(ព្រះសីហនុ)៖ រហូតមកដល់រសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះ អាជ្ញាធរ និងសមត្ថកិច្ចមិនទាន់មានតម្រុយណាមួយ ក្នុងការស្វែងរកនារីជនជាតិអង់គ្លេសនៅឡើយ ក្រោយបាត់ខ្លួននៅកោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ កាលពីប៉ុន្មានថ្ងៃមុននោះ។ នេះជាថ្ងៃទី៧ ហើយនៃការបាត់ខ្លួនរបស់កញ្ញា AMELIA LOUISE អាយុ២១ឆ្នាំ ជាជនជាតិអង់គ្លេស កាន់លិខិតឆ្លងដែនលេខ ៥៣១៨៩០៨៣៣។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា រហូតមកថ្ងៃនេះទាំងអាជ្ញាធរ និងកម្លាំងសមត្ថកិច្ច ព្រមទាំងការជួយអូប័រចំនួន៧ គ្រឿងរបស់ឧកញ៉ា ទៀ វិចិត្រ និងសន្តិសុខលំហរសមុទ្រ បាននិងកំពុងបន្តប្រតិបត្តិការស្វែងរកនារីបរទេសរូបនេះ ហើយក៏បានប្រើសុនខ (ឆ្កែ) ដើម្បីជាជំនួយទៀតផង តែហាក់មិនទាន់បានទទួលតម្រុយណាមួយនោះទេ។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ម្សិលមិញពេញមួយថ្ងៃកម្លាំង បានចេញបន្តស្វែងរកដឹកនាំដោយលោក នួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុង និងលោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរង និងមន្រ្តីក្រោមឱវាទ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងមានការចូលរួមពីជនបរទេសជាអាជីវករនៅលើកោះរ៉ុង បានបន្តស្វែងរកនារីជនជាតិអង់គ្លេសដែលបាត់ខ្លួនដោយប្រើប្រាស់៖
*មធ្យោបាយ៖ អូបរ័៧ (របស់លោកឧកញ៉ា ទៀ វិចិត្រ ចំនួន៦ គ្រឿង និងសន្តិសុខលំហរ ១គ្រឿង, ម៉ូតូ១២ គ្រឿង
*ប្រើប្រាស់កម្លាំងសរុប១៧៥នាក់៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តចំនួន២៤នាក់, អាវុធហត្ថ ៥នាក់, បញ្ជាការសឹករង ៥នាក់, មន្ទីរបរិស្ថាន ២នាក់, ក្រុមជ្រមុជទឹក២នាក់, មន្រ្តីសាលាក្រុងកោះរ៉ុង ២នាក់, សាលាសង្កាត់ទាំង២ ចំនួន ៧នាក់, ក្រុមសហគមន៍នេសាទទាំង៣ ភូមិ និងប្រជាការពារ ២៥នាក់ នគរបាលវរៈការពារព្រំដែនទឹក ៦នាក់, វរការពារកោះឆ្នេរលេខ៤ ចំនួន២៥ នាក់, វរការពារកោះឆ្នេរ១០នាក់ និងគណៈកម្មការជាតិសន្តិសុខលំហរសមុទ្រ ១០នាក់, ក្រុមអាជីវករបរទេស ១៥នាក់ ,
ក្រុមគ្រួសារជនរងគ្រោះ ៧នាក់ និងក្រុមមនុស្សធម៌ លោកឧកញ៉ាទៀ វិចិត្រ ចំនួន៣០នាក់។
បើតាមលោកស្នងការ ក្រុមជួយសង្គ្រោះត្រូវចែកជា៣ក្រុម៖
*ក្រុម១៖ ក្រុមរកលើផ្ទៃទឹកចែកជា ៧ក្រុម
*ក្រុម២៖ ក្រុមរុករកលើភ្នំក្នុងព្រៃចែកជា ២ក្រុម
*ក្រុម៣៖ ក្រុមស្រាវជ្រាវប្រមូលទិន្នន័យ និងស៉ើបសួរបញ្ជាក់ធ្វើសាវតាជាតិ (កម្លាំងព្រហ្មទណ្ឌកំរិតធ្ងន់ ស្នងការនគរបាលខេត្ត បានបន្តសាកសួរមនុស្សចំនួន ៦នាក់ និងនគរបាលទេសចរណ៍សហការជាមួយប៉ុស្តិ៍រដ្ឋបាលបានកោះហៅសួរបំភ្លឺមនុស្សចំនួន ១១នាក់ ស្រី២នាក់ (ជនបរទេស៤ស្រី២នាក់) ម្ចាស់អាជីវកម្មប៉ូលីសប៊ិច១នាក់ បុគ្គលិក៥ និងកាពីទែនសាឡាងដឹកគ្រឿងសំណង់ ចតជាប់ផែក្បែរកន្លែងកើតហេតុ១នាក់ និងកម្មករ៤នាក់)។
សូមបញ្ជាក់ថា នាង AMELIA LOUISE បានចេញពីក្រុងព្រះសីហនុ ឆ្ពោះទៅគោលដៅក្រុងកោះរ៉ុង នៅម៉ោង ៥ល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ មកដល់កោះរ៉ុងនៅម៉ោង៦ល្ងាច។
នាងបានចូលស្នាក់នៅផ្ទះសំណាក់ Ness Beach នៅម៉ោង៨៖១៥នាទីយប់ថ្ងៃខែឆ្នាំដដែល ក្នុងគោលបំណងទេសចរណ៍។ មុនបាត់ខ្លូន គេបានប្រទះឃើញនារីនោះលើកចុងក្រោយ នៅម៉ោង៣៖៣០ទៀបភ្លឺ ឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ក្នុងពិធីជប់លៀងមួយនៅឆ្នេរកោះរ៉ុង (Police Beach) ក្រោយមកក៏បាត់ដំណឹងតែម្តង៕