(បន្ទាយមានជ័យ)៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អ្នកតំណាងរាស្រ្ត និងលោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន អមដំណើរដោយក្រុមការងារពីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ដឹកនាំហែរអង្គកឋិនទាន ទៅវេរប្រគេនដល់ព្រះសង្ឃគង់ចាំវស្សា អស់កាលត្រីមាស ក្នុងពុទ្ធសីមាវត្តចមសុទ្ធាវាស (វត្តស្វាយចាស់) ស្ថិតនៅសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានមានមតិពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ និងជូនពរពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ពិសេសបងប្អូនប្រជាពលរដ្ឋ នៃមហាគ្រួសារ អ្នកបន្ទាយមានជ័យ។
នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានបន្តថា ផ្លែផ្កានៃសន្តិភាពក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិ មានការរីកចម្រើន ប្រាក់ចំណូល និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាន់តែល្អប្រសើរ ផ្លូវគមនាគមន៍កាន់សម្បូរផ្សារតភ្ជាប់ពីទីក្រុង ទៅទីជនបទពាសពេញប្រទេស បានផ្តល់ឱកាសពេញលេញដល់ប្រជាពលរដ្ឋយើង បានជួបជុំគ្នាធ្វើបុណ្យទានតាមពុទ្ធានុញ្ញាត។
នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងនូវអំណរគុណ ដល់ប្រជាពលរដ្ឋមហាគ្រួសារ អ្នកបន្ទាយមានជ័យទាំងអស់ ដែលរួមគ្នាថែរក្សាបាននូវសុខសន្តិភាព ជាមួយសម្តេចតេជោ និងសូមបន្តថែរក្សា ឲ្យបានគង់វង្ស នូវសុខសន្តិភាព ដែលជាអាយុជិវិតរបស់ជាតិ និងជាអនាគតរបស់យើងទាំងអស់គ្នា ដោយមិនទៅចូលរួមជាមួយក្រុមឧទ្ទាមក្រៅច្បាប់ នាំឲ្យប៉ះពាល់ដល់សន្តិភាព មានទុកទោសដល់ខ្លួនឯង ក្រុមគ្រួសារ និងបំផ្លាញជាតិ។
ក្នុងនាមជាពុទ្ធសានិកឧបត្ថម្ភ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន និងលោកស្រី បានវេរប្រគេននូវបច្ច័យ ដែលកើតចេញពីអង្គកឋិនទានចំនួន៤០០,០០០,០០០រៀល ដល់វត្តចំនួន៧ ដូចខាងក្រោម៖
១៖ វត្តប្រាសាទរលំជ្រៃ ១០,០០០,០០០រៀល
២៖ វត្តគីរីធម្មបទខ្លាកូនថ្មី ១០,០០០,០០០រៀល
៣៖ វត្តនិម្មិត្តសុទ្ធារាមកូនដំរី ១០,០០០,០០០រៀល
៤៖ វត្តពោធិវ័នថ្មសិន ១០,០០០,០០០រៀល
៥៖ វត្តគង្គារាមអញ្ចញ ១០,០០០,០០០រៀល
៦៖ វត្តគីរីរុក្ខរាមឆ្លក ១០,០០០,០០០រៀល
៧៖ វត្តចមសុទ្ធាវាស (ហៅវត្តស្វាយចាស់) ៣៤០,០០០,០០០រៀល
៨៖ ប្រគេនព្រះសង្ឃ៧៦អង្គ ១អង្គៗបច្ច័យ២ម៉ឺនរៀល
៩៖ ប្រគេនបច្ច័យព្រះសង្ឃគ្រូសូត្រឆ្វេងស្ដាំ ២អង្គ ១អង្គៗ បច្ច័យ១០ម៉ឺនរៀល
១០៖ ប្រគេនបច្ច័យព្រះសង្ឃក្រាសគ្រង ១អង្គៗ បច្ច័យ២០ម៉ឺនរៀល៕