(កំពង់ស្ពឺ)៖ តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ ម្សិលមិញនេះ បានសម្រេចចោទប្រកាន់មនុស្សចំនួន១១នាក់ថែមទៀត ដែលមានការពាក់ព័ន្ធនឹង ផែនការរដ្ឋប្រហាររបស់ទណ្ឌិត សម រង្ស៉ី ក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដែលកើតចេញពីការបោះឆ្នោត។ នេះបើតាមអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ។

ជន១១នាក់នោះរួមមានឈ្មោះ អ៊ុំ វីរៈរដ្ឋ, ឈ្មោះ ឯក បេន, ឈ្មោះ គុណ ម៉ាច, ឈ្មោះ ជុំ សោភ័ណ្ឌ, ឈ្មោះ ហុង ផេង, ឈ្មោះ ទៀង សៀន, ឈ្មោះ ឌុច នូសេរី, ឈ្មោះ ឈឹម ម៉ារឌី, ឈ្មោះ ហែម ចន្ទី, ឈ្មោះ គឹប តុលា, ឈ្មោះ ឈួន ចន្ទី ព្រមទាំងគូកន ដែលត្រូវតុលាការចោទពីបទរួមគំនិតក្បត់ ដោយយោងតាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដែលអាចមានទោសពី ០៥(ប្រាំ)ឆ្នាំ ទៅ១០(ដប់)ឆ្នាំ។

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ការចោទប្រកាន់ខាងលើ គឺពាក់ព័ន្ធនឹងសកម្មភាពរបស់ពួកគេ សរសេរនូវជំហរច្បាស់លាស់តាមគណនីបណ្តាញសង្គមហ្វេសបុក (Facebook) និងក្នុងក្រុមទំនាក់ទំនងបណ្តាញសង្គមហ្វេសបុក (Messenger Group) «កំពង់ស្ពឺប្រជាធិបតេយ្យ» ដែលមានខ្លឹមសារ វាយប្រហាររាជរដ្ឋាភិបាល បំផុសបំផុល ញុះញង់ ឃោសនា កៀរគរ ឱ្យមហាជនចូលរួមក្នុងផែនការផ្តួលរំលំរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្រោមឧបាយកលជា «ផែនការនៃការវិលត្រឡប់មកកម្ពុជាវិញរបស់ទណ្ឌិត សម រង្ស៉ី»។

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា អ្នកពាក់ព័ន្ធនឹងការគាំទ្រ ឬចូលរួមអនុវត្តផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្តួលរំលំរាជរដ្ឋាភិបាល នឹងត្រូវប្រឈមនឹងការចោទប្រកាន់បញ្ជូនទៅតុលាការកាត់ទោសតាមច្បាប់ពី បទ«រួមគំនិតក្បត់» ដែលអាចជាប់ទោសពី ០៥(ប្រាំ)ឆ្នាំ ទៅ១០(ដប់)ឆ្នាំ តាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ លើកលែងតែអ្នកពាក់ព័ន្ធនោះ ចូលមកសារភាពទាន់ពេលវេលា ដែលអាចនឹងត្រូវលើកលែងទោសតាមបញ្ញត្តិពិសេសនៃមាត្រា ៤៥៤ នៃក្រមព្រហ្មទណ្ឌ៕