(ភ្នំពេញ)៖ សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅក្រោមមូលបទ «ជំរុញភាពជាដៃគូសម្រាប់ចីរភាព» នៅទីក្រុងបាងកក ពីថ្ងៃទី០២ ដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩។
វត្តមានរបស់សម្តេចនៅទីក្រុងបាងកកលើកនេះ ធ្វើឡើងតាមការអញ្ជើញរបស់ លោក ប្រាយុទ្ឋ ច័ន្ទអូចា (Prayut Chan–o-cha) នាយករដ្ឋមន្រ្តីថៃ។ នៅក្នុងឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល ដូចខាងក្រោម៖
* កិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៥
* កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២២
* កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៦
* កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ លើកទី១០
* កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២២
* កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី៧
* កិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៤
* កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២២ និង
* កិច្ចប្រជុំកំពូលភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ លើកទី៣។
អញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី រួមមាន ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម លោកបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីអប់រំ យុវជន និងកីឡា ព្រមទាំងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ។
ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា៖ ស្របពេលកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥នេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏នឹងអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំ និងកម្មវិធីមួយចំនួនផ្សេងទៀត ដូចខាងក្រោម ៖
* ជំនួបរវាងប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ានបូកបី និងក្រុមប្រឹក្សាពាណិជ្ជកម្មអាស៊ីបូព៌ា
* អាហារថ្ងៃត្រង់ពិសេស ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព និង
* កិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី១១ (អាហារការងារពេលល្ងាច)។
* ក្នុងអំឡុងពេលស្នាក់នៅទីក្រុងបាងកក សម្តេចតេជោនាយករដ្ឋមន្រ្តី គ្រោងនឹងមានជំនួបទ្វេភាគី
ជាមួយថ្នាក់ដឹកនាំ និងឥស្សរជនមកពីប្រទេសជាសមាជិកអាស៊ាន និងប្រទេសដៃគូសន្ទនាអាស៊ាន ផងដែរ។ សម្តេចតេជោ នឹងអញ្ជើញចូលរួមកម្មវិធីអាហារការងារពេលព្រឹកជាមួយឯកឧត្តម ង្វៀន សួនហ៊ុក នាយករដ្ឋមន្រ្តី វៀតណាម និងឯកឧត្តម ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវ។
ក្នុងការត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ លោកឧប នាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ាន លើកទី២០ កិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី២៤ និងពិធីចុះហត្ថលេខាលើលិខិតុបករណ៍នៃការចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC) ដោយប្រទេសអាល្លឺម៉ង់ និងប្រទេសបារ៉ែន ដែលនឹងប្រព្រឹត្តទៅនៅមុនកិច្ចប្រជុំកំពូលអាស៊ាន៕
ខាងក្រោមនេះជាសេចក្តីប្រកាស របស់ក្រសួងការបរទេស៖