(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានក្តីក្តុកក្តួលខ្សឹកខ្សួលរំជួលចិត្តជាខ្លាំង ក្រោយពីទទួលបានដំណឹងនៃការទទួលព្រះអនិច្ចធម្មរបស់សម្តេចព្រះធម្មលិខិតកិត្តិបណ្ឌិត លាស់ ឡាយ សម្តេចព្រះសង្ឃនាយករងទី១ និងជាព្រះចៅអធិការវត្តសន្សំកុល នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩នេះ ដោយព្រះជរាពាធ ក្នុងព្រះជន្ម ១០៦ព្រះវស្សា។
តាមរយៈលិខិតទូលថ្វាយសម្តេចព្រះសង្ឃរាជ ទេព វង្ស នៅយប់ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «ទូលព្រះបង្គំខ្ញុំព្រះករុណា និងភរិយាមានក្តីសង្វេគ សោកស្តាយ ស្រណោះ អាឡោះអាល័យស្ទើររកទីបំផុតគ្មាន ព្រោះថា ការទទួលព្រះអនិច្ចធម្មរបស់សម្តេចព្រះធម្មលិខិត លាស់ ឡាយ គឺជាការបាត់បង់សមាណសង្ឃជាពហុស្សូតដ៏ឆ្នើមបំផុតក្នុងការលើកស្ទួយតម្លៃព្រះពុទ្ធសាសនា និងជាព្រះកវីនិពន្ធពោរពេញដោយព្រះពុទ្ធិជ្រៅជ្រះ»។
សម្តេចតេជោ បានបន្ថែមថា សម្តេចព្រះធម្មលិខិត លាស់ ឡាយ បានបន្សល់នូវស្នាព្រះហស្ថច្រើនឥតគណនាក្នុងវិស័យពុទ្ធចក្រ អាណាចក្រ និងរួមចំណែកព្រះបរិច្ចាគ ទ្រទ្រង់ចលនាមនុស្សធម៌កាកបាទក្រហមកម្ពុជាដោយព្រះសទ្ធាជ្រះថ្លាបរិសុទ្ធទៀតផង។
សូមបញ្ជាក់ថា នៅល្ងាចថ្ងៃនេះ បន្ទាប់ពីទទួលដំណឹងនៃការទទួលព្រះអនិច្ចធម្មរបស់សម្តេចព្រះធម្មលិខិត លាស់ ឡាយ ភ្លាម សម្តេចតេជោ ហ៊ុន សែន បានធ្វើដំណើរទៅដល់វត្តសន្សំកុសលភ្លាមៗផងដែរ ដើម្បីក្រាបថ្វាយបង្គំ និងគោរពវិញ្ញាណក្ខន្ធរបស់ព្រះអង្គ៕