(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) នៃកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះ បានរៀបចំកិច្ចប្រជុំទទួលការមកត្រួតពិនិត្យ ដល់ប្រទេស (Country Visit) នូវការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ (UNCAC) ជុំទី២ នៅកម្ពុជា ពីសំណាក់តំណាងអង្គការសហប្រជាជាតិ និងអ្នកជំនាញ មកពីប្រទេសថៃ និងអេស្វាទីទី។
កិច្ចប្រជុំនេះធ្វើឡើងដោយមានការចូលរួមរួមពីលោក ឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយនៃកម្ពុជា តំណាងលោក ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងដោយមានការអញ្ជើញចូលរួមពីតំណាងមកពីក្រសួងស្ថាប័នសាធារណៈ វិស័យឯកជន និងអង្គការសង្គមស៊ីវិលជាច្រើន ផងដែរ ដោយកិច្ចប្រជុំនេះនិងធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៣០-៣១ ខែតុលា និងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោក ឃាង សេង បានថ្លែងថា កិច្ចប្រជុំត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ជាវេទិកាដល់ភាគីត្រួតពិនិត្យ (តំណាងអ.ស.ប, និងអ្នកជំនាញមកពីប្រទេសថៃ និងអេស្វាទិនី ) ជួបសាកសួរ ជជែកដេញដោលលម្អិតផ្ទាល់ ជាមួយភាគីពាក់ព័ន្ធអំពីការអនុវត្តជាក់ស្តែង ទាក់ទងនិងបទដ្ឋានដែល UNCAC បានកំណត់ និងដែលកម្ពុជាត្រូវគោរពតាម ដោយផ្តោតលើជំពូកទី២ វិធានការបង្ការអំពើពុករលួយ និងជំ ពូកទី៥ ការបញ្ជូនមកវិញនូវផលនៃបទល្មើសពុករលួយនៃ UNCAC បន្ថែមលើព័ត៌មាន ដែលបានផ្តល់ជូនក្នុងរបាយការណ៍ស្វ័យវាយតម្លៃ ដែលបានអនុម័តក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ដែលកម្ពុជាបានដាក់ជូនពិនិត្យ។
លោក ឃាង សេង បានបញ្ជាក់ទៀតថា កិច្ចប្រជុំនេះក៏បានឆ្លុះ បញ្ចាំងពីឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងការបើកចំហរ បស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទទួលទស្សនៈកិច្ចត្រួតពិនិត្យ ដល់ប្រទេសពីភាគីត្រួតពិនិត្យ ដែលជាយន្តការជាជម្រើសក្នុងដំណើរការត្រួតពិនិត្យ។ ក្រោយកិច្ចប្រជុំផ្អែកលើព័ត៌មានទទួលបាន ភាគីត្រួតពិនិត្យ នឹងរៀបចំនូវរបាយការណ៍ប្រចាំប្រទេ ស (Country Report) ស្តីពីការអនុវត្ត UNCAC នៅកម្ពុជា ដែលជាការគូសបញ្ជាក់ពីការបិទបញ្ចប់ការត្រួតពិនិត្យ ការអនុវត្ត UNCACជុំទី២ នៅកម្ពុជា។
សូមជម្រាបថា ការត្រួតពិនិត្យការអនុវត្ត UNCAC ត្រូវបានធ្វើឡើងជា២ជុំ ដោយជុំទី១ ផ្តោតការត្រួតពិនិត្យលើជំពូកទី៣ ការកំណត់ជាបទល្មើស និងជំពូកទី៤ កិច្ចសហប្រតិបត្តិការអន្តរជាតិ និងជុំទី២ ផ្តោតការត្រួតពិនិត្យលើជំពូកទី២ វិធានការបង្ការអំពើពុករលួយ និងជំពូកទី៥ ការបញ្ជូនមកវិញនូវផលនៃបទល្មើសពុករលួយ ហើយ ភាគីមកត្រួតពិនិត្យគឺជ្រើសរើសតាមការចាប់ឆ្នោត។ កម្ពុជាបានទទួលការត្រួតពិនិត្យជុំទី១ បានបញ្ចប់នៅឆ្នាំ២០១៥ ដោយតំណាងអង្គការសហប្រជាជាតិ និងអ្នកជំនាញមកពីប្រទេសមីយ៉ាន់ម៉ា និងតូហ្គូ។
ដំណើរការនៃការរៀបចំការត្រួតពិនិត្យការអនុវត្ត UNCAC នៅកម្ពុជាត្រូវបានមជ្ឈដ្ឋានអន្តរជាតិកោតសសើរ និងទទួលស្គាល់ថា មានលក្ខណៈគ្រប់ជ្រុងជ្រោយ និងបើកចំហប្រកបដោយតម្លាភាព ដោយកម្ពុជាបានរួមបញ្ចូលគ្រប់ភាគីពាក់ព័ន្ធ ក្នុងយន្តការនៃការត្រួតពិនិត្យ រួមមានភាគីមកពីក្រសួងស្ថាប័នសាធារណៈ អង្គការសង្គមស៊ីវិល ផ្នែកសារព័ត៌មានផ្នែកសិក្សាធិការ និងវិស័យឯកជន។
សូមបញ្ជាក់ថា សម្រាប់ការត្រួតពិនិត្យការអនុវត្ត UNCAC ជុំទី១ កម្ពុជាក៏បានបញ្ជូនអ្នកជំនាញការរាជរដ្ឋាភិបាលរបស់ខ្លួន ទៅត្រួតពិនិត្យប្រទេសចំនួន៣ រួមមានម៉ាល់តា (២០១៣) ប៉ាឡៅ (២០១៤) និងអា រ៉ាប៊ីសាអូឌីត (២០១៥) ហើយក៏បានទៅចែករំលែកបទពិសោធន៍របស់ខ្លួន តាមការអញ្ជើញរបស់ អ.ស.ប. អំពីការរៀបចំយន្តការ ត្រួតពិនិត្យការអនុវត្ត UNCAC នៅកម្ពុជា ដល់ប្រទេសមីយ៉ាន់ម៉ា ដែលជាភាគីត្រួតពិនិត្យខ្លួនផងដែរកាលពីដើមឆ្នាំ២០១៥ ។ សម្រាប់ការត្រួតពិនិត្យការអនុវត្ត UNCAC ជុំទី២កម្ពុជា ក៏នឹងបញ្ជូនអ្នកជំនាញការរាជរដ្ឋាភិបាលទៅត្រួតពិនិត្យប្រទេសគិរីបាសផងដែរ៕