(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៤ និងទី៥ បានក្រើនរំលឹកដល់នគរបាលអន្តរាគមន៍ និងនគរបាលការពារព្រំដែនទាំងអស់ ត្រូវតែកំចាត់ចោលភ្លាម ចំពោះក្រុមចលនាឧទ្ទាមក្រៅច្បាប់ ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតនោះ។
សារក្រើនរំលឹកជាថ្មី របស់អគ្គស្នងការរងនគរបាលរូបនេះ ធ្វើឡើងក្នុងឱកាសផ្តល់រថយន្តជិត ២០គ្រឿង និងសំណេះសំណាល ជាមួយអង្គភាពនគរបាលអន្តរាគមន៍ និងការពារព្រំដែន នៅអង្គភាពនគរបាលអន្តរាគមន៍ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះ។
នាយឧត្តមសេនីយ៍ ខេង សុមេធ បានលើកឡើងថា នាប៉ុន្មានថ្ងៃមកនេះ ក្រុមចលនាឧទ្ទាមក្រៅច្បាប់ដែលដឹកនាំដោយទណ្ឌិត សម រង្ស៊ី មានការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងផ្តួលរំលំរបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ ដែលទង្វើទាំងនេះ គឺបង្ហាញឲ្យឃើញថា ពួកទាំងនោះប្រឆាំងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការបង្កើតចលនាសង្រ្គោះជាតិដើម្បីបង្កអសន្តិសុខ នៅផ្ទៃក្នុងប្រទេស។
លោកបន្ដថា ដូចជាការប៉ុនប៉ងធ្វើឃាតិថ្នាក់ដឹកនាំ ការគ្រោងបង្កើតតំបន់អនុប្បគមន៍នៅតាមព្រំដែន ការពង្រឹងខ្សែរយៈចាត់តាំងការជ្រើសរើស សកម្មជនតាមខេត្ត ការញុះញង់គៀងគរកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ ពលករ និងពល រដ្ឋការប្រើសង្រ្គាមចិត្តសាស្រ្ត ដើម្បីបំពុលព័ត៌មាន តាមសង្គមអ្វីជាដើមនោះ។
នាយឧត្តមសេនីយ៍ ខេង សុមេធ បានគូសបញ្ជាក់ថា ក្នុងនាម យើងជាកងកម្លាំងប្រដាប់អាវុធ ដែលជាអ្នកការពារប្រជាជន និងប្រទេសជាតិនោះ ត្រូវតែកំចាត់ ឲ្យបានចំពោះក្រុមក្បត់ជាតិទាំងនោះ។
នាយឧត្តមសេនីយ៍ បានសង្កត់ធ្ងន់ថា «ក្នុងនាមកងកម្លាំងប្រដាប់អាវុធ គឺត្រូវតែការពារឲ្យបានដាច់ខាតនូវសុខសន្តិភាព ជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ហើយត្រូវត្រៀមខ្លួន គ្រប់ពេលវេលា ដើម្បីស្តាប់បទបញ្ជារបស់ ថ្នាក់ដែលដាក់ជូន ខណៈក្រុមឧទ្ទាមក្រៅច្បាប់ព្យាយាមធ្វើសកម្មភាពណាមួយ ដែលនាំឲ្យប្រទេសជាតិមានភាពវឹកវរជាដើមនោះ»។
ជាមួយគ្នានោះ ឧត្តមសេនីយ៍ឯក អ៊ឹង ដារ៉េត ប្រធានអង្គភាពនគរបាលអន្តរាគមន៍ពិសេស បានថ្លែងថា អង្គភាពនគរបាលអន្តរាគមន៍បានត្រៀមខ្លួន និងសម្ភាររួចជាស្រេចសម្រាប់ បទបញ្ជារបស់ថ្នាក់ដែលបានប្រគល់ជូន ហើយត្រៀមខ្លួនជានិច្ចសម្រាប់ចាប់ជនក្បត់ជាតិ និងក្រុមឧទ្ទាមក្រៅច្បាប់ ដែលធ្វើព្យុះធ្វើភ្លៀងបំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍប្រទេសកំពុងមានសព្វថ្ងៃនេះ។
ខណៈនោះដែរ នាយឧត្តមសេនីយ៍ ខេង សុមេធ ក៏បានអំពាវនាវដល់នគរបាលទាំងអស់ ត្រូវតែថែរក្សាឲ្យបានខ្ចាប់ខ្ជួន នៅសម្ភារបរិក្ខារបស់ខ្លួន ដែលថ្នាក់លើប្រគល់ឲ្យ ហើយមិនត្រូវតែត្រៀមខ្លួនជានិច្ច សម្រាប់អន្តរាគមន៍ ខណៈដែលថ្នាក់ដឹកនាំបញ្ជានោះ៕