(ភ្នំពេញ)៖ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន នៅថ្ងៃនេះបានផ្ញើសារអបអរសាទរ និងថ្វាយព្រះពរថ្វាយព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ក្នុងឱកាសប្រារព្ធខួប១៥ឆ្នាំ នៃការយាងឡើងគ្រងរាជសម្បត្តិរបស់ព្រះអង្គ។

យោងតាមស្ថានទូតចិនប្រចាំនៅកម្ពុជា បានឱ្យដឹងថា នៅក្នុងសារថ្វាយព្រះពរ និងអបអរសាទរនោះ លោកប្រធានាធិបតីចិន បានលើកឡើងថា ចាប់តាំងពីឡើងគ្រងរាជសម្បត្តិ ព្រះមហាក្សត្រខ្មែរបានលះបង់ព្រះកាយពលយ៉ាងធំធេងក្នុងព្រះរាជកិច្ចបង្រួបបង្រួមជាតិ និងជំរុញដល់ការអភិវឌ្ឍនៃប្រទេសជាតិ។

លោកប្រធានាធិបតីចិន បានគូសរំលេចថា តាមព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គ ទទួលបានការគោរព និងស្រឡាញ់យ៉ាងកក់ក្តៅពីប្រជានុរាស្រ្តខ្មែរ។

លោក ស៊ី ជិនពីង ក៏បានឆ្លៀតលើកបង្ហាញនូវទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជា និងចិនផងដែរនៅក្នុងសារថ្វាយព្រះពររបស់លោក។ លោកបានលើកឡើងថា ក្នុងរយៈពេលជាង៦០ឆ្នាំនៃទំនាក់ទំនងការទូតរវាងចិន និងកម្ពុជា ប្រជាជននៃប្រទេសទាំងពីរ បានរួមសុខរួមទុក្ខ ការពារ និងជួយគ្នាទៅវិញទៅមក ដែលបង្កើតបានជាមិត្តភាពដ៏ជ្រាលជ្រៅ។

លោកប្រធានាធិបតីចិន បានយកឱកាសនេះបង្ហាញការតាំងចិត្តថា នឹងចូលរួមខិតខំជាមួយព្រះមហាក្សត្រខ្មែរ បន្តរក្សាមិត្តភាពប្រពៃណីរវាងចិន និងកម្ពុជា បង្កើនកម្រិតកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្ត ដែលជំរុញដល់ការកសាងសហគមន៍ជោគវាសនារួមរវាងចិន និងកម្ពុជា ដើម្បីទទួលបានសមិទ្ធផលថ្មីៗឥតឈប់ឈរ និងចូលរួមផ្តល់អត្ថប្រយោជន៍ជូនដល់ប្រទេស និងប្រជាជនទាំងពីរ។

សូមបញ្ជាក់ថា ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩នេះ គឺជាខួប១៥ឆ្នាំនៃការយាងឡើងគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់បំផុត។ នៅក្នុងវរោកាសដ៏ឧត្តុង្គឧត្តមប្រសើថ្លៃថ្លានេះ មន្ត្រីរាជការ សិស្សនិស្សិត បុគ្គលិក និយោជិត កម្មករ បម្រើការងារតាមស្ថាប័ននានាត្រូវបានអនុញ្ញាតឱ្យឈប់សម្រាក។

ថ្នាក់ដឹកនាំកំពូលៗនៃស្ថាប័នជាតិរួមមាន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំក្រសួង ស្ថាប័នដទៃទៀត បានថ្វាយព្រះពរអង្គព្រះមហាក្សត្រខ្មែរយ៉ាងមហោឡារិក៕