(សៀមរាប)៖ ប្រធានាធិបតីហុងគ្រី លោក យ៉ាណូស អាឌ័រ (János Áder) និងភរិយា បានបន្តអញ្ជើញបំពេញទស្សនកិច្ចប្រាង្គប្រាសាទបុរាណខ្មែរ នៅទឹកដីអង្គរដ៏ពិសិទ្ធិ នៃខេត្តសៀមរាប ចំនួនពីរថ្ងៃ គឺពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ដើម្បីទស្សនាប្រាសាទបុរាណខ្មែរ និងស្វែងយល់ពីប្រវត្តិសាស្ត្រ អារ្យធម៌ និងភាពដ៏អស្ចារ្យនៃសំណង់ប្រាសាទបុរាណខ្មែរ។
ការអញ្ជើញទស្សនាប្រាង្គប្រាសាទបុរាណខ្មែរនេះធ្វើឡើង ក្នុងឱកាសលោកប្រធានាធិបតី និងភរិយា អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។
នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ លោកប្រធានាធិបតីហុងគ្រី និងភរិយា បានអញ្ជើញទៅទស្សនាប្រាសាទភិមានអាកាស ប្រាសាទព្រះខ័ន ប្រាសាទបាយ័ន និងប្រាសាទអង្គរវត្ត ។
នាព្រឹកព្រលឹមម៉ោង៥ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ លោកប្រធាននាធិបតី និងភរិយា ព្រមទាំងប្រតិភូទាំងអស់បានបន្តទៅទស្សនាថ្ងៃរះនៅប្រាសាទអង្គរវត្ត ដោយក្រោកតាំងពីម៉ោង៥ទៀបភ្លឺ។
តាមរយៈការទស្សនាលោកប្រធាននាធិបតី និងភរិយា បានចាប់អារម្មណ៏យ៉ាងខ្លាំងពីស្ថាបត្យកម្មស្នាដៃដ៏មហាអស្ចារ្យនៃប្រាសាទអង្គរវត្ត លោកប្រធាននាធិបតី និងភរិយា បានមើលឃើញភ្ញៀវទេសចរមកពីគ្រប់ជាតិសាសន៍មកទស្សនាខេត្តសៀមរាប ពិសេសបានជួបបភ្ញៀវទេសចរជនជាតិហុងគ្រីជាច្រើននាក់ និងភ្ញៀវទេសចរផ្សេងៗទៀតដែលបានមកទស្សនាថ្ងៃរះនាព្រឹកព្រលឹមនេះផងដែរ៕