(កំពង់ឆ្នាំង)៖ តំណាងស្ថានទូតអឺរ៉ុបប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ បានចុះជួបសំណោះសំណាលជាមួយកីឡាការិនីទូកស្ត្រី ដែលមានឈ្មោះថា «ទូកព្រះពៃស្រពណ៍» ក្នុងវត្តព្រះពៃស្រពណ៍ ខេត្តកំពង់ឆ្នាំង និងនាំយកសម្ភារមួយចំនួន ដូចជា អាវយឺត មួក និងថវិកាមួយចំនួន ដើម្បីផ្គត់ផ្គង់ក្នុងអំឡុងពេលហាត់សម និងពេលចូលរួមប្រណាំងទូក ក្នុងព្រះរាជពីធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ នៅរាជធានីភ្នំពេញ ដែលនិងរៀបចំឡើងនៅថ្ងៃទី១០-១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ឆាប់ៗខាងមុខនេះ។
ការចូលរួមជួយឧបត្ថម្ភនេះ ជាការបង្ហាញឱ្យឃើញពីស្ថានទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានចូលរួមគាំទ្រពិធីបុណ្យប្រពៃណីខ្មែរ តាមរយៈការចូលរួមឧបត្ថម្ភសម្ភារដល់កីឡាករប្រណាំងទូកស្ត្រី នៅខេត្តកំពង់ឆ្នាំង ដើម្បីត្រៀមចូលរួមក្នុងការប្រកួតប្រណាំងទូក ក្នុងព្រះរាជពីធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។
លោកស្រី Camilla Lombard តំណាងស្ថានទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានឱ្យដឹងថា ក្នុងបេសកកម្មរបស់សហភាពអឺរ៉ុបនៅកម្ពុជា មិនត្រឹមតែមានទំនាក់ទំនងខាងការទូត និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មប៉ុណ្ណោះទេ តែស្ថានទូតក៏បានចូលរួមក្នុងការគាំទ្រប្រពៃណីរបស់កម្ពុជា ជាពិសេសនោះ គឺការលើកកម្ពស់ស្ត្រីកម្ពុជាឱ្យមានសមភាពយេនឌ័រ ព្រោះស្ត្រីគឺជាអ្នកសំខាន់ក្នុងការកសាងជាតិ។
លោក ហៃ មនោរម្យ អភិបាលស្រុកជលគីរី ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ជារៀងរាល់ឆ្នាំការចូលរួមប្រណាំងទូកនៅមាត់ទន្លេមុខវាំង មិនសូវមានកីឡាការិនីចូលរួមនោះទេ ដោយសារតែអ្នកចូលរួមទាមទារឱ្យមានភាពក្លាហាន ព្រោះកីឡាករ-កីឡាការិនី តម្រូវឱ្យចុះទឹកអុំ និងចែវទូក ហើយការងារនេះ គឺមាននារីតិចណាស់ដែលអាចធ្វើបាន។
លោកបន្តថា សម្រាប់ក្រុមកីឡាការិនី ទូកព្រះពៃស្រពណ៍ ដែលជាចំណុះទូកនារី កាលពីឆ្នាំមុនមិនមានគូរប្រកួតនោះទេ ដូច្នេះទូកនេះបានឈ្នះដោយស្វ័យប្រវត្តិ។ សម្រាប់ឆ្នាំនេះមិនដឹងមានគូរប្រកួតឬអត់នោះទេ តែយ៉ាងណាក្រុមកីឡាការិនី នៅតែព្យាយាមហ្វឹកហាត់សម នៅក្នុងមូលដ្ឋានជាប់ជានិច្ច ដើម្បីត្រៀមក្នុងការប្រកួតប្រជែង បើទោះបីជាមិនទាន់ដឹងមានទូកនារី ចូលរួមចុះឈ្មោះប្រកួតឬអត់ក៏ដោយ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានឱ្យដឹងថា ការឧបត្ថម្ភនៅឆ្នាំនេះគឺដើម្បីជំរុញបន្ថែមទៀត លើកិច្ចខិតខំប្រឹងប្រែង ដើម្បីគាំទ្រប្រពៃណីវប្បធម៌ ដ៏សំខាន់នេះរបស់ប្រទេសកម្ពុជា ដែលទាក់ទាញប្រជាជនរាប់លាននាក់មករាជធានីភ្នំពេញ ព្រមទាំងដើម្បីជួយលើកទឹកចិត្តនារីកម្ពុជា នៅមូលដ្ឋានពួកគាត់ជួយលើកកម្ពស់សមភាពយេនឌ័រ នៅក្នុងប្រទេសកម្ពុជាផងដែរ។ អាវយឺតដែលពួកគាត់ពាក់ក្នុងការចូលរួមព្រះរាជពិធីបុណ្យអុំទូកនេះ នឹងជួយជំរុញបុព្វហេតុសមភាពយេនឌ័រថែមទៀត ដោយបានសរសេរឃ្លាជាច្រើន ដែលជាសារពីសហភាពអឺរ៉ុបថា «និយាយថាទេ ចំពោះអំពើហិង្សាលើស្ត្រី» «សហភាពអឺរ៉ុប និងកម្ពុជា ដើម្បីភាពជាដៃគូ» «សហភាពអឺរ៉ុប និងកម្ពុជា ដើម្បីសមភាពយេនឌ័រ» «សហភាពអឺរ៉ុប និងកម្ពុជា ប្រឆាំងនឹងអំពើហិង្សាលើស្ត្រី» «សហភាពអឺរ៉ុប និងកម្ពុជា ដើម្បីកេរតំណែលវប្បធម៌»៕