(ស្វាយរៀង)៖ ដោយក្តីអាណិតអាសូរ ដល់លោកយាយ២នាក់បងប្អូន ដែលចាស់ជរាទៅហើយ ថែមទាំងនៅមើលថែចៅតូចៗ រហូតដល់៣នាក់ ខណៈម្តាយក្មេងតូចនេះ ចេញទៅស៊ីឈ្មួលលាងចានឲ្យគេ តាមហាងលក់បាយគុយទាវ នៅក្រុងស្វាយរៀង ល្ងាចបានវិលត្រលប់មកជួបមុខកូនវិញ។
នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ មានសប្បុរសជនដឹកនាំដោយលោក ស៊ុំ សារ៉ាន់ និងលោក ឃុន វាសនា និងភរិយា ព្រមទាំងលោកស្រី កុយ សុខេន និងក្រុមការងាររស់នៅក្រុងស្វាយរៀង ព្រមទាំងមានការចូលរួម លោកស្រី ក្រុមប្រឹក្សាសង្កាត់ស្វាយរៀង និងលោកស្រីមេភូមិរោងបន្លែ បាននាំយកអំណោយចែកជូន លោកយាយអ៊ូ ឡុង អាយុ៨៣ឆ្នាំ និងលោកយាយអ៊ូ សាម៉ុន អាយុ៨៧ឆ្នាំ ត្រូវជាបងប្អូនបង្កើត រស់នៅក្នុងភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ដែលកំពុងរស់នៅ ជួបការខ្វះខាត ថែមទាំងជរាទៅហើយនោះ នៅមើលថែចៅតូចៗ៣នាក់ថែមទៀត។
លោក ស៊ុំ សារ៉ាន់ តំណាំងសប្បុរសជន បានថ្លែងអំណរគុណសប្បុរសជន ដែលមានចិត្តអាណិតអាសូរ ដល់លោកយាយទាំង២នាក់ ជួបការខ្វះខាតនៅក្នុងជីវភាពប្រចាំថ្ងៃ ហើយសូមឲ្យលោកយាយ ត្រូវខិតខំថែរក្សាសុខភាព រស់នៅដោយហូបស្អាត ផឹកទឹកឆ្អិនល្អ និងសម្រាន្តនៅក្នុងមុងជានិច្ច ដើម្បីបង្ការជំងឺផ្សេងៗមកបៀតបៀន។
លោកបានបញ្ជាក់ថា លោកនិងខិតខំគៀងគរ សប្បុរសជនជិតឆ្ងាយ ដើម្បីចែកជូនដល់ពលរដ្ឋក្រីក្របន្ថែមទៀត ដោយកន្លងមករូបលោក និងក្រុមការងារ និងអាជ្ញាធរសង្កាត់ស្វាយរៀង ក៏ធ្លាប់បានចុះចែកអំណោយជាបន្តបន្ទាប់ផងដែរ ក្នុងការចែកជូនដល់ពលរដ្ឋក្រីក្រ ជាន់លិចដោយជំនាន់ទឹកភ្លៀង និងគ្រោះធម្មជាតិផ្សេងៗផងដែរ។
បើតាមលោកស្រីក្រុមប្រឹក្សា សង្កាត់ស្វាយរៀង បានថ្លែងថា លោកយាយទាំង២នាក់បងប្អូនបង្កើត ដែលមានវ័យជរានេះ អាជ្ញាធរតែងតែគិតគូរ និងធ្លាប់បាននាំអំណោយកាកបាទក្រហម មកចែកជូនដល់ពួកគាត់ផងដែរ ហើយក៏សូមអរគុណចំពោះសប្បុរសជន ដែលបានចូលរួមចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីផ្តល់ជាជំនួយសប្បុរសធម៌ ទាំងនេះ ជាកាយវិការដ៏ល្អប្រពៃណាស់ សម្រាប់អ្នកមានធនធានចែករំលែក អ្នកខ្សត់ខ្សោយក្រីក្រលំបាកពិតជាគំរូល្អ។
សូមបញ្ជាក់ថា លោកយាយទាំង២សព្វថ្ងៃ ត្រចៀកថ្លង់ស្តាប់មិនសូវលឺ រីឯផ្ទះរបស់គាត់ពេលភ្លៀងម្តងៗ លិចអស់ និងពិបាកក្នុងការមើលថែចៅតូចៗ រហូតដល់បីនាក់ទៀត៕