(ព្រះសីហនុ)៖ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះ នៅស្នងការដ្ឋាននគរបាលខេត្ត មានរៀបចំពិធីប្រជុំផ្សព្វផ្សាយ សភាពការណ៍និង រឹតបន្តឹង សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងពង្រឹងហ្វឹកហាត់ ជំនាញបច្ចេកទេសបន្ថែម ដល់កងកំលាំងអន្តរាគមន៍ពិសេសក្រោមអធិបតីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និងលោកលោកស្រីឧត្តមសេនីយ៍ ស្នងការរង នាយ នាយរងការិយាល័យ និងអធិការក្រុងស្រុកទាំងបួនផងដែរ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានថ្លែងថា ពិធីនេះធ្វើឡើងក្នុងគោលបំណងត្រួតពិនិត្យកំលាំងជាក់ស្តែងបន្ថែម ត្រួតពិនិត្យ និងសំភារៈមធ្យោបាយ ហ្វឹកហាត់ជំនាញបច្ចេកទេសបន្ថែម ដើម្បីទ្រោលសភាពការណ៍ និងដើម្បីឲ្យប្រាកដកាន់តែច្បាស់ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្តិភាពជូនប្រជាពលរដ្ឋ។
លោកឧត្តមេសនីយ៍ស្នងការ បានបន្ថែមថា បដិវត្តពណ៍ បានបំផ្លាញសុខសន្តិភាពប្រទេសផ្សេងៗជាច្រើនមកហើយ ដូច្នេះនៅកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលស្របច្បាប់ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាននោះ មិនចាញ់បោកកលល្បិចរបស់ជនណាឡើយ ហើយបើមានក្តិបបដិវត្តពណ៍មួយដាច់ខាតត្រូវតែកម្ទេចមួយ។ ស្នងការនគរបាលខេត្ត នឹងប្រើប្រាស់កំលាំងឲ្យអស់មានជាង ១០០០នាក់ គឺប្រើទាំងជាង ១០០០នាក់។
លោកឧត្តមសេនីយ៍ស្នងការ ក៏បានបញ្ជាក់ថា «ទំរាំមានសន្តិភាពដូចសព្វថ្ងៃនេះ ប្រមុខរាជរដ្ឋាភិបាល បានយកសាច់ស្រស់ឈាមស្រស់ទៅប្តូដែលជាតម្លៃមិនអាចកាត់ថ្លៃបាន ដូច្នេះបើមានអ្វីក៏ដោយ ដែលបង្កលាចលអ្វីក៏ដោយឲ្យតែបណ្តាលឲ្យប៉ះពាល់ដល់សន្តិភាព រំខានដល់សេចក្តីសុខ សុវត្ថិភាពរបស់ប្រជាពលរដ្ឋ រស់នៅ គឺយើងទាំងអស់គ្នាជាកងកម្លាំងប្រដាប់អាវុធត្រូវតែបង្ក្រាប កម្ទេចចោលជាដាច់ខាត។ ខ្ញុំជឿជាក់លើបងប្អូននៅទីនេះមិនត្រូវចាញ់បោកឧបាយកលណាមួយ ដែលជាអំពើរខុសច្បាប់ក្រោមការញុះញុងរបស់ជនក្បត់ជាតិណាមួយនោះឡើយ»។
ក្នុងពិធីនោះដែរលោកឧត្តមសេនីយ៍ស្នងការ បានឈ្លៀតឱកាសថ្លែងអំណគុណយ៉ាងជ្រាលជ្រៅ ដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ បងប្អូនប្រជាពលរដ្ឋ អ្នករកទទួលទានអ្នកវិនិយោគ ជាតិ និងអន្តរជាតិដែលបានសួរសុខទុក្ខព្រួយបារម្មណ៍អំពីរសុខភាពរបស់លោក ដូច្នេះជាកិច្ចឆ្លើយតបទឹកចិត្តរបស់ថ្នាក់ដឹកនាំ បងប្អូនទាំងអស់លោកឧត្តមសេនីយ៍ស្នងការ នឹងខិតខំប្រឹងប្រែងអោយអស់ពីសមត្ថភាពបំរើដ៌ស្មោះស្ម័គ្រដើម្បីរក្សាសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈជាពិសេសខេត្តព្រះសីហនុទាំងមូល។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ស្នងការក៏បានប្រកាសឲ្យកងកម្លាំងទាំងអស់ត្រៀមចូលរួមអកអំបុកសំពះព្រះខែថ្ងៃ៩ វិច្ឆិកាខាងមុខនេះដែរ។
បញ្ចប់ពិធីនោះក៏មានពិធីប្រគល់សំភារៈឈុតអន្តរគមន៍ពិសេសដល់កងកំលាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដែលមាន អាវក្រោះ មួកដែកការពារគ្រាប់ ខែលការពារគ្រាប់ ខ្សែក្រវាត់ ស្រោមដៃ ការពារជង្គង់ និងកែងដៃ និងស្រោមសៀតកាំភ្លើងនៅភ្លៅ សរុប ចំនួន១៥០ឈុតក្រោមការឧបត្ថម្ភ របស់លោកឧកញ៉ា រតនៈ សម្បត្តិ ប្រធានក្រុមហ៊ុន The Rich Resort និងជាថៅកែ ភោជនីយ៍ដ្ឋានម្លប់ជ្រៃប៉ោកីខេត្តព្រះសីហនុ។
លោកឧត្តមសេនីយ៍ទោ ស្នងការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកឧកញ៉ា រតនៈ សម្បត្តិ និងលោកស្រី និងបានជូនពរដល់លោកឧកញ៉ា និងលោកស្រី ព្រមទាំងសហការីទាំងអស់ឲ្យជួបតែសេចក្តីសុខ សេចក្តីចំរើនក្នុងការងាររកទទួលបានជោគជ័យ៕