(ភ្នំពេញ)៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការមួយ ក្រោយផ្ដួចផ្ដើមគំនិតបង្កើត «គណៈកម្មាធិការកម្ពុជា វាយតម្លៃសេរីភាពសារព័ត៌មាន» ហៅកាត់ថា «ស៊ីម៉ា» ដើម្បីជាយន្ដការថ្មីមួយ ដើរតួនាទីសរសេររបាយការណ៍ វាយតម្លៃអំពីស្ថានភាព និងលំហរសេរីភាពសារព័ត៌មាន នៅក្នុងប្រទេសកម្ពុជា។
គណៈកម្មាធិការកម្ពុជា វាយតម្លៃសេរីភាពសារព័ត៌មាន ផ្តើមចេញពីលទ្ធផលសមាជលើកទី២ របស់ស.ស.ស.ក នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩។
នេះគឺជាលើកដំបូង ក្នុងប្រវត្តិសាស្រ្តវិស័យសារព័ត៌មាននៅប្រទេសកម្ពុជា ដែលរៀបចំយន្តការវាយតម្លៃខ្លួនឯង ឆ្លុះបញ្ចាំងពីខ្លួនឯង ហ៊ានទទួលស្គាល់ការពិត ដើម្បីកែលម្អ ក៏ដូចជាស្នើសុំផ្នែកពាក់ព័ន្ធឲ្យចូលរួមកែលម្អរទាំងអស់គ្នា ដើម្បីធ្វើឲ្យគុណភាពសារព័ត៌មានកាន់តែប្រសើរឡើង ដើម្បីធ្វើឲ្យលំហរសេរីភាព នៅប្រទេសកម្ពុជាកាន់តែទូលំទូលាយ ធ្វើឲ្យសារព័ត៌មានមានតួនាទីកាន់តែសំខាន់ នៅក្នុងដំណើរការប្រជាធិបតេយ្យ និងរួមចំណែក អភិវឌ្ឍន៍សង្គមជាតិមួយ មានវិបុលភាព សុខដុមរមនា និងចីរភាព។
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានចាត់ទុកថា យើងជាអ្នកសារព័ត៌មាន និងជាពលរដ្ឋរបស់ប្រជាជាតិមួយ យើងមិនគួរនៅស្ងៀមបន្តស្តាប់ និងអានតែរបាយការណ៍របស់ភ្នាក់ងារបរទេសវាយតម្លៃពីខាងក្រៅ អំពីគុណតម្លៃសារព័ត៌មាននៅកម្ពុជានោះឡើយ។ យើងត្រូវតែឈរលើការពិត ឆ្លុះបញ្ចាំងចេញពីខ្លួនយើងជាមុន ដើម្បីយកជាមូលដ្ឋានប្រៀបធៀប ជាមួយនឹងរបាយការណ៍បរទេស ដើម្បីរកឲ្យឃើញនូវសុច្ចរិតភាពនៃរបាយការណ៍នីមួយៗ ហើយយកមកកែលម្អ។ យើងទទួលស្គាល់ថា៖ តួនាទីសារព័ត៌មាន ដែលមានគុណភាព សេរី និងប្រកបដោយវិជ្ជាជីវៈ គឺមានគុណតម្លៃរួមចំណែកជួយដល់សង្គមមួយមានអភិបាលកិច្ចល្អ និងធ្វើឲ្យលំហរប្រជាធិបតេយ្យកាន់តែទូលំទូលាយ។
គួរជម្រាបថា សមាជិកភាពរបស់ ស៊ីម៉ា រួមមាន៖ សហភាពសហព័ន្ធសារព័ត៌មាន, ក្លឹបសារព័ត៌មាន, សម្ព័ន្ធសារព័ត៌មាន, សហជីពសារព័ត៌មាន, សមាគមសារព័ត៌មាន, ប្រធានអង្គភាពសារព័ត៌មាន និពន្ធនាយក គ្រូបង្រៀនសារព័ត៌មាន ព្រឹទ្ធាចារ្យសារព័ត៌មាន និងនីតិបុគ្គលជាអ្នកសារព័ត៌មាន អាចស្ម័គ្រចិត្តចូលរួមជាសមាជិកក្នុង គណៈកម្មាធិការកម្ពុជា វាយតម្លៃសេរីភាពសារព័ត៌មាន ក្រោមទម្រង់នៃការចុះអនុស្សារណៈយោគយល់គ្នារួមមួយ ដើម្បីចងជាសម្ព័ន្ធភាព ហើយចាប់ផ្តើមបំពេញការងារ៕