(ភ្នំពេញ)៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះ បានដឹកនាំមន្រ្តីក្រោមឱវាទសាលាខណ្ឌ, កម្លាំងសន្តិសុខសណ្តាប់ធ្នាប់ខណ្ឌ និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ចុះធ្វើពលកម្មសំអាតបរិស្ថាន និងបាញ់ថ្នាំមូស នៅក្នុងបរិវេណសាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុន សែន ព្រែកប្រា។
ក្នុងឱកាសនោះ លោក ចេង មុនីរ៉ា បានថ្លែងថា ការធ្វើពលកម្មសំអាតបរិស្ថានក្នុងពេលនេះ គឺដើម្បីត្រៀមលក្ខណៈ ឲ្យសិស្សានុសិស្សទាំងអស់ចូលរៀនក្នុងឆ្នាំសិក្សាថ្មី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩តទៅ។
លោកបានឲ្យដឹងទៀតថា សាលាគឺជាថ្នាលសំរាប់បណ្តុះចំណេះដឹងទូទៅ រួមនឹងផ្តល់អប់រំនូវ សីលធ៌ម គុណធ៌ម និងចរិយាធ៌ម ដល់សិស្សានុសិស្សគ្រប់រូប។ សាលារៀនល្អ បរិស្ថានល្អ ក៏ជាទីកន្លែងគូរជាទីចូលចិត្ត របស់សិស្សានុសិស្សក្នុងការសិក្សា។ ការធ្វើពលកម្មសំអាតបរិស្ថាន ក្នុងសាលានាពេលនេះ រួមមាន៖ ការបោសសំអាតសំរាម សំអាតស្មៅក្នុងទីធ្លាសាលា និងបាញ់ថ្នាំមូសគ្រប់ទីកន្លែង ទាំងក្នុងថ្នាក់រៀន និងជុំវិញបរិវេណសាលា។
គូសបញ្ជាក់ថា ថ្មីៗនេះ លោកអភិបាលខណ្ឌ ចេង មុនីរ៉ា បានជួយឧបត្ថម្ភឧបករណ៍ និងសម្ភារសំរាប់ក្មេងលេងសាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុន សែន ព្រែកប្រា និងបន្តជួយធ្វើទីធ្លាបាល់ទាត់ខ្នាតតូច ក្នុងបរិវេណសាលា ដើម្បីឲ្យសិស្សានុសិស្សចូលលេងកីឡាផងដែរ។
លោកអភិបាលបាលខណ្ឌច្បារអំពៅ ក៏បានអំពាវនាវដល់គណៈនាយក នៃបណ្តាសាលារៀនទាំងអស់ ក្នុងខណ្ឌច្បារអំពៅ ត្រូវនាំគ្នាធ្វើពលកម្មសំអាតបរិវេណ សាលា និងថ្នាក់រៀនឲ្យបានស្អាត មុននឹងថ្ងៃបើកបវេសនកាល ឆ្នាំសិក្សាថ្មីចូលមកដល់៕