(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី អៀង មូលី បានអញ្ជើញទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយលោកបណ្ឌិត Donald Kaberuka ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិសកល នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះ ដើម្បីបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា។
លោកបណ្ឌិត Donald Kaberuka ត្រូវបានជ្រើសតាំងជា ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិសកល តាមរយៈការបោះឆ្នោត កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ នៅទៅក្រុងហ្សឺណែវប្រទេសស្វ៊ីស សម្រាប់អណត្តិ ឆ្នាំ២០១៩-២០២១។
លោកប្រធានក្រុមប្រឹក្សាភិបាលមូលនិធិសកល ធ្លាប់កាន់តំណែងជា រដ្ឋមន្រ្តីហិរញ្ញវត្ថុ ប្រទេសរវ៉ាន់ដា (Rwanda ) ពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០០៥។ ក្នុងតំណែងជារដ្ឋមន្រ្តីហិរញ្ញវត្ថុ លោកក៏មានតំណែងជាអភិបាលធនាគារពិភពលោក និងមូលនិធិរូបីយវត្ថុអន្តរជាតិប្រចាំប្រទេសរវ៉ាន់ដាផងដែរ។
បន្ទាប់មកលោកក៏បានកាន់តំណែងជា ប្រធានក្រុមប្រឹក្សាភិបាលធនាគារអភិវឌ្ឍន៍អាហ្រ្វិក ពីឆ្នាំ២០០៥ ដល់ ឆ្នាំ២០១៥។ លោកបណ្ឌិត បានជ្រើសរើសប្រទេសកម្ពុជា ដើម្បីពិនិត្យមើលលទ្ធផល នៃការអនុវត្តគម្រោងកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់ ដែលត្រូវបានផ្តល់ការគាំទ្រហិរញ្ញវត្ថុ ដោយមូលនិធិសកល ក្នុងដំណើរមកចូលរួមកិច្ចប្រជុំក្នុងតំបន់។
ក្នុងដំណើរបំពេញទស្សនកិច្ចការងារនេះ លោកបណ្ឌិត Donald Kaberuka ក៏នឹងជួបពិភាក្សាការងារជាមួយ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ៕