(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសាងសង់វិមានឈ្នះ-ឈ្នះ បានបញ្ចេញ ទស្សនៈពីការវាយតម្លៃខ្ពស់ចំពោះពាក្យថា «សន្តិភាព» ដែលកម្ពុជាកំពុងតែមាននាពេលបច្ចុប្បន្ននេះ ហើយម្នាក់ៗ ត្រូវរួមគ្នាការពារឲ្យបានដាច់ខាត សម្រាប់កូនចៅជំនាន់ក្រោយទៀត។
ក្នុងដំណើរចុះទៅទស្សនានៅភ្នំត្បែងក្នុងទឹកដីខេត្តព្រះវិហារ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានលើកឡើងថា «បើមានពេលនៅក្នុងជីវិតនេះ អ្នកអាចធ្វើការសិក្សាបែបនេះនៅតំបន់ផ្សេងៗទៀត ភូមិសាស្រ្តផ្សេងៗទៀតមួយជីវិត ក៏មិនអស់ទើបបានដឹងថា កើតជាកូនខ្មែរមានសំណាងយ៉ាងដូចម្តេច ហើយសំណាងកាន់តែមានទៀតនាពេល ដែលអ្នកកើតជាកូនខ្មែរក្នុងសម័យសន្តិភាព ក្នុងសម័យដែលបានបញ្ចប់សង្រ្គាមស៊ីវិល ហើយនេះ ហើយអាចនឹងត្រូវដាក់ចិត្ត ដាក់កាយការពារនូវសន្តិភាពនេះ ដល់កូនខ្មែរជំនាន់ក្រោយតរៀងទៅផង...»។
នៅក្នុងសំណេរលើបណ្តាញសង្គម Facebook របស់លោក, នាយឧត្តមសេនីយ៍ក្រសួងការពារជាតិរូបនេះ បានរៀបរាប់ថា សម្តេចពិជ័យសេនា តែងមានប្រសាសន៍ថា មកដល់ថ្មើនេះហើយ ការវាយតម្លៃ និងសន្និដ្ឋានពីបុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់ៗ មិនជាការពិបាកនោះទេ ព្រោះមានដាន មានស្នាមដែលគេតែងបានដើរមកដល់ទីនេះ ដូច្នេះអាចស្គាល់ អាចដឹងថា អ្នកណា ជាអ្នកណា និងបានធ្វើអ្វីខ្លះ។
សុភាសិតចិន បានពោលថា «អ្នកដែលបានដើរផ្លូវឆ្ងាយទើបអាចដឹងកម្លាំងពិត»។ ភាសាជាក់ស្ដែងក្នុងការងារបានបញ្ជាក់ថា «ការលត់ដំ ការឆ្លងកាត់ ការសាកល្បង បទពិសោធន៍ ការងារ និងការបំពេញភារកិច្ចទើបអាចធ្វើឱ្យមើលដឹងថា សមត្ថភាព និងគុណភាពរបស់បុគ្គលម្នាក់ៗយ៉ាងដូចម្តេច»។
នៅទីនេះ ជាក់ស្ដែងយើងអាចសាកល្បងថា យើងមានកម្លាំង និងការយល់ដឹងបែបណាសូមមិត្តភក្ដិទាំងឡាយសាកល្បងឡើងទៅលើភ្នំត្បែងដោយឆ្លងកាត់ តាមជណ្ដើរ ១៨០០កាំ ហើយបន្ទាប់មកបន្តដំណើរទៅវត្តដំបូកខ្មៅក្របៅជ្រុំ ហើយអាចសម្រាកបន្តិចសិក្សា ពីប្រវត្តិនៅទីនោះ គយគន់នូវទេសភាពទំាងឡាយ ស្រូបនូវអាកាសធាតុនៅលើភ្នំត្បែងដែលជាចំណុចចាប់ផ្ដើម មួយហើយធ្វើដំណើរទៅជើងឆ្ពោះទៅវត្តថ្ម៣ដុំ ដែលមានចម្ងាយជាង១០គីឡូម៉ែត្រ ដោយឆ្លងកាត់នូវទេសភាពព្រៃព្រឹក្សាទាំងឡាយ នៅលើកំពូលភ្នំត្បែងនេះតែម្តង។
ក្នុងដំណើរនោះពិតជាអាចគយគន់ឃើញបរិស្ថានធម្មជាតិខ្យល់អាកាសនៅលើខ្នងភ្នំដ៏អស្ចារ្យមួយរបស់កម្ពុជា។ នាពេលទៅដល់វត្តថ្ម៣ដុំ អាចធ្វើការស្រាវជ្រាវ ហើយក៏មានរូបចម្លាក់ខ្លះ និងអក្សរបុរាណខ្លះជាបាលី និងសំស្រ្កឹតដែលនៅ ទីនោះ រួចហើយក៏អាចធ្វើការទស្សនាវិហារចាស់ដែលមានដាក់ព្រះ៥០០០អង្គ រួចមើលនូវអ្វីដែលចង់បានចង់ឃើញសិក្សាអំពីធម្មជាតិ និងដើមឈើដែលមាននៅទីនោះ និងកម្ពស់មើលមកទេសភាពដ៏ត្រកាលខាងក្រោមបាន។ រួចហើយដើរត្រឡប់មកវិញតាមផ្លូវដដែល ឬផ្លូវមួយផ្សេងទៀតនៅក្បែរគ្នាដោយឆ្លងកាត់វត្តដំបូកខ្មៅ ក្រប៉ៅជ្រុំវិញ និងសម្រាកហើយមកដល់ជណ្ដើរ និងចុះចំនួន១៨០០កាំមកវិញ។
ពេលនោះយើងអាចសិក្សាឈ្វេងយល់អំពីកម្លាំងពិតរបស់ខ្លួន អំពីអ្វីដែលបានឃើញធម្មជាតិ ទស្សនីយភាពធម្មជាតិនៅលើខ្នង ភ្នំត្បែង ហើយក៏អាចស្រមៃឬក៏មានពេលនៅក្នុងដំណើរនោះ អាចចុះមុជទឹកធ្លាក់ទឹកជ្រោះដែល នៅលើខ្នងភ្នំត្បែងនោះដែលមានភាពត្រជាក់ និងមានធម្មជាតិដែលមិនអាចរកឃើញនូវកន្លែងផ្សេងទៀតបាន ព្រោះជាតំបន់ទឹកធ្លាក់នៅលើខ្នងភ្នំត្បែងនោះតែម្តង។ រួចហើយអាចចាប់ផ្ដើមសរសេរអំពីអ្វីដែលអ្នកបានធ្វើ បានដឹងបានយល់នូវអារម្មណ៍និងកម្លាំងជាក់ស្ដែងដែលយើងមាន។
ជាមួយនោះបើសិនជាមានការសាកល្បងជាថ្មីទៀត អ្នកអាចធ្វើដំណើរសិក្សាបែបនេះទៅនៅក្នុងរដូវខុសគ្នាគឺក្នុងរដូវប្រាំង និងរដូវវស្សា និងរដូវរំហើយបនោះទើបដឹងកាន់តែច្បាស់នូវអារម្មណ៍ខុសៗ គ្នា និងធម្មជាតិខុសៗគ្នា ហើយអាចស្រមៃថា នៅទីនោះភូមិសាស្រ្តនោះដដែលក្នុងសម័យកាលខុសគ្នាថា តើក្នុងពេលសង្រ្គាមប្រយុទ្ធគ្នា នៅទីនោះមានស្ថានភាពយ៉ាងដូចម្តេច? ហើយក្នុងពេលសន្តិភាពបែបនេះ ផាសុខភាពបែបនេះ តើមានអារម្មណ៍យ៉ាងដូចម្តេច? នោះយើងអាចដឹងថាយើងជាកូនខ្មែរ យើងមានអារម្មណ៍យ៉ាងដូចម្តេចចំពោះសន្តិភាព និងចំពោះធម្មជាតិ និងភាពស្ដុកស្ដម្ភ និងសម្បត្តិទាំងឡាយដែលមាននៅលើទឹកដីកម្ពុជា រួមទាំងប្រវត្តិផ្សេងៗដែលទាក់ទងនឹងតំបន់នោះផង។
យើងអាចយល់នូវគុណតម្លៃនយោបាយឈ្នះឈ្នះ កាន់តែខ្លាំងនិងច្បាស់លាស់។ អ្វីដែលសំខាន់នោះគឺ ថ្ម៣ដុំ នៅទីនោះដែលមានបារមី និងសក្តិសិទ្ធក៏ជានិមិត្តរូបនៃធាតុធានា៣យ៉ាង នៃនយោបាយឈ្នះឈ្នះផងដែរ។ បើមានពេលនៅក្នុងជីវិតនេះ អ្នកអាចធ្វើការសិក្សាបែបនេះ នៅតំបន់ផ្សេងៗទៀត ភូមិសាស្រ្តផ្សេងៗទៀត មួយជីវិតក៏មិនអស់ទើបបានដឹងថា កើតជាកូនខ្មែរមាន សំណាង យ៉ាងដូចម្តេច ហើយសំណាងកាន់តែមានទៀតនាពេលដែលអ្នកកើតជាកូនខ្មែរក្នុងសម័យសន្តិភាព ក្នុងសម័យដែលបានបញ្ចប់សង្រ្គាមស៊ីវិលហើយនេះ ហើយអាចនឹងត្រូវដាក់ចិត្ត ដាក់កាយការពារនូវសន្តិភាពនេះ ដល់កូនខ្មែរជំនាន់ក្រោយតរៀងទៅផង...៕