ្ឌិត សម រង្ស៉ី ដែលកំពុងរត់គេចខ្លួននៅក្រៅប្រទេស និងប្រាប់ប្រជាពលរដ្ឋត្រូវនាំគ្នាសប្បាយរីករាយ នៅថ្ងៃបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងថ្ងៃអកអំបុកខាងមុខនេះ។
សារអំពាវនាវរបស់លោកបណ្ឌិត ដួង ហេង ត្រូវបានធ្វើឡើង ក្នុងពិធីបើកវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋ ដែលមកពី១៤ភូមិ នៅក្នុងឃុំដើមឬស ដើម្បីដោះស្រាយនូវបញ្ហាផ្សេងៗ ជូនប្រជាពលរដ្ឋ ដែលមានការចូលរួមពីលោក នួន ណារិន អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្ដាល ចុះជួយឃុំដើមឬស រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០១៩នេះ និងបានបំពេញតាមសំណូមពរ របស់ពលរដ្ឋយ៉ាងច្រើន។ ដោយឡែក សម្រាប់បញ្ហាណាដែលដោះស្រាយមិនចេញ លោកសន្យាថា នឹងយកជូនថ្នាក់ដឹកនាំ ដើម្បីដោះស្រាយជូន។
ក្នុងឱកាសនោះ លោកបណ្ឌិត ដួង ហេង ក្នុងនាមជាទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងនាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង ជាមួយលោកស្រី ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមក្នុងពិធីនេះផងដែរ។
ពាក់ព័ន្ធនឹងបញ្ហាប្រទេសជាតិវិញ លោកបណ្ឌិត ដួង ហេង នៅតែលើកឡើង និងចាត់ទុកតម្លៃសន្តិភាពរបស់ជាតិ មិនអាចកាត់ថ្លៃបានឡើយ ពោលមិនថា តែនៅក្នុងឃុំដើមឬសនោះទេ ប៉ុន្តែនៅទូទាំងប្រទេស ប្រជាពលរដ្ឋដើរហើរគ្រប់ទីកន្លែង ប្រកបមុខរបរ និងមានជីវភាពកាន់តែធូរធាពីមួយឆ្នាំទៅមួយឆ្នាំ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។
លោកបណ្ឌិត ដួង ហេង ក៏បានលើកឡើងពី ផែនការចង់ធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលរបស់ ទណ្ឌិត សម រង្ស៊ី និងបក្ខពួកដែលបានប្រកាសចូល មកបំផ្លាញសេចក្តីសុខរបស់ប្រជាជន នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលប្រជាពលរដ្ឋទូទាំងប្រទេសមិនមានការគាំទ្រនោះឡើយ ខណៈការរស់នៅ និងប្រកបរបររបស់ប្រជាពលរដ្ឋមានការរីកចម្រើនរាល់ថ្ងៃ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកប្រធានក្រុមការងារ បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមហូបអំបុកសន្តិភាពឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី៩ រហូតដល់ថ្ងៃទី១២ ខែវិច្ឆិកា ដែលជាព្រះរាជពិធីបុណ្យអុំទូក។ លោកក៏បានលើកឡើង ពីការបោះឆ្នោតនៅកម្ពុជា ដែលមានអន្តរជាតិជាច្រើន ប្រទេសចូលរួមមកអង្កេតការណ៍ និងវាយតម្លៃ តែទណ្ឌិត សម រង្ស៊ី បែរជាប្រកាសមិនទទួលស្គាល់ទៅវិញ គឺជាការមូលបង្ខូចខុសពីការពិតទាំងស្រុង។
ប្រជាពលរដ្ឋទូទាំងឃុំដើមឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានប្រកាសប្តេជ្ញារួមការពារសន្តិភាពឲ្យបានជាដាច់ខាត និងបាននាំគ្នាប្រកាសប្រឆាំងយ៉ាងខ្លាំងក្លាចំពោះ ផែនការក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៊ី ដែលមានបំណងចង់បំផ្លាញសេចក្តីសុខរបស់ជាតិ និងប្រជាជនកម្ពុជាទាំងមូល។
ប្រជាពលរដ្ឋទាំងអស់ បានចាត់ទុកថា តម្លៃសន្តិភាពដែលរកបាន ដោយលំបាកបំផុតពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងមេដឹកនាំគណបក្សប្រជាជនកម្ពុជា ដូច្នេះពួកគាត់ត្រូវតែរួមការពារមិនឲ្យទណ្ឌិតក្រុមក្បត់ជាតិ សម រង្ស៊ី និងបក្ខពួក មកបំផ្លាញដោយងាយស្រួលនោះឡើយ។
គួរជម្រាបថា តាមរយៈវេទិកាសាធារណៈរយៈពេល២ថ្ងៃនេះ លោកបណ្ឌិត ដួង ហេង បានចំណាយថវិកាសរុបប្រមាណ២០លានរៀល ដើម្បីដោះស្រាយបញ្ហាជូនពលរដ្ឋ ក៏ដូចជា ជួសជុលផ្លូវ ចាក់ថ្មមិច ក្រាលគ្រូសក្រហម តាមសំណើររបស់ពួកគាត់៕