(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់ក្រសួងធនធានទឹក និងឧតុនិយម បានព្រមានពីឥទ្ធិពលរបស់កូនព្យុះទី២២ នៅក្នុងឆ្នាំ២០១៩នេះ មានឈ្មោះថា «ម៉ាត់ម៉ូ» (Matmo) ដែលបានក្លាយជាវិសម្ពាធអូសកាត់ ប្រទេសកម្ពុជា ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដែលនាំឲ្យមានភ្លៀងធ្លាក់ច្រើន ក្នុងក្របខ័ណ្ឌទូទាំងប្រទេស លាយឡំនឹងបាតុភូតផ្គររន្ទះផងដែរ។
ឆ្លើយតបជាមួយសំណួររបស់បណ្តាញព័ត៌មាន Fresh News នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក លោក ចាន់ យុត្ថា បានបញ្ជាក់ថា «ខ្ញុំសូមជម្រាបជូននៅវេលាម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែតុលា វិសម្ពាធមួយដែលស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង បានវិវត្តខ្លួនទៅជាកូនព្យុះ (Tropical Storms) ឈ្មោះ Matmo និងកំពុងស្ថិតនៅក្បែរឆ្នេរប្រទេសវៀតណាមភាគកណ្ដាល។ នេះជាព្យុះទី២២ ប្រចាំឆ្នាំ២០១៩។ យោងតាមការព្យាករ នៅវេលាយប់ថ្ងៃទី៣០ ខែតុលានេះ ព្យុះឈ្មោះ ម៉ាត់ម៉ូ នឹងធ្វើដំណើរទៅដល់ ឆ្នេរប្រទេសវៀតណាម។ បន្ទាប់ពីធ្វើដំណើរឆ្លងកាត់ប្រទេសវៀតណាម ព្យុះនេះបានថយឥទ្ធិពលមកជាវិសម្ពាធ (Tropical Depression) ហើយបន្តដំណើរកាត់លើប្រទេសកម្ពុជា»។
អ្នកនាំពាក្យរូបនេះ បានពន្យល់ទៀតថា ដោយសារតែវាធ្វើដំណើរឆ្លងកាត់ប្រទេសរបស់យើងក្នុងកម្រិតជាវិសម្ពាធនាថ្ងៃទី៣១ ខែតុលា និងថ្ងៃទី១ ខែវិច្ឆិកា ដូចនេះឥទ្ធិពលរបស់វានឹងបង្កឲ្យផ្ទៃមេឃ មានសភាពអាប់អ៊ួខ្លាំង ខ្យល់របស់មានល្បឿនពី ១៥-២០ម៉ែត្រ ក្នុងមួយវិនាទី មានភ្លៀងធ្លាក់ច្រើនក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស (រហូតដល់ថ្ងៃទី៣ ខែវិច្ឆិកា) ពិសេសតំបន់ខ្ពង់រាបភាគឦសាន ខ្ពង់រាបភាគខាងជើង។
ដោយសារតែមានឥទ្ធិពលបែបនេះនឹងកើតមានឡើង លោក ចាន់ យុត្ថា បានអំពាវនាវយ៉ាងដូច្នេះថា «ដូចខ្ញុំបានជម្រាបជូនខាងលើ ឥទ្ធិពលរបស់កូនព្យុះម៉ាត់ម៉ូ ដែលថយឥទ្ធិពលមកជាវិសម្ពាធ ពេលធ្វើដំណើរឆ្លងកាត់ប្រទេសកម្ពុជា នឹងបង្កឲ្យមានភ្លៀងធ្លាក់ច្រើន មានខ្យល់បក់បោកខ្លាំង លាយឡំជាមួយនឹងបាតុភូតផ្គររន្ទះ។ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋ ពិសេស វីរកងទ័ពដែលកំពុងឈរ ជើងតាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម កម្ពុជា-ឡាវ និងកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ព្រះវិហារ ឧត្តរមានជ័យ សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ខ្ពស់ចំពោះបាតុភូតធម្មជាតិនេះ»៕