(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌច្បារអំពៅ បានបើកយុទ្ធនាការវេទិកាសាធារណៈ និងផ្សព្វផ្សាយឯកសារជំនួយស្មារតី ជូនដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខណ្ឌ ដើម្បីឲ្យយល់ពីសភាពការណ៍ កុំឲ្យចាញ់ការញុះញង់ របស់ក្រុមឧទ្ទាម សម រង្សី នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩។
នាឱកាសនោះ ក៏មានការចូលរួមពីលោកស្រី សុភ័ក្ត ថាវី អនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខណ្ឌច្បារអំពៅ និងលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ជាអធិបតី នៅក្នុងវេទិកាសាធារណៈ ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងបុរី ប៉េង ហួត បឹងឈូក គំរោងទី៤ ទី៥ ទី៦ ដើម្បីស្តាប់ និងស្រាយបំភ្លឺ ដោះស្រាយ ពីសំណើរ សំនួរ សំណូមពរ កង្វល់នានា។ ក្នុងនោះ ក៏បានផ្សព្វផ្សាយ ពីសភាពការណ៍មួយចំនួនជូនដល់បងប្អូន ដើម្បីជ្រាបកាន់តែច្បាស់ពីគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសផងដែរ។
ជាមួយគ្នានោះ លោក ចេង មុនីរ៉ា បានធ្វើការផ្សព្វផ្សាយ ពីការបំរើសេវាតាមយន្តការ ការិយាល័យច្រកចេញ-ចូលតែមួយ របស់រដ្ឋបាលខណ្ឌ។
លោកអភិបាលខណ្ឌ បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ត្រូវការសេវាណាមួយ សូមអញ្ជើញទៅការិយាល័យច្រកចេញចូលតែមួយ ដោយផ្ទាល់ខ្លួនឯង ដើម្បីទទួលសេវា កុំពឹងគេ បើកាលណាបងប្អូនពឹងគេ គេយកលុយ ហើយបងប្អូនចេះតែដាក់បន្ទុកមកលើអាជ្ញាធរ ស្នើសុំលុបបំបាត់ លុបបំបាត់អ្នកកណ្តាល យើងអត់ត្រូវការអ្នកកណ្តាលទេ។ យើងអ្នកផ្តល់សេវា យើងត្រូវការជួបអ្នកដែលមកទទួលសេវា ប្រជាពលរដ្ឋដែលជាអ្នកត្រូវការសេវា ភ្នាក់ងាររបស់រដ្ឋជាអ្នកផ្តល់សេវា។
ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ បានស្នើឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមសហការជាមួយអាជ្ញាធរខណ្ឌ ក្នុងការផ្តល់ព័ត៌មានផ្សេងៗ ពាក់ព័ន្ធភាពមិនប្រក្រតីនៅក្នុងមូលដ្ឋាន ជាពិសេសមុនសញ្ញា មិនបទល្មើសដែលបង្កជាអសន្តិសុខសង្គម។ រាល់ការផ្តល់ព័ត៌មានរបស់បងប្អូន អាជ្ញាធរ និងរក្សាការសម្ងាត់ជូន ហើយក៏មានន័យថា បងប្អូនបានចូលរួមជាមួយអាជ្ញាធរ ក្នុងការអនុវត្តគោលនយោបាយ (ភូមិសង្កាត់មានសុវត្ថិភាព) ឲ្យមានប្រសិទ្ធភាព៕