(សៀមរាប)៖ ក្នុងពេលអញ្ជើញចូលរួមកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃសមាគមតុលាការធម្មនុញ្ញហ្វ្រង់កូហ្វូន ដែលរៀបចំឡើងនៅក្នុងប្រទេសកម្ពុជា ថ្នាក់ដឹកនាំនៃតុលាការធម្មនុញ្ញមកពីបណ្តាប្រទេសសមាជិកសមាគមតុលាការធម្មនុញ្ញហ្វ្រង់កូហ្វូន បានថ្លែងកោតសរសើរពីការរីកចម្រើនរបស់កម្ពុជា ក្នុងរយៈពេលប្រមាណ ២០ឆ្នាំចុងក្រោយនេះ។
បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំនៅថ្ងៃអង្គារ ទី២៩ ខែតុលា ឆ្នាំ២០១៩ម្សិលមិញ លោក អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូសមាជិកសមាគមតុលាការធម្មនុញ្ញហ្វ្រង់កូហ្វូន (ACCF) ដែលសុទ្ធសឹងជាបណ្ដាប្រទេសស្ថិតនៅទ្វីបអឺរ៉ុប និងបណ្ដាប្រទេសនិយាយភាសាបារាំង ធ្វើទស្សនកិច្ចសិក្សានៅតាមប្រាសាទបុរាណនានានៅលើទឹកដីនៃខេត្តសៀមរាប។
គណៈប្រតិភូនៃបណ្ដាប្រទេសអឺរ៉ុប និងប្រទេសដែលនិយាយភាសាបារាំងទាំងនោះ បានធ្វើការកត់សម្គាល់ថា តាមអត្ថន័យនៃរូបចម្លាក់ រចនាបទ សំណង់ និងស្ថាបត្យកម្មនៃប្រាសាទនីមួយៗ ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសមានវប្បធម៌ និងអរិយធម៌រុងរឿង និងជឿនលឿនតាំងពីសម័យបុរាណមកម៉្លេះ។
គណៈប្រតិភូ ក៏បានថ្លែងកោតសសើរថា បើប្រៀបធៀបនឹងរយៈពេល២០ឆ្នាំមុន កម្ពុជាបច្ចុប្បន្ន ពិតជាមានការអភិវឌ្ឍ និងរីកចម្រើនជឿនលឿនគ្រប់វិស័យ។ ជាពិសេសវិស័យទេសចរណ៍ និងការវិនិយោគបរទេសលើសណ្ឋាគារ និងភោជនីយដ្ឋាន។ ប្រជាពលរដ្ឋមានជីវភាពល្អប្រសើរ រូសរាយរាក់ទាក់ក្រកបដោយស្នាមញញឹម អាកប្បកិរិយាថ្លៃថ្នូរ ស័ក្តិសមជាកុលបុត្រខ្មែរដែលបន្តពូជពង្សពីអ្នកកសាងប្រាសាទអង្គវត្ តដែលជាអច្ឆរិយ និងជា បេតិកភ័ណ្ឌរបស់មនុស្សជាតិទូទៅលើសាកលលោក។
សូមបញ្ជាក់ថា ក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានគណៈអចិន្ត្រៃយ៍នៃសមាគមតុលាការធម្មនុញ្ញហ្វ្រង់កូហ្វូន ស្នើសុំឱ្យទទួលរៀបចំកិច្ចប្រជុំជាលើកទី១ ក្នុងនាមជាសមាជិកគណៈអចិន្ត្រៃយ៍ នៃសមាគមតុលាការធម្មនុញ្ញហ្វ្រង់កូហ្វូន (ACCF)។
កិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃសមាគមតុលាការធម្មនុញ្ញហ្វ្រង់កូហ្វូន បានប្រព្រឹត្តិទៅកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩។ ទាំងកម្មវិធីប្រជុំ និងដំណើរទស្សនកិច្ចនឹងត្រូវបញ្ចប់នៅល្ងាចថ្ងៃទី២៩ ខែតុលា បន្ទាប់ពីពិធីជប់លៀងរាត្រីស្រមោលសនៅប្រាសាទក្រវាន់ តាមកម្មវិធីដែលបានគ្រោងទុក៕