(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា រដ្ឋបាលថ្នាក់មូលដ្ឋានមានមុខងារសំខាន់ ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។
លោកអភិបាលខេត្ត បានលើកឡើងដូច្នេះនៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ក្នុងពិធីបើកសិក្ខាសាលាសមាហរណកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២០-២០២២ នៅសាលាស្រុកកំពង់សៀម។
លោកអភិបាលខេត្ត បានថ្លែងបន្តថា «បច្ចុប្បន្ននេះរាជធានី និងគ្រប់ខេត្តនៅទូទាំងប្រទេស កំពុងតែសកម្មប្រយុទ្ធយ៉ាងក្លៀវក្លា ក្នុងការអនុវត្តគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដែលដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា»។
រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា បានជំរុញដំណើរការកំណែទម្រង់ដ៏ស៊ីជម្រៅ និងទូលំទូលាយរួមមាន «ការកែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការការកែទម្រង់ដីធ្លីជលផល ការគ្រប់គ្រងព្រៃឈើ ធនធានធម្មជាតិ និងបរិស្ថាន ដើម្បីធានាអភិបាលកិច្ចល្អ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព»។
លោកបន្តថា នៅក្នុងកំណែទម្រង់រដ្ឋបាលសាធារណៈ រាជរដ្ឋាភិបាលចាត់ទុកថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ មានសារៈសំខាន់ចំពោះការកែលម្អគុណភាពនៃសេវាសាធារណៈរួមមាន៖
*ទី១៖ ការអភិវឌ្ឍមូលដ្ឋានដោយមានការចូលរួមយ៉ាងសកម្មនៅក្នុងការធ្វើសេចក្តីសម្រេចចិត្តនៅមូលដ្ឋាន
*ទី២៖ ការផ្តល់សេវាសាធារណៈរបស់ក្រសួង ស្ថាប័ននៅថ្នាក់ជាតិកាន់តែរហ័ស និងមានប្រសិទ្ធភាព
*ទី៣៖ ការបង្កើននូវលទ្ធភាព នៃការកៀរគរប្រភពធនធាននៅមូលដ្ឋាន សម្រាប់ផ្តល់សេវានិងការអភិវឌ្ឍបន្ថែមទៀត។
ទន្ទឹមនឹងនេះ សិក្ខាសាលាសមាហរណកម្មផែនការនាពេលនេះដែរ ជាសូចនាករមួយបង្ហាញពីការចូលរួមក្នុងការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ការវិវត្តនៃកិច្ចដំណើរ ការកំណែទម្រង់តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ តាមរយៈគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការប្រកបដោយការជឿជាក់យ៉ាងខ្លាំងចំពោះតួនាទី ដ៏មានសារៈសំខាន់របស់រដ្ឋបាល ថ្នាក់ក្រោមជាតិ ក្នុងការផ្តល់សេវាសាធា រណៈ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតាម មូលដ្ឋាន សំដៅលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រប្រកប ដោយប្រសិទ្ធភាព។
ផ្តើមចេញពីឆន្ទៈ និងជំនឿជឿជាក់នេះក្នុងអំឡុងជិត២ ទសវត្សរ៍កន្លងមកនេះ រាជរដ្ឋាភិបាលបានជំរុញ និងគាំទ្រយ៉ាងសកម្មដល់ការរៀបចំ និងការអនុវត្តកម្មវិធី កំណែទម្រង់ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្នុងន័យនេះ រដ្ឋបាលឃុំសង្កាត់បានក្លាយទៅជា រដ្ឋ បាលថ្នាក់មូលដ្ឋានដែលមានមុខងារសំខាន់ក្នុងការផ្តល់សេវាសាធារណៈជូន ប្រជាពលរដ្ឋ៕