(ភ្នំពេញ)៖ ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យធំៗ ក៏ដូចជា ការអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១០-១២ ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋបាលរាជធានីភ្នំពេញបាន និងកំពុងមមាញឹកក្នុងការតុបតែងលំអដោយភ្លើងចម្រុះពណ៌ នៅរាជធានីភ្នំពេញ ដូចជា ការងារលាបគំនូសចរាចរណ៍ លាបកំបោរ និងការតុបតែងភ្លើងតាម ដើមឈើ និងដងផ្លូវនានានៅក្នុងរាជធានីភ្នំពេញ។ នេះជាការបញ្ជាក់របស់លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ។
លោក សាំ ពិសិដ្ឋ បានឲ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះថា «ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នាពេលខាងមុខនេះ អនុវត្តតាមការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, មន្ទីរសាធារណការ និងដឹកជញ្ជូន បាននិងកំពុងលាបគំនូសចរាចរណ៍លើផ្លូវស៊ីសុវត្ថិ ពីស្ពានមកដល់រង្វង់មូលសម្ដេច ជួន ណាត លើផ្លូវសុធារស លើផ្លូវសង្ខាងសួនច្បារសម្តេច ហ៊ុន សែន រង្វល់មូលសម្តេចសង្ឃជួនណាត និងផ្លូវព្រះនរោត្តម»។
លោកថា ជាងនេះទៅទៀតយើង បាននិងកំពុងលាបគំនូសចរាចណ៍ និងលាបកំបោរសជុំវិញវត្តភ្នំ ផ្លូវសុរាម្រិតផ្លូវព្រះសីហនុ និងកន្លែងសប្បាយភាព នៅក្នុងខណ្ឌដូនពេញ រួមទាំងស្ពានជ្រោយចង្វារនិងផ្លូវកែវពេជ្រចិន្តា។
លោកបន្តថា ចំពោះការតុបតែងច្រើន ដូចជា ការតុបតែងភ្លើង ដោយយើងចាប់ជាព័ន្ធរួម ដូចជា ការតុបតែងភ្លើង សួនវិមានឯករាជ តាមផ្លូវព្រះនរោត្តម សួនមាត់ទន្លេ តាមដើមស្លាយក្ស លើនៅរមនីយដ្ឋានវត្តភ្នំ សួនមុខវិមានសន្តិភាព មុខអតីតប៉ុស្តិ៍លេខ៣ និងសួនស្ពានជ្រោយចង្វា។ យើងបាននិងកំពុងលាបកំបោរតាមគល់ឈើ នៅតាមផ្លូវព្រះនរោត្ដម ផ្លូវព្រះសីហនុ មាត់ទន្លេ ជាមួយនិងការរៀបចំរៀបជាក្រានីតកាត់ស្មៅ ដែលការងារនេះយើងបាន និងកំពុងធ្វើហើយការជួសជុលផ្លូវសំបុកមាន់យើងក៏បាននិងកំពុងអនុវត្កនៅក្នុងខណ្ឌដូនពេញ។
ក្រៅពីហ្នឹងយើងបាននិងកំពុងរៀបចំឈូសឆាយ ដីនៅក្នុងតំបន់អភិវឌ្ឍន៍ OCIC ដើម្បីធ្វើរោងសម្រាប់ស្នាក់នៅឲ្យកីឡាករអុំទូក និងការរៀបចំបង្គន់អនាម័យនៅទីនោះចំនួន ៥៦០បង្គន់ ក្នុងនោះមានបង្គន់ជីកចំនួន ៣០០ និងបង្គន់ចល័តចំនូន២៦០បង្គន់។ ជួសជុលភ្លើងនៅព្រះអង្គដងកើរ ជួលជុលបង្គោលភ្លើងលើតំបូលវេទិកាបុណ្យអុំទូក៕